website_news:2019201205

ពលរដ្ឋទាំងគ្រួសារចេញទៅរកការងារក្នុងដីថៃ ខណៈធ្វើស្រែមិនសូវបានផល

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ១៦:២៥ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋទាំងគ្រួសារបាននាំគ្នាចេញពីកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតទៅទឹកដីថៃដើម្បីរកការងារធ្វើរកប្រាក់ចំណូលបន្ថែម ខណៈឆ្នាំនេះទឹកតិចធ្វើស្រែមិនសូវបានផល ។ គេសង្កេតឃើញគ្រួសារខ្លះមានកូនតូច ខ្លះក៏មានកូនធំ ហើយសម្ភារៈនាំទៅជាមួយមានស្ទើរគ្រប់បែបយ៉ាងដូចជាកន្ទេល មុង ភួយ ចានឆ្នាំង សម្លៀកបំពាក់ និងអង្ករ។ ពលករទាំងនេះអះអាងថា ពួកគាត់ទៅស៊ីឈ្នួលកាប់អំពៅ និងដកដំឡូងឲ្យថៃតាមខេត្តជាប់ៗព្រំដែនលុះជិតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិទើបត្រឡប់មកភូមិកំណើតវិញ ។ ពលករទាំងនេះមួយចំនួនមកពីខេត្តបន្ទាយមានជ័យ, ខេត្តកំពង់ធំ និងភាគច្រើនមកពីខេត្តសៀមរាប ហើយភាគច្រើនប្រើប្រាស់លិខិតឆ្លងដែនការងារ (Pass Port) និងមួយចំនួនតូចប្រើប្រាស់ប័ណ្ណឆ្លងព្រំដែន(Border Pass) ។ ពួកគាត់លើកឡើងខុសគ្នាៗខ្លះថា ដោយសារឆ្នាំនេះភ្លៀងធ្លាក់តិចធ្វើស្រែមិនសូវកើតខ្លះថានៅស្រុកគ្មានការងារធ្វើ ឯអ្នកមួយចំនួនទៀតថា រដូវនេះធ្លាប់ឆ្លងដែនទៅមកធ្វើការឲ្យជនជាតិថៃ។

ជុំវិញករណីនេះ លោកវរសេនីយ៍ត្រីសេម មករា ប្រធានសេនាធិការនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រាប់តាមទូរស័ព្ទថា ចំនួនពលករឆ្លងដែនទៅដីថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីរកការងារធ្វើតាមខេត្តជាប់ព្រំដែនឆ្នាំនេះមានចំនួនតិចជាងឆ្នាំមុនៗ ហើយលោកថាពលករទាំងនេះបច្ចុប្បន្នងាកទៅប្រើប្រាស់លិខិតឆ្លងដែនការងារជំនួសប័ណ្ណឆ្លងព្រំដែន (Border Pass) វិញ៕ (កែសម្រួលដោយ ៖ ធីតា)

website_news/2019201205.txt · Last modified: 2019/12/20 13:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki