website_news:2019201101

ប៉ាឡាវ និងកម្ពុជាបង្កើតទំនាក់ទំនងការទូតជាមួយគ្នា ហើយក៏អាចសហប្រតិបត្តិការ ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម គ្រឿងញៀន

http://www.cen.com.kh/ November 20, 2019

ភ្នំពេញ ៖ អនុប្រធានាធិបតីប្រទេសប៉ាឡាវ បានថ្លែងថា ប៉ាឡាវ និងកម្ពុជា បង្កើតទំនាក់ទំនងការទូតជាមួយគ្នា ហើយយើងក៏អាចសហប្រតិបត្តិការគ្នាបានក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម គ្រឿងញៀន ហើយក្រៅពីនោះយើងក៏អាចពង្រឹងទំនាក់ទំនងលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស រួមទាំងការចែករំលែកបទពិសោធន៏ឲ្យគ្នាទៅវិញទៅមកទៀតផង។ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ បន្ទាប់ពីអញ្ជើញបើក “កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី ២” នៅវិមានសន្តិភាពរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារបន្តជាមួយនឹង លោករ៉េនុល អ៊ុលឡោច (Raynold B.Oilouch) អនុប្រធានាធិបតី និង ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រទេសប៉ាឡាវ។ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងអរគុណចំពោះ លោក Raynold B.Oilouch ដែលបានអញ្ជើញចូលរួមនៅក្នុង កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី ២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងថ្ងៃនេះ។ សម្ដេចតេជោ បានចាត់ទុកថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រទេសទាំងពីរ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា ហើយសង្ឃឹមថាប្រទេសយើងទាំងពីរមានទំនាក់ទំនងដ៏ល្អចាប់ពីថ្ងៃនេះតទៅ។

លោកអនុប្រធានាធិបតី នៃប្រទេសប៉ាឡាវ លោក Raynold B.Oilouch បានសម្ដែងនូវសេចក្តីរីករាយយ៉ាងខ្លាំងដែលបានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចតេជោ ជាពិសេសដែលបាន ចូលរួមនៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នាថ្ងៃនេះ។ លោកបានមានប្រសាសន៍ថាតាមរយៈការចូលរួមរបស់លោកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកថ្ងៃនេះ នឹងបើកឱកាសឲ្យប្រទេសយើងទាំងពីរចាប់ផ្ដើមមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទៅលើវិស័យផ្សេងៗជាច្រើនដែលអាចធ្វើទៅបាននៅពេលខាងមុខ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះគឺជាឱកាសដ៏ល្អដែលប្រទេសយើងទាំងពីរអាចចាប់ផ្ដើមមានទំនាក់ទំនងល្អជាមួយគ្នា ដូចជាកិច្ចសហប្រតិបត្តិការដែលអាចធ្វើអោយស្របទៅនឹងអ្វីដែលប្រទេសទាំងពីរមាន។ សម្ដេចតេជោក៏បានផ្ដួចផ្ដើមនូវគំនិតថាប្រទេសយើងទាំងពីរគួរតែមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយស្ដីអំពីការពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីចាប់ផ្ដើមឲ្យក្រសួងការបរទេសទាំងពីរពិភាក្សាគ្នារកវិធីណា ដែលអាចសហប្រតិបត្តិការគ្នាបាន ដូចជាការចុះអនុសសារណៈនៃលើកលែងទិដ្ឋាការ និងលិខិតឆ្លងដែន ហើយបន្ទាប់មកយើងអាចចុះហត្ថលេខាលើវិស័យពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរផងដែរ។ នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏អញ្ជើញលោកប្រធានាធិបតី និងលោកស្រីមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានៅថ្ងៃណាមួយដែលអាចធ្វើទៅបាននាពេលខាងមុខនេះ។

លោកRaynold B.Oilouch អនុប្រធានាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ ហើយគាត់សន្យាថា នឹងរង់ចាំនូវការពិភាក្សាគ្នារវាងក្រសួងការបរទេសនៃប្រទេសយើងទាំងពីរ ហើយលោកបានមានប្រសាសន៍ថា យើងក៏អាចសហប្រតិបត្តិការគ្នាបានក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម គ្រឿងញៀន ហើយក្រៅពីនោះយើងក៏អាចពង្រឹងទំនាក់ទំនងលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស រួមទាំងការចែករំលែកបទពិសោធន៏ឲ្យគ្នាទៅវិញទៅមកទៀតផង។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដែរថា កម្ពុជាក៏អាចមានផលិតផលខ្លះដើម្បីធ្វើការនាំចេញទៅប្រទេសប៉ាឡាវផងដែរ ពីព្រោះប៉ាឡាវ ក៏ជាទីផ្សារមួយដ៏ល្អសម្រាប់ទំនិញកម្ពុជា។ ក្នុងឱកាសនោះជួបពិភាក្សាការងារនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរាបពីបំណងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ាឡាវនៅពេលខាងមុខផងដែរ ដើម្បីចាប់ផ្ដើមជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរអោយមានសកម្មភាពរស់រវើកឡើង ។ ជាមួយគ្នានោះ លោកមអនុប្រធានាធិបតីប៉ាឡាវ ក៏បានជំរាបជូនសម្ដេចតេជោផងដែរ អំពីកិច្ចប្រជុំកំពូលមួយចំនួន ដែលប្រទេសប៉ាឡាវ នឹងរៀបចំធ្វើដូចជា កិច្ចប្រជុំស្ដីអំពីមហាសាគរ ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំក្រោយនៅ គឺនៅខែសីហា ឆ្នាំ២០២០ ខាងមុខ និងកិច្ចប្រជុំកំពូលនៃស្ត្រីទី១តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនឹងប្រព្រឹត្តទៅនៅដើមខែធ្នូ ២០១៩ ខាងមុខនេះ។ នៅក្នុងឱកាសនេះដែរ លោក Raynold B.Oilouch បានគោរពអញ្ជើញ សម្តេចតេជោអញ្ជើញចូលរួមផងដែរ។ ជាការឆ្លើយតបសម្ដេចបានមានប្រសាសន៍ថា បើសិនជា សម្តេច មិនរវល់ទេនោះ គឺសម្តេចនឹងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនោះមិនខានឡើយ៕ ដោយ៖កូឡាប

website_news/2019201101.txt · Last modified: 2019/11/20 14:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki