website_news:2019201208

សារព័ត៌មានវៀតណាមថា កម្ពុជាគឺជាគោលដៅធំបំផុតសម្រាប់ស្ត្រីវៀតណាមមកពពោះជំនួស

https://khmernote.com/news/ December 20, 2019

យោងតាមរបាយការណ៍របស់រដ្ឋាភិបាលរបស់ប្រទេសទាំងពីរបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៧ ស្ត្រីវៀតណាមចំនួន ១,៦០០នាក់ ត្រូវបានគេជួញដូរមកកម្ពុជាដើម្បីពពោះជំនួស ឬពេស្យាចារ។ ក្នុងរបាយការណ៍ចេញផ្សាយនៅក្នុងសន្និសីទកាលពីថ្ងៃអង្គារ ក្រសួងសន្តិសុខសាធារណៈវៀតណាម និងក្រសួងកិច្ចការនារីកម្ពុជាបាននិយាយថា ចំពោះករណីដែលស្ត្រីវៀតណាមត្រូវបានគេជួញដូរមកធ្វើជាអ្នកពពោះជំនួស ពួកគេត្រូវបានជ្រើសរើស និងបញ្ជូនមកដោយពួកអ្នកលេង។ បន្ទាប់មកនៅពេលដែលពួកគេមានផ្ទៃពោះហើយនោះ ពួកគេនឹងត្រូវបញ្ជូនទៅកាន់ប្រទេសវៀតណាមវិញ ឬទៅកាន់ប្រទេសចិនបន្តដើម្បីសម្រាល។ ចំណែកឯជនជាតិវៀតណាមមួយចំនួនក៏ត្រូវបានគេជួញដូរធ្វើជាស្រីពេស្យាចារ។ ការរត់ពន្ធស្ត្រីមានច្រើនបំផុតគឺនៅច្រកព្រំដែនម៉ុកបៃ ខេត្តតាយនីញ ភាគខាងត្បូងប្រទេសវៀតណាម។ ក្នុងនោះផងដែររដ្ឋាភិបាលទាំងពីរបានសន្យាថា នឹងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅតាមតំបន់ព្រំដែន។

ចំណែកក្រុមមន្រ្តីក៏បាននិយាយថា ពួកគេនឹងមានកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយប្រទេសចិន ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនេះ។ ក្នុងចំណោមជនវៀតណាមដែលត្រូវបានគេជួញដូរចំនួន ៣,៤០០នាក់ ចាប់តាំងពីឆ្នាំ២០១៣ មានជាង ៩០% ជាស្ត្រី កុមារ ឬជនជាតិភាគតិច។ ជម្រាបដែរថា ការពពោះជំនួសនេះ គឺជារឿងខុសច្បាប់នៅក្នុងប្រទេសចិន ហើយប្រទេសវៀតណាមអនុញ្ញាតឱ្យធ្វើវាដោយឥតគិតថ្លៃ សម្រាប់តែគោលបំណងមនុស្សធម៌ និងរវាងសមាជិកគ្រួសារប៉ុណ្ណោះ។ ចំណែកកម្ពុជាយើងបានហាមឃាត់ការពពោះជំនួសនៅឆ្នាំ២០១៦ និងបានកាត់ទោសការពពោះជំនួសរាប់សិបដង ហើយពួកគេទាំងនោះប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ៕

website_news/2019201208.txt · Last modified: 2019/12/20 14:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki