website_news:2019201206

រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០១៩

https://www.information.gov.kh/ ធ្នូរ 19, 2019 ស វិជ័យ

AKP ព្រះសីហនុ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ នៅសាលាខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជាម ហ៊ីម ប្រធាន ក្រុមប្រឹក្សាខេត្តព្រះសីហនុ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ និងមន្ត្រីមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត។

ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុបានមានប្រសាសន៍ថា ទិវាជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ លើកទី១៣ ជាទិវាមួយក្នុងចំណោមអាទិភាពជា ច្រើនសម្រាប់ការលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពសង្គម ក៏ដូចជាការលើកកម្ពស់ការ គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរមនុស្ស ព្រោះថា អំពើជួញដូរមនុស្ស ជាបទឧក្រិដ្ឋដែលជន ល្មើសជួញដូរមនុស្ស បានប្រើប្រាស់គ្រប់កលល្បិច ដើម្បីកេងប្រវ័ញ្ចរំលោភបំពានលើមនុស្ស ដោយមិនខ្វាយខ្វល់ពីទុក្ខវេទនា និងអាយុជីវិតរបស់មនុស្សដែលចង់រស់រៀនជួបជុំគ្រួសារ និងសេចក្តីសុខ។ រដ្ឋបាលខេត្តនឹងបន្តការប្ដេជ្ញាចិត្តខ្ពស់ រិះរកគ្រប់វិធានការ និងពង្រឹងការ អនុវត្តច្បាប់ពាក់ព័ន្ធនានា ដើម្បីការពារប្រជាពលរដ្ឋ ពីបទល្មើសដ៏ស្មុគស្មាញនេះ។ ជំរុញអនុវត្តន៍យុទ្ធសាស្ត្រទាំង៤ របស់ផែនការជាតិមានជាអាទិ៍ ការងារបង្ការទប់ស្កាត់, កិច្ចការពារជនរងគ្រោះ, ការពង្រឹងការអនុវត្តច្បាប់ និងការពង្រឹងកិច្ចសហការជាមួយ គ្រប់ភាគីពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបន្តថា រដ្ឋបាលខេត្ត និងខិតខំប្រឹងប្រែងយក ចិត្តទុកដាក់ ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងលើកកម្ពស់កំណើនសេដ្ឋ កិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិឱ្យមានស្ថិរភាព ព្រមទាំងប្ដេជ្ញាចិត្តរក្សាសន្តិសុខ សុវត្ថិភាព សម្រាប់ភ្ញៀវបរទេសទាំងឡាយ ដែលស្នាក់នៅក្នុងខេត្តព្រះសីហនុ ប្រកបដោយភាពកក់ក្តៅ ទន្ទឹមនេះរដ្ឋបាលខេត្តបង្កើតក្រុមការងារក្រុង ស្រុក លើកកម្ពស់កម្រិតជីវភាពរបស់ ប្រជាពលរដ្ឋលើគ្រប់វិស័យ តាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ កសិកម្ម សំណង់ ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្មជាដើម ដែលអាចបង្កើនការងារ និងមុខរបរជូនប្រជាពលរដ្ឋ ក្នុងខេត្តធ្វើឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស គឺជាយុទ្ធនាការ ដ៏ទូលំទូលាយសម្រាប់ការផ្សព្វ ផ្សាយការយល់ដឹង អំពើជួញដូរ មនុស្ស ផលប៉ះពាល់ និងអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ប្រចាំឆ្នាំ ក៏ដូចជាវេទិកាអំពាវនាវដល់ជនរួមជាតិ និងសហគមន៍អន្តរជាតិចូលរួមសហការ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពមនុស្សជាតិ ពីអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់រូបភាពទៅលើមនុស្ស។ ដូច្នេះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ស្ថាប័ន អយ្យការតុលាការ កងកម្លាំងគ្រប់ប្រភេទ ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងវិស័យឯកជន តែងតែរួមគ្នាជម្នះដោះស្រាយបញ្ហាចំពោះមុខដោយមិនខ្លាចនឿយហត់ ពុះពារប្រឆាំងដាច់ខាតទៅនឹងសកម្មភាពរបស់ឧក្រិដ្ឋជនស្របតាមទិសដៅ នៃគោល នយោបាយជាតិ និងការបេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ជាម ហ៊ីម បន្តថា ក្នុងនាមរដ្ឋបាលខេត្ត សូមអំពាវនាវ សូមប្រកាស ជាឱឡារិកក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ បន្តយុទ្ធនាការប្រឆាំង អំពើជួញដូរមនុស្ស ដើម្បីឱ្យប្រជាជនកម្ពុជា និងមនុស្សជាតិ ទទួលបានការគោរពសិទ្ធិ សេចក្ដីថ្លៃថ្នូរ ផលប្រយោជន៍ស្របច្បាប់ និងភាពសុខដុមរមនា ដោយរួមសហការជាមួយដៃគូ ពាក់ព័ន្ធនានា ដើម្បីរួមគ្នាបង្ក្រាបអំពើជួញដូរមនុស្សគ្រប់រូបភាព និងផ្តន្ទាទោសជនល្មើស ម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយឈានទៅលុបបំបាត់បទល្មើសទាំងឡាយ នៅកម្ពុជាទទួលបាន ភាពសុខសាន្តគ្មានអំពើរំលោភបំពាន និងអំពើជួញដូរមនុស្ស៕ ដោយ ងូ សុមុនី

website_news/2019201206.txt · Last modified: 2019/12/20 14:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki