website_news:2019201102

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ឃុំ-ថ្នាក់ស្រុក និងអ្នកពាក់ព័ន្ធ នៅស្រុកវ៉ារិន

https://www.facebook.com/ លេខាធិការដ្ឋាន គខបជសៀមរាប 19-11-2019

ខេត្តសៀមរាប៖ ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប (គ,ខ,ប,ជ) បានបន្តសហការជាមួយរដ្ឋបាលសាលាស្រុកវ៉ារិន ដោយមានការគាំទ្រពីរដ្ឋបាលសាលាខេត្តសៀមរាប និងមានការចូលរួមគាំទ្រពីអង្គការ UN Women បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដល់ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ឃុំ-សង្កាត់/ក្រុង-ស្រុក និងអ្នកពាក់ព័ន្ធ អំពីការអនុវត្តតួនាទីភារកិច្ច ច្បាប់ពាក់ព័ន្ធនឹងការបង្ក្រាបអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការទប់ស្កាត់ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការរំលោភបំពានលើកុមារ និងពង្រឹងលើកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវាជួយជនរងគ្រោះឲ្យបានសមស្របនិងមានប្រសិទ្ធិភាព។

វគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅនៅបន្ទប់ប្រជុំរដ្ឋបាលស្រុកវ៉ារិន ក្រោមអធិបតីភាព លោក ធិនី វិធូ អភិបាលនៃគណ:អភិបាលស្រុក មានការអញ្ជើញចូលរួមពី លោកស្រី អភិបាលរងស្រុក តំណាងមន្ទីរជំនាញរួមមាន មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងមន្ទីរកិច្ចការមន្ទីរសង្គមកិច្ចខេត្ត និងក្រុមការងារលេខាធិការដ្ឋាន ដែលជាអ្នកសម្របសម្រួល និងមានការនិមន្តអញ្ជើញចូលរួមពីព្រះសង្ឃ អធិការស្រុក កងរាជអាវុធហត្ថស្រុក ប្រធាន អនុប្រធានការិយាល័យជុំវិញស្រុក មេឃុំ ស្មៀន អ.ក.ន.ក ប្រជាការពារ មណ្ឌលសុខភាព នាយប៉ុស្តិ៍ នាយកសាលា យុវជន និងអង្គការដៃគូ សរុប ៥៣នាក់ ស្រី១៦នាក់។

លោកអភិបាលស្រុកវ៉ារិន បានគាំទ្រលើការបណ្តុះបណ្តាលដល់ក្រុមការងារនៅថ្នាក់ឃុំ ស្រុក ហើយលោកបានជំរុញ ឪ្យអ្នកចូលរួមទាំងអស់យកចិត្តទុកដាក់ស្តាប់ និងលើកជាសំនួរក៏ដូចជាបញ្ហាដែលធ្លាប់ជួបកន្លងមក ដើម្បីចែករំលែកពត៌មាននិងបទពិសោធន៍ សម្រាប់ធ្វើការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋឪ្យឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តជាតិ ផែនការខេត្ត ស្រុក និងឃុំផ្ទាល់របស់ខ្លួនឪ្យបានទូលំទូលាយ មានប្រសិទ្ធិភាព ដើម្បីការពារបងប្អូននៅមូលដ្ឋានពាក់ព័ន្ធនឹងបញ្ហាជួញដូរមនុស្ស ឬការកេងប្រវ័ញ្ចផ្សេងៗ និងពង្រឹងលើកិច្ចសហប្រតិបត្តិការ លើការបង្ការទប់ស្កាត់ ការបង្ក្រាប ការជួយជនរងគ្រោះ ចាប់ពីថ្នាក់ភូមិ ឃុំ ស្រុក និងថ្នាក់ខេត្ត ដើម្បីរួមគ្នាកុំឲ្យកើតមានអំពើជួយដូរមនុស្ស។

វគ្គបណ្តុះបណ្តាលទទួលបានការចូលរួមជាយោបល់ និងលើកពីបញ្ហាប្រឈមលើករណីជាក់ស្តែង នៅក្នុងមូលដ្ឋាន ហើយក្រុមការងារ បានផ្តល់ជាយោបល់ និងវិធីសាស្រ្ត និងការទំនាក់ទំនងជាមួយគ្រប់អ្នកពាក់ព័ន្ធ សម្រាប់អនុវត្តសកម្មភាព។

website_news/2019201102.txt · Last modified: 2019/11/20 14:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki