website_news:2019210101

អាជ្ញាធរថៃដោះលេងអ្នកទោសខ្មែរ២នាក់ដាច់ដោយឡែកពីគ្នា

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ១៤:០១ ឱម សារឿន

ខេត្តឧត្តរមានជ័យ ៖ អ្នកទោសខ្មែរ២នាក់ត្រូវបានក្រុមអាជ្ញាធរថៃធ្វើការដោះលេងឱ្យមានសេរីភាពដោយបញ្ជូនមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជាវិញម្នាក់តាមមាត់ច្រកទ្វារអន្តរជាតិជាំនិងម្នាក់ទៀតបញ្ជូនមកប្រគល់មាត់ច្រកទ្វារតំបន់ជប់គគីរកាលពីថ្ងៃទី១៨ មករា ២០១៩ ក្នុងថ្ងៃតែមួយ។ អ្នកទោសខ្មែរដែលក្រុមអាជ្ញាធរថៃធ្វើការដោះលេងម្នាក់ឈ្មោះសារឿន ហឿត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអម្ពឹល ឃុំអម្ពឹល ស្រុកបន្ទាយអម្ពឹល ខេត្តឧត្តរមានជ័យ និងម្នាក់ទៀតឈ្មោះអ៊ី ធី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ មន្ត្រីដែលបម្រើការងារនៅមាត់ច្រកទ្វារបានឱ្យដឹងថា អ្នកទោសខ្មែរដែលក្រុមអាជ្ញាធរថៃដោះលែងនាំខ្លួនយកមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជាវិញនោះឈ្មោះសារឿន ហឿត ត្រូវបានទាហានថៃចាប់ខ្លួនកាលពីថ្ងៃទី២៥ កក្កដា ២០១៨ ស្ថិតនៅក្នុងឃុំប្រាសាទ ស្រុកបានត្រួត ជាប់ពន្ធនាគារនៅស្រុកណាំងរ៉ង ខេត្តបុរីរាំ ប្រទេសថៃ និងម្នាកទៀតឈ្មោះអុី ធី ត្រូវបានក្រុមទាហានថៃចាប់ខ្លួនកាលពីថ្ងៃទី២០ តុលា ២០១៧ ជាប់ពន្ធធានាគារ នៅស្រុកខាន់តាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ ដោយចោទប្រកាន់ពីបទឆ្លងដែនខុសច្បាប់កាប់ឈើគ្រញួងនៅក្នុងទឹកដីថៃ បន្ទាប់ពីបានទទួលអ្នកទោសខ្មែរទាំង២នាក់ខាងលើ សមត្ថកិច្ចបានធ្វើការអប់រំរួចឱ្យវិលត្រឡប់ទៅជួបជុំគ្រួសារក្នុងថ្ងៃដដែលផងដែរ៕

website_news/2019210101.txt · Last modified: 2019/01/21 13:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki