website_news:2019210202

សមត្ថកិច្ចម៉ាឡេស៊ីស្រាវជ្រាវរកចាប់មេខ្យល់ឆបោកពលរដ្ឋខ្លួន ៤៧នាក់នៅកម្ពុជា

https://www.rfa.org/khmer/news/ 2019-02-20

នាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មផ្នែកពាណិជ្ជកម្មប្រទេសម៉ាឡេស៊ី បានចុះផ្សាយនៅថ្ងៃទី២០ កុម្ភៈឲ្យដឹងថា ស្ថាប័នមួយនេះបានកំណត់មុខសញ្ញាជនសង្ស័យ ពាក់ព័ន្ធនឹងការបោកបញ្ឆោតជនជាតិម៉ាឡេស៊ី៤៧នាក់ទៅធ្វើការនៅកម្ពុជានោះហើយ។ បច្ចុប្បន្នស្ថាប័ននេះ ក៏កំពុងស្វែងរកចាប់ខ្លួនមេខ្យល់ដែលឆបោកនោះដែរ។

ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ លោក សិទ្ធ ឡោះ មានប្រសាសន៍ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២០កុម្ភៈថា ខាងលោកមិនទាន់ទទួលដំណឹងអំពីការឆកបោកនេះនៅឡើយទេ។ទោះជាយ៉ាងណាលោកថា បើសិនជាមានតម្រុយច្បាស់លាស់ប៉ូលិសនឹងតាមចាប់អ្នកពាក់ព័ន្ធបន្តទៀត ដើម្បីយកទៅផ្ដន្ទាទោសតាមច្បាប់៖ «ដូច្នោះការសួរពីរឿងឆបោកអីគឺខ្ញុំអត់បានសួរទេ ដោយយើងកំណត់បានតែការប្រើទីតាំងបើកបនល្បែងគ្មានច្បាប់ ត្រង់ថារឿងឆបោកអីខ្ញុំអត់ដឹងទេ ដោយសារពេលវេលាខ្លី ហើយខ្ញុំត្រូវការអ្នកបកប្រែដើម្បីសួរដេញដោល ដូច្នេះហើយបានជាយើងមិនបានសួរល្អិតល្អន់ដល់ដំណាក់ការនេះ គឺខ្ញុំមើលតែបទល្មើសជាក់ស្ដែង»។ លោក សិទ្ធ ឡោះ បន្តទៀតថា ជនជាតិម៉ាឡេស៊ីទាំងនោះបានលួចបើកបនល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឹណិតខុសច្បាប់ នៅក្រុងប៉ោយប៉ែត ហើយក្នុងនោះមានប្រមាណ ៦នាក់បានចូលមកធ្វើការងារនៅកម្ពុជាគ្មានលិខិតឆ្លងដែន។

ប៉ុន្តែកាសែតខ្លះចុះផ្សាយថា ពួកគេត្រូវបានមេខ្យល់លួងលោមយកទៅធ្វើការនៅកម្ពុជាដោយសន្យាផ្ដល់ប្រាក់ខែល្អ និងសំបុត្រយន្តហោះមកកម្ពុជាដោយឥតថ្លៃ ប៉ុន្តែនៅពេលមកដល់កម្ពុជា មេខ្យល់ក៏បានចាប់បង្ខាំងពួកគេនៅក្នុងផ្ទះមួយកន្លែងក្នុងខេត្តសៀមរាប ហើយកាលពីថ្ងៃទី១១ ធ្នូ សមត្ថកិច្ចបានចាប់ពួកគេបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តបន្ទាយមានជ័យ។ កាលពីថ្ងៃទី១៥ កុម្ភៈ សាលាដំបូងខេត្តបន្ទាយមានជ័យបានដោះលែងជនជាតិម៉ាឡេស៊ីចំនួន ៤៧នាក់នោះ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីពួកគេជាប់ពន្ធនាគារក្នុងខេត្តនេះអស់ជាង ១ខែ ដោយសារមានកិច្ចអន្តរាគមន៍ពីស្ថានទូតម៉ាឡេស៊ីប្រចាំនៅទីក្រុងភ្នំពេញ៕

website_news/2019210202.txt · Last modified: 2019/02/21 14:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki