website_news:2019201207

រដ្ឋាភិបាលជប៉ុន សម្រេចបង្កើតប្រព័ន្ធថ្មីទទួលពលករខ្មែរទៅធ្វើការងារនៅប្រទេសជប៉ុន

http://bayontv.com.kh/ 19/12/2019

ភ្នំពេញ៖ តំណាងរដ្ឋាភិបាលជប៉ុនប្រចាំនៅកម្ពុជា បានអោយដឹងថា នៅពេលនេះ រដ្ឋាភិបាលជប៉ុនបានសម្រេចបង្កើតប្រព័ន្ធថ្មីមួយ ពោល គឺប្រព័ន្ធជ្រើសរើសពលករមានជំនាញស្រាប់ទៅធ្វើការងារនៅប្រទេសជប៉ុន ខណៈប្រព័ន្ធជ្រើសរើសពលករបែបកម្មសិក្សាការនីកន្លងមក គឺមានពលករខ្មែរប្រមាណពី ៨០០០ ទៅ៩០០០នាក់ បាននឹងកំពុងធ្វើការងារនៅប្រទេសជប៉ុន។ នៅក្នុងពិធីប្រគល់លិខិតកោតសរសើរពីរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនជូនអតីតនិស្សិតកម្ពុជាមានស្នាដៃឆ្នើមចំនួន ២រូប នៅស្ថានទូតជប៉ុន ល្ងាចថ្ងៃទី១៨ ខែធ្នូនេះ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា នៅក្នុងប្រព័ន្ធថ្មីនៃការជ្រើសរើសពលករជំនាញបរទេសទៅបំរើការងារនៅប្រទេសជប៉ុននេះ សម្រាប់ពលករពីប្រទេសកម្ពុជា អាចនឹងមិនមានការកើនឡើងនោះទេ ប៉ុន្តែទោះយ៉ាងណា ឯកឧត្តម នឹងខិតខំជួយសម្របសំរួលជួយបណ្តុះបណ្តាលជំនាញជូនប្រជាពលរដ្ឋកម្ពុជាអោយមានជំនាញ និងភាសាជប៉ុន ដើម្បីអោយគេទទួលបានឱកាសប្រលងជាប់ទៅធ្វើការងារនៅប្រទេសជប៉ុនផង និងរៀនសូត្រពីរបៀបធ្វើការងារនៅប្រទេសជប៉ុនបន្ថែមផងដែរ។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងថា សម្រាប់ប្រព័ន្ធការនៃជ្រើសរើសពលករបរទេសកន្លងមក គឺភាគីជប៉ុនផ្តល់ឱការពលករទាំងនោះធ្វើការងារបណ្តើរ និងរៀនសូត្រជំនាញបណ្តើរ ហើយនៅពេលដល់បច្ចុប្បន្ននេះ ពលករខ្មែរដែលគេហៅថា ជាកម្មសិក្សាការនីផងដែរនោះ គឺបានក្លាយពលករមានជំនាញច្បាស់លាស់ មានប្រមាណពី៨០០០ទៅ៩០០០នាក់ ហើយអ្នកទាំងនោះ នឹងក្លាយជាអ្នកមានធនធានបន្តអាចធ្វើការងារនៅប្រទេសបន្តទៀតបានជាពិសេសបំរើការងារនៅក្នុងវិស័យកសិកម្ម។ ឯកឧត្តម អគ្គរាជទូតជប៉ុន ក៏បានបញ្ជាក់ថា នៅក្នុងប្រព័ន្ធជ្រើសរើសពលករមានជំនាញស្រាប់នេះ បច្ចុប្បន្ន ជប៉ុនបាននិងកំពុងរៀបចំផ្ទះស្នាក់ល្អជាច្រើន ដើម្បីអោយពលករទាំងនោះទៅធ្វើការងា និងរស់នៅក្នុងប្រទេសជប៉ុនមានសុខដុមរមនា និងទទួលបាននូវការបណ្តុះបណ្តាលជំនាញបន្ថែមទៀត ដើម្បីអោយពលករនៅពេលចប់អាណត្តិធ្វើការងាររបស់គេ ត្រលប់មកមាតុប្រទេសវិញ គឺគេមានចំណេះមានជំនាញ អាចការបង្កើតមុខរបរ និងធ្វើការងារនានាដើម្បីអភិវឌ្ឍន៍ប្រទេសគេវិញ៕

website_news/2019201207.txt · Last modified: 2019/12/20 14:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki