website_news:2019200804

សាច់ញាតិពលករខ្មែរជាប់ឃុំនៅថៃទទូចដល់អាជ្ញាធរឱ្យជួយធ្វើអន្តរាគមន៍ទៅភាគីថៃដោះលែងកូនៗ របស់ពួកគាត់វិញ

https://www.rfa.org/khmer/news/ ដោយ ទីន ហ្សាការីយ៉ា 2019-08-19

ឪពុកជនរងគ្រោះនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ លោក គង់ សុផាត ប្រាប់អាស៊ីសេរី នៅថ្ងៃទី១៨ សីហាថា កូនរបស់លោក២នាក់ និងអ្នកជិតខាងនៅស្រុកម៉ាឡៃ ៣នាក់ទៀត ជាប់គុកនៅស្រុកអារញ្ញ ខេត្តស្រះកែវ (Srakaeo) ប្រមាណ ៤ខែហើយ។ លោកបន្តថា ពួកគាត់ប្រមាណ ៣០នាក់ជាអាណាព្យាបាលត្រៀមឆ្លងដែលទៅស្រុកអារញ្ញ ដើម្បីទៅសួរសុខទុក្ខកូនដល់ទីកន្លែង នៅថ្ងៃទី១៨ សីហា ប៉ុន្តែបានអាក់ខានវិញ បន្ទាប់ពីកូនទូរស័ព្ទពីពន្ធនាគារប្រទេសថៃមកថា អាជ្ញាធរខេត្តបន្ទាយមានជ័យគ្រោងទៅសួរសុខទុក្ខពួកគេនៅថ្ងៃទី១៩ សីហា៖ «ខ្ញុំម្រេចចាំមើលស្អែកទៀតមកបើមិនកើតទេពួកខ្ញុំនឹងនាំគ្នាទៅព្រំដែនប៉ោយប៉ែតទៀត ព្រោះបើយើងធ្វើតែម្នាក់ឯងមិនមានប្រសិទ្ធភាពទេ តែបើយើងដាក់ពាក្យប្ដឹងជុំគ្នាមានប្រសិទ្ធភាពជាង។

កន្លងមកដំណឹងអីក៏ដោយចេញមកពីគុកមកវិញ មិនដែលមានអាជ្ញាធរណាមកប្រាប់សាច់ញាតិទេ ហើយ មន្ត្រីពាក់ព័ន្ធក៏គេមិនដែលទាក់ទងមកម៉ែឪផង ឃើញតែអ្នកនៅក្នុងគុកទូរស័ព្ទមកប្រាប់ឪពុកម្ដាយវិញ»។ លោកបន្តថា ពួកលោកជាឪពុកម្ដាយមានការអាណិតអាសូរដល់កូនៗ ជាខ្លាំង ដែលត្រូវជាប់គុកនៅស្រុកគេដោយសារតែជីវភាពក្រីក្រប៉ូលិសថៃបានចាប់ពលករខ្មែរជាង ៨០នាក់ ដាក់គុក កាលពីថ្ងៃទី២៦ មេសាកន្លងទៅ បន្ទាប់ពីពួកគេបានចាញ់បោកមេខ្យល់ឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់។ លោក គង់ សុផាត អះអាងថា ក្នុងចំណោមពលករ ៨០នាក់នោះ មានប្រមាណ ៦០នាក់ ប៉ូលិសថៃបញ្ជូនមកដាក់គុកក្នុងស្រុកអារញ្ញ ក្រោយពីពួកគេជាប់គុកនៅទីក្រុងបាងកកជាង២ខែ ស្របពេលពលករជាង ២០នាក់ ទៀត កំពុងជាប់ឃុំនៅទីក្រុងបាងកកនៅឡើយ។ លោកបន្តថា អ្នកជាប់ឃុំទាំងនោះ មានកុមារតូចៗជាច្រើននាក់ជាប់គុកជាមួយឪពុកម្ដាយ។ លោកឱ្យដឹងទៀតថា ក្រុមពលករដែលកំពុងជាប់ឃុំតែងតែទូរស័ព្ទទៅក្រុមគ្រួសារទាំងទឹកភ្នែកជារៀងរាល់ថ្ងៃ និងមានពលករខ្លះបានដួលសន្លប់ក្នុងពន្ធនាគារ ដោយសារហូបអាហារមិនគ្រប់គ្រាន់ធ្វើឱ្យពួកគេធ្លាក់ខ្លួនឈឺជាច្រើននាក់។

កាលពីថ្ងៃទី១៥ សីហា កន្លងទៅ គ្រួសារពលករដែលកំពុងជាប់ឃុំនៅស្រុកអារញ្ញ បានលើកគ្នាទៅសុំអន្តរាគមន៍ពីសមត្ថកិច្ចនៅព្រំដែនអន្តជាតិប៉ោយប៉ែតម្ដងរួចមកហើយ ដើម្បីឱ្យជួយនិយាយជាមួយភាគីថៃ ឱ្យដោះលែងកូនៗរបស់ពួកគាត់ឱ្យបានឆាប់។ ក៏ប៉ុន្តែ ប៉ូលិសព្រំដែនបានប្រាប់ពួកគាត់ឱ្យត្រឡប់ទៅផ្ទះវិញ ដើម្បីធ្វើលិខិតពីអាជ្ញាធរមូលដ្ឋានបញ្ជាក់ទីលំនៅរបស់ពលករទាំងនោះ ដើម្បីបញ្ជូនទៅស្ថានកុងស៊ុលខ្មែរនៅស្រុកអារញ្ញ ឱ្យជួយអន្តរាគមន៍ដោះលែងពួកគេ៕

website_news/2019200804.txt · Last modified: 2019/08/20 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki