website_news:2019200301

សម្តេចតេជោ ដាក់ចេញអនុសាសន៍ សំខាន់ៗ១០ចំណុច ដើម្បីជំរុញ ការអនុវត្តការងារ ឲ្យមានប្រសិទ្ធភាព

https://www.dap-news.com/ ByID:112 Posted on 20 March 2019 | 11:30

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីប្រមាណ១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញនូវអនុសាសន៍ សំខាន់ៗ១០ចំណុច ដើម្បីជំរុញការអនុវត្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់ ។

អនុសាសន៍សំខាន់ៗទាំង១០ចំណុចនោះរួមមាន៖

១- ត្រូវអនុវត្តបើកប្រាក់ខែ អប្បបរិមាដល់កម្មករក្នុងឆ្នាំ២០១៩ គឺ១៨២ ដុល្លារ បើក្រុមហ៊ុនផ្តល់ជូនកម្មករលើសនេះ គឺរិតតែល្អប្រសើរ និងបើកប្រាក់ខែ២ដង ក្នុងមួយខែ។

២- ត្រូវអនុវត្តការចុះពិនិត្យ នៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាលកម្មករ-កម្មការិនីរោងចក្រ រួមទាំងកីឡាករ-កីឡាការិនី ក្រុមប្រឹក្សាភូមិ-ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើឲ្យបានម៉ត់ចត់។

៣- ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃ ពោះសំរាលកូន នឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈ ពេល៣ខែ ហើយទទួលបានប្រាក់ខែ១២០% (៥០% ដោយក្រុមហ៊ុន និង៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវ តាមដានការងារឲ្យបានដិតដល់ ចំពោះការអនុវត្តសកម្មភាពនេះ ។

៤- ត្រូវអនុវត្តចំពោះកម្មការិនី សម្រាលបានកូន (១) ទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ

(២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន (៣) គឺទទួលបានថវិកា១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ ។ នៅពេលខាងមុខនេះ ចំពោះកម្មការិនីក្រីក្របំផុតនោះ គឺនឹងទទួលបានប្រាក់ឧបត្ថម្ភប្រមាណ៧៦០,០០០៛ (១៩០ដុល្លារ)។

៥- អនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ កម្មករ-កម្មការិនី មិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។

៦- អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គត្រូវខិតខំបន្ត តទឹក តភ្លើងដល់ផ្ទះរបស់កម្មករ។

៧- អនុវត្តប្រាក់សោធននិវត្តន៍ចាប់ពីឆ្នាំ២០១៩ កម្មករនឹងទទួលបានប្រាក់ចូលនិវត្តន៍(ប្រាក់រឺត្រែត)ហើយ។

៨- អនុវត្តចូលរួមបន្តយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាផ្សេងៗដែលពលករទៅក្រៅប្រទេស ជួយសម្រួលបែបបទលិខិតបទដ្ឋានផ្លូវច្បាប់នានា និងដើម្បីទទួលបាននូវលក្ខខណ្ឌការងារល្អប្រសើរ។

៩- ក្រសួងការងារ ត្រូវចុះអនុវត្តតាមដានភ្លាមៗ ឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈមនានាចំពោះកម្មករនៅពេលដែលម្ចាស់រោងចក្ររត់ចោល។

១០- ត្រូវបន្តដោះស្រាយជួយពលករដែលកំពុងធ្វើការនៅក្រៅប្រទេសធ្វើយ៉ាងណាឲ្យកម្មករធ្វើការបានស្របច្បាប់៕ ដោយ៖ នឿត សម្ផស្ស

website_news/2019200301.txt · Last modified: 2019/03/26 11:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki