website_news:2019201201

សម្ដេចក្រឡាហោម ស ខេង ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា

http://cambodiapolice.com/policekh/ 6:46 pm 19 ធ្នូ 2019 101

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ខាម៉ិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះលោកជំទាវឯកអគ្គរដ្ឋទូត និងសហភាពអឺរ៉ុប ដែលកន្លងមក តែងតែខិតខំប្រឹងប្រែងក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងសហភាពអឺរ៉ុប និងបានសម្ដែងក្ដីសង្ឃឹមថាវត្តមានលោកជំទាវក្នុងអាណត្តិការងារនេះ នឹងបន្តលើកកម្ពស់ទំនាក់ទំនងនេះឲ្យកាន់តែប្រសើរឡើងថែមទៀត។

ជាការឆ្លើយតបលោកជំទាវ ខាម៉ិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានជំរាបជូនសម្ដេចក្រឡាហោមថាតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតចាស់ លោកជំទាវបានដឹងថាកន្លងមកក្រសួងមហាផ្ទៃបានផ្ដល់នូវកិច្ចសហការដ៏ល្អជាមួយសហភាពអឺរ៉ុប ពិសេសសម្ដេចក្រឡាហោមផ្ទាល់ និងបានសម្ដែងសង្ឃឹមដែរថាតាមរយៈអាណត្តិការងារនេះ លោកជំទាវនឹងបានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អជានេះទៀត។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានជំរាបជូសម្ដេចដែរថាសហភាពអឺរ៉ុប មានកម្មវិធីអភិវឌ្ឍន៍មួយចំនួនដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃកម្ពុជា ក្នុងនោះក៏មានកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ហើយថាលោកជំទាវពិតរីករាយចំពោះការមើលឃើញកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចក្រឡាហោម និងសូមអរបអរសាទរចំពោះការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានឆ្ពោះទៅមុខក្នុងការសម្រេចបានជោគជ័យលើការងារកំណែទម្រង់នេះ។ លោកជំទាវក៏បានបន្តមានប្រសាសន៍ដែរថា កាលពីប៉ុន្មានខែមុនេះ សម្ដេចបានដឹកនាំគណៈប្រតិភូអន្តរក្រសួងទៅកាន់ប្រទេសអាល្លឺម៉ង់ដើម្បីស្វែងយល់បន្ថែមអំពីការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ ហើយលោកជំទាវយល់ឃើញថាកំណែទម្រង់នេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការធ្វើឲ្យសង្គមមានគណនេយ្យភាព ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការចូលរួមរបស់ពលរដ្ឋក្នុងការសម្រេចចិត្តផ្សេងនៅមូលដ្ឋានរបស់ខ្លួន។

សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍បញ្ជាក់ជូនអំពីសវតាខ្លះៗនៃដំណើរការកំណែទម្រង់រដ្ឋបាលរបស់ប្រទេសកម្ពុជា ដែលកន្លងមកកម្ពុជាបានដឹកនាំប្រទេសតាមបែបថ្នាក់កណ្ដាល គឺអំណាចនៅថ្នាក់ជាតិ ប៉ុន្តែតាមរយៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កម្ពុជាបានផ្ទេរអំណាចទៅថ្នាក់ក្រោមដើម្បីសម្រេចចិត្តលើវិស័យមួយចំនួនដែលបំរើសឲ្យសេចក្ដីត្រូវការជាក់ស្ដែងក្នុងមូលដ្ឋាន។ សម្ដេចបានបន្តមានប្រសាស៍ថាការចាប់ផ្ដើមកំណែទម្រង់នេះមិនមែនជាការងាយស្រួលនោះទេ គឺបានជួបការលំបាកជាច្រើនដែរ ប៉ុន្តែយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តក្នុងការបន្តឲ្យមានវឌ្ឍនភាពទៅមុខជាលំដាប់។ សម្ដេចបានគូសបញ្ជាក់ថានៅឆ្នាំ២០២០ខាងមុខនេះ កម្ពុជានឹងបញ្ចប់ផែនការជាតិ១០ឆ្នាំក្នុងការងារកំណែទម្រង់នេះជំហ៊ានទី១ និងបានបង្ហាញភាពរីករាយប្រសិនបើសហភាពអឺរ៉ុបចូលរួមចំណែកក្នុងការងាររៀបចំផែនការសម្រាប់អនុវត្តជំហ៊ានទី២បន្តទៀត។

ឆ្លើយតបជូនសម្ដេច លោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានមានប្រសាសន៍ថា សហភាពអឺរ៉ុបពិតជាយល់ឃើញចំពោះសារៈសំខាន់នៃការងារកំណែទម្រង់នេះ និងបានសន្យាខិតខំរិះរកមធ្យោបាយបន្តជួយគាំទ្រដល់ការងារនេះ មុននឹងបន្តជំរាបជូនសម្ដេចអំពីកិច្ចសហប្រតិបត្តិការក្នុងការងារជនទេសន្តប្រវេសន៍។ លោកជំទាវបានលើកឡើងថា កម្ពុជាក៏មានអ្នកធ្វើចំណាកស្រុកច្រើនទៅកាន់ប្រទេសថៃ ពិសេសក្នុងវិស័យនេសាទ ដែលមួយចំនួនប្រឈមការជួញដូរមនុស្ស ប្រសិនបើគ្មានឯកសារគ្រប់គ្រាន់ និងការជួយជ្រោមជ្រែងសមស្របណាមួយ ដោយបានបន្តថាសហភាពអឺរ៉ុប ក៏យកចិត្តទុកដាក់ក្នុងការងារលើកកម្ពស់សុខមាលភពរបស់កម្មករចំណាកស្រុកនេះ ដោយសារកម្មករនេះក៏ជាផ្នែកមួយនសការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ លោកជំទាវបានបន្តថា នៅសហភាពអឺរ៉ុប មានគោលនយោបាយអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចផ្លាស់ទីទៅធ្វើការដោយសេរីនៅក្នុងសហគមអឺរ៉ុប ប៉ុន្តែថា នៅក្នុងតំបន់អាស៊ាន មិនទាន់មានយន្តការនេះទេ ដូច្នេះនឹងអាចធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនក្លាយជាអ្នកចំណាកស្រុកខុសច្បាប់ និងក្លាយជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស។

ជុំវិញប្រធានបទនេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាយកចិត្តទុកដាក់ខ្ពស់ណាស់ចំពោះបញ្ហានេះ ដោយបានបង្កើតឲ្យមានជាយន្តការអន្តរក្រសួងក្នុងការចុះទៅស្រង់ស្ថិតិ និងធ្វើបណ្ណឯកសារស្របច្បាប់ជូនពលករ ឬជនចំណាកស្រុកនៅប្រទេសថៃ និងបានយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដោយកិច្ចនេះក៏មានយន្តការគណៈកម្មាធិការជាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលសម្ដេចផ្ទាល់គឺជាប្រធាន និងបានធ្វើការងារយ៉ាងច្រើនជាមួយប្រទេសជិតខាង និងការងារផ្សព្វផ្សាយអប់រំ។

លោកជំទាវ ខាម៉ិន ម៉ូរ៉េណូ ក៏បានបន្តមានប្រសាសន៍អំពីការងារសង្គមស៊ីវិលនៅកម្ពុជា ដោយបានជំរាបសម្ដេចក្រឡាហោមថាលោកជំទាវបានតាមដានការជួបជជែកគ្នារវាងក្រសួងមហាផ្ទៃ និងតំណាងអង្គការសង្គមស៊ីវិល ដើម្បីបង្កើនភាពជាដៃគូរវាងភាគីទាំងពីរ។ លោកជំទាវបានសម្ដែងការអបអរសាទរចំពោះការជួបពិភាក្សាគ្នានេះ នឹងបង្ហាញភាពរីករាយថាប្រសិនបើមានអ្វីដែលសហភាពអឺរ៉ុបចូលរួមចំណែកបានក្នុងការធ្វើឲ្យមានភាពជាដៃគូល្អរវាងសង្គមស៊ីវិល និងរាជរដ្ឋាភិបាលនោះ គឺលោកជំទាវត្រៀមខ្លួនជានិច្ច។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាសម្ដេចនៅតែបន្តមានការលើកទឹកចិត្តឲ្យមានការប្រស្រ័យទាក់ទងគ្នាល្អរវាងភាគីសង្គមស៊ីវិល និងក្រសួងមហាផ្ទៃ ព្រមទាំងរាជរដ្ឋាភិបាល និងបានគូសបញ្ជាក់ថារាជរដ្ឋាភិបាល មានការយល់ឃើញដូចគ្នាដែរថាសង្គមស៊ីវិល គឺជាដៃគូមួយដ៏សំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។

មុននឹងបញ្ចប់លោកជំទាវ ខាម៉ិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានសម្ដែងការអបអរសាទរចំពោះវឌ្ឍន៍ភាពទាំងវិស័យសង្គម សេដ្ឋកិច្ច របស់កម្ពុជា និងបានបង្ហាញក្ដីសង្ឃឹមជឿជាក់ថា លោកជំទាវនឹងអាចរួមចំណែកធ្វើយ៉ាងណាជួយបន្តនូវអ្វីដែលជាវឌ្ឍនភាពរបស់កម្ពុជាឲ្យបានកាន់តែរកចំរើនតទៅមុខទៀត។

ហើយសម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញក្ដីសង្ឃឹមជឿជាក់ដែរថាសហភាពអឺរ៉ុប នឹងបន្តជួយកម្ពុជាក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៕

website_news/2019201201.txt · Last modified: 2019/12/20 13:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki