website_news:2019210103

ពលករខ្មែរនៅថៃដែលត្រូវថៅកែបញ្ឈប់ពីការងារបានចូលធ្វើការវិញក្រោយដូរថៅកែ

https://www.rfa.org/khmer/news/ ដោយ សេក បណ្ឌិត 2019-01-20

តំណាងពលករខ្មែរធ្វើការនៅរោងចក្រ SC WADO ក្នុងខេត្តឈុនបុរី ប្រទេសថៃ ឱ្យដឹងថា នៅពេលនេះពលករខ្មែរដែលត្រូវថៅកែរោងចក្រនេះបញ្ឈប់ពីការងារកាលពីចុងឆ្នាំ២០១៨ កន្លងទៅ ពួកគេបានធ្វើការងារវិញហើយ។ សង្គមស៊ីវិលធ្វើការងារទាក់ទងពលករចំណាកស្រុកស្វាគមន៍ការសម្របសម្រួលរបស់ថៅកែរោងចក្រនេះ។ តំណាងពលករដែលធ្វើការនៅ រោងចក្រSC WADO លោក រស់ ប៊ុនធឿន ឱ្យអាស៊ីសេរី ដឹងនៅថ្ងៃទី២០ មករា ថា ក្រោយរោងចក្រនេះបានប្ដូរពីថៅកែថៃ មកថៅកែជាជនជាតិជប៉ុន ថៅកែរោងចក្រថ្មីបានអនុញ្ញាតឱ្យពលករខ្មែរដែលត្រូវបញ្ឈប់ពីការងារទាំងប៉ុន្មានចូលធ្វើការងារវិញ។ លោកបន្តទៀតថា ថៅកែថ្មីបានផ្តល់ប្រាក់ខែគោល និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតដល់ពលករខ្មែរស្មើនឹងពលករជាជាតិថៃដែរ ហើយថែមទាំងផ្ដល់លិខិតឆ្លងដែនឱ្យពលករខ្មែរជាអ្នករក្សាទុកដោយខ្លួនឯងថែមទៀតផង៖ «បុគ្គលិកម្នាក់ៗគេសប្បាយចិត្តនឹងការងារពេលបានដំណឹងល្អពីរោងចក្រហៅចូលធ្វើការងារអ៊ីចឹងទៅគេចូលធ្វើវិញទៅ»។ តំណាងពលកររូបនេះ ឱ្យដឹងទៀតថា មូលហេតុដែលថៅកែរោងចក្រផ្ដល់អត្ថប្រយោជន៍ការងារស្មើនឹងពលរដ្ឋថៃ ព្រោះថៅកែរោងចក្របានចុះសង្កេតដោយផ្ទាល់ឃើញថា ពលករខ្មែរបំពេញការងាររបស់ខ្លួនបានល្អដូចពលករជនជាតិថៃដែរ៖ «ធ្វើការងារមានលុយគុណថ្ងៃសៅរ៍ ថ្ងៃអាទិត្យធម្មតាដូចថៃ ដល់អ៊ីចឹងខ្មែរយើងមានកម្លាំងនឹងធ្វើការងារ ពីមុននឹងយើងមិនបានអាទិភាពដូចថៃទេ»។

កាលពីចុងឆ្នាំ២០១៨ ក្នុងអំឡុងខែវិច្ឆិកា ថៅកែរោងចក្រ SC WADO ក្នុងខេត្តឈុនបុរី ប្រទេសថៃ បានបញ្ឈប់ពលករខ្មែរជាង ៥០នាក់ពីការងារ ដោយលើកហេតុផលថា គ្មានការងារឱ្យធ្វើ។ ពលករប្រាប់ថា អ្នកដែលត្រូវបញ្ឈប់ពីការងារថៅកែមិនបានផ្ដល់លិខិតឆ្លងដែនឱ្យពួកគេវិញទេ។ មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក ឌីថេ ហូយ៉ា មានប្រសាសន៍ថា លោកស្វាគមន៍នូវការផ្ដល់ដំណោះស្រាយនេះ។ ប៉ុន្តែ លោកយល់ថា ករណីនេះផ្អែកតាមច្បាប់ការងារ ក្រុមហ៊ុនត្រូវទទួលខុសត្រូវលើការខាតបង់របស់ពលករក្នុងអំឡុងបាត់បង់ការងារ។ លោកបន្តទៀតថា ក្នុងករណីមានវិវាទការងារភាគីពាក់ព័ន្ធធ្វើយ៉ាងឱ្យមានការគោរពសិទ្ធិការងារ សិទ្ធិមនុស្ស និងដោះស្រាយឱ្យបានទាន់ពេលជួយដល់ពលករ៖ «ខ្ញុំឱ្យមានយន្តការរដ្ឋចូលរួមធ្វើអន្តរាគមន៍ណា ភាគីទាំងបីត្រូវសហការគ្នាក្រុមហ៊ុននាំពលករ ក្រុមហ៊ុននៅប្រទេសទទួល ហើយអាជ្ញាធររដ្ឋក្នុងនាមជាអាណាព្យាបាលដែលមានស្ថានទូតស្ថានកុងស៊ុលគួរតែជួយធ្វើអន្តរាគមន៍ឱ្យមានប្រសិទ្ធភាព»។

ក្រុមពលករឱ្យដឹងថា ការសម្រេចរបស់ថៅកែដែលហៅពលករខ្មែរឱ្យចូលធ្វើការងារ បន្ទាប់ពីមានសារព័ត៌មានផ្សាយ ការបញ្ឈប់ពលករខ្មែរជាបន្តបន្ទាប់ដែលធ្វើឱ្យថៅកែរោងមានព្រួយបារម្ភពីទង្វើរបស់ខ្លួន ខណៈមានការចោទប្រកាន់ថា ការបញ្ឈប់នេះជាការរំលោភសិទ្ធិការងារ៕

website_news/2019210103.txt · Last modified: 2019/01/21 13:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki