website_news:2019201209

កម្ពុជា-សហភាពអ៊ឺរ៉ុប ប្ដេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងលើ បញ្ហាជួញដូរមនុស្ស និងបញ្ហាជនទេសន្តរប្រវេសន៍

https://www.information.gov.kh/ ធ្នូរ 20, 2019 ចែម ហួត

វិទ្យុជាតិកម្ពុជា៖ MC៖ កម្ពុជា-សហភាពអ៊ឺរ៉ុប ប្ដេជ្ញារួមប្រយុទ្ធប្រឆាំងលើ បញ្ហាការជួញដូរមនុស្ស និងបញ្ហាជនទេសន្តរប្រវេសន៍ ដើម្បីបង្កាការពារ និងលើកកម្ពស់សុខមាលភាពរបស់កម្មករចំណាកស្រុក ខណៈដែលកម្មករចំណាកស្រុក ជាផ្នែកមួយដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសម្ដេចក្រឡា ហោម ស ខេង ឩបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាមួយលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតថ្មី នៃសហភាពអ៊ឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា លោកជំទាវឯកអគ្គរដ្ឋទូតថ្មី លើកឡើងថា កន្លងមកក្រសួងមហាផ្ទៃបានផ្ដល់នូវកិច្ចសហការដ៏ល្អ ជាពិសេសសម្ដេចក្រឡាហោមផ្ទាល់ ជាមួយនឹងសហភាពអឺរ៉ុប ។ លោកជំទាវ សង្ឃឹមថា វត្តមានរបស់លោកជំទាវនៅកម្ពុជានាពេលនេះ នឹងបន្តនូវអ្វីដែលជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានកន្លងមកនេះរវាងភាគីទាំងពីរ។ លោកជំទាវ បន្ថែមថា កន្លងមកប្រជាជនកម្ពុជា ធ្វើ ចំណាកស្រុកច្រើន ទៅកាន់ប្រទេសថៃ ជាពិសេស លើវិស័យនេសាទ ហើយពួកគាត់មួយចំនួនក៏ប្រឈមទៅនឹងការជួញដូរមនុស្ស ប្រសិនបើគាត់ពុំមានឯកសារគ្រប់គ្រាន់ឬក៏មិនមានការជួយជ្រោមជ្រែងសមស្របណាមួយ។ លោកជំទាវ បញ្ជាក់ថា នេះជាផ្នែកមួយដែលសហភាពអឺរ៉ុប កំពុងយកចិត្តទុកដាក់ លើការងារលើកកម្ពស់សុខមាលភាពរបស់កម្មករចំណាកស្រុក។

ជាកិច្ចឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលតែងតែខិតខំប្រឹងប្រែង ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងរវាងភាគីទាំងពី។ សម្ដេច សង្ឃឹមថា វត្តមានរបស់លោកជំទាវក្នុង អណត្តិថ្មីនេះនឹងបន្តលើកកម្ពស់ទំនាក់ទំនងរវាងភាគីទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។ ចំពោះបញ្ហាទេសន្តប្រវេសន៍ និងការជួញដូរមនុស្សនេះដែរ សម្ដេចក្រឡាហោម បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាយកចិត្តទុកដាក់ខ្ពស់ណាស់ចំពោះបញ្ហានេះ ហើយកន្លងមក កម្ពុជាបានបង្កើតជាយន្តការអន្តរក្រសួង ក្នុងការចុះទៅស្រង់នូវស្ថិតិដូចជា ធ្វើប័ណ្ណឯកសារផ្លូវការជូនទៅពលករ ឬក៏ប្រជាពលរដ្ឋចំណាកស្រុក ជាពិសេសអ្នកដែលទៅធ្វើការជាអ្នកនេសាទនៅប្រទេសថៃ។ មួយវិញទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់លើការងារពាក់ព័ន្ធទៅនឹងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនេះ ដោយបង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដែលសម្ដេចផ្ទាល់គឺជាប្រធាននៃគណៈកម្មការនេះ។

សម្តេចបានបន្តថា កន្លងមកគឺបានធ្វើការងារច្រើនជាមួយនឹងបណ្តាប្រទេសជិតខាង ដូចជាការងារផ្សព្វ ផ្សាយអប់រំ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការងារជួញដូរមនុស្សនេះ។ ហើយសម្ដេចពិតជារីករាយ និងទទួលបានការជួយគាំទ្រទៅលើផ្នែកពាក់ព័ន្ធលើកិច្ចការងារគាំទ្រដល់ជនចំណាកស្រុក ហើយនឹងការងារប្រឆាំងការជួញដូរមនុស្សនេះ។

លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតថ្មី នៃសហភាពអ៊ឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះវឌ្ឍនភាពនៃការរីកចម្រើនរបស់កម្ពុជា ទាំងលើវិស័យសេដ្ឋកិច្ច និងសង្គម ។លោកជំទាវ ក៏សង្ឃឹមជឿជាក់ថា លោកជំទាវនឹងអាចចូលរួមចំណែកក្នុងការធ្វើយ៉ាងណាជួយបន្តនូវអ្វីដែលជាវឌ្ឍនភាពរបស់កម្ពុជានេះឲ្យបានកាន់តែរីកចម្រើនលូតលាស់ទៅមុខទៀត៕

website_news/2019201209.txt · Last modified: 2019/12/20 15:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki