website_news:2019210603

ឆ្នាំ២០១៩៖ អាមេរិកបញ្ចុះចំណាត់ថ្នាក់កម្ពុជារឿងទប់ស្កាត់ការជួញដូរមនុស្ស

http://km.rfi.fr/cambodia/ ដោយ វណ្ណ សុគន្ធា21/06/2019 21/06/2019

ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី២០ មិថុនា បានចេញរបាយការណ៍មួយស្តីពី ការជួញដូរមនុស្សនៅលើពិភពលោក ប្រចាំឆ្នាំ២០១៩ ដែលក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ។ តាមរយៈរបាយការណ៍នេះ អាមេរិកបានអះអាងថា វិធានការរបស់អាជ្ញាធរកម្ពុជាចំពោះការបង្រ្កាប និងទប់ស្កាត់អំពើជួញដូរមនុស្ស នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ដូច្នេះហើយ អាមេរិកបានបញ្ចុះចំណាក់ថ្នាក់កម្ពុជាមួយចំណាត់ថ្នាក់ទៀតនៅក្នុងឆ្នាំ២០១៩នេះ។

នៅឆ្នាំ២០១៩នេះ ក្រសួងការបរទេសអាមេរិកបានបញ្ចុះចំណាត់ថ្នាក់កម្ពុជាលើការទប់ស្កាត់ការជូញដូរមនុស្សពីកម្រិតលេខ២ (Tier2) មកកម្រិតលេខ២ដូចគ្នា តែស្ថិតក្នុងបញ្ជីតាមដានឃ្លាំមើល (Tier 2 Watch list)។ ការបន្ថយចំណាត់ថ្នាក់នេះ គឺក្រសួងបរបរទេសអាមេរិកមើលឃើញថា រដ្ឋាភិបាលកម្ពុជាមិនបានអនុវត្តបានពេញលេញទៅតាមស្តង់ដារនៃការលុបបំបាត់អំពើជួញដូរមនុស្សឱ្យស្ថិតក្នុងកម្រិតទាបបំផុត។ បើតាមក្រសួងការបរទេសអាមេរិក អាជ្ញាធរកម្ពុជាមិនបង្ហាញឱ្យឃើញពីកើនឡើងនៃកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការលុបបំបាត់អំពើជួញដូរមនុស្ស។ ក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ថា អាជ្ញាធរកម្ពុជាមិនបានប្រមូល និង ចែករំលែកព័ត៌មានសំខាន់ៗនៃការអនុវត្តច្បាប់លើបញ្ហានេះបានគ្រប់គ្រាន់។ ចំណែក បញ្ហាពុករលួយនៅតែបន្តរារាំងដល់ការអនុវត្តច្បាប់ នីតិវិធីប្រឆាំងនឹងបទឧក្រិដ្ឋ ជាពិសេសការផ្តល់សេវាដល់ជនរងគ្រោះ។ បើទោះបីចំណាត់ថ្នាក់កម្ពុជាលើការទប់ស្កាត់អំពើជួញដូរមនុស្សនេះមិនសូវល្អក៏ពិតមែន តែក៏មិនទាន់ថ្នាក់អាក្រក់ខ្លាំងនោះដែរ។ ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានបង្ហាញពីខិតខំរបស់ខ្លួនក្នុងទប់ស្កាត់ការជួញដូរមនុស្សនេះ មានជាអាទិ៍ ការបន្តបញ្ជូនអ្នកជួញដូរមនុស្សទៅកាន់តុលាការ និង បានកាត់ទោសតាមច្បាប់ បង្កើនការបណ្តុះបណ្តាលលើអនុវត្តច្បាប់ ព្រមទាំងចាត់វិធានការលើកស្ទួយការយល់ដឹង និងជំរុញឱ្យមានការធ្វើចំណាកស្រុកដោយសុវត្ថិភាព។

គួរជម្រាបជូនថា នៅក្នុងការវាយតម្លៃអំពីការទប់ស្កាត់ការជួញដូរមនុស្ស ក្រសួងការបរទេសអាមេរិក បានចែកចេញជា៤ចំណាត់ថ្នាក់។ ចំណាត់ថ្នាក់លេខ១ (Tier 1) សម្រាប់ប្រទេសណាដែលបានអនុវត្តបានពេញលេញទៅតាមស្តង់ដារនៃច្បាប់ការពារជនរងគ្រោះពីការជួញដូររបស់អាមេរិក។ ចំណាត់លេខ២ (Tier 2) គឺសម្រាប់ដាក់ឱ្យប្រទេសណាដែលអនុវត្តមិនទាន់បានពេញលេញទៅតាមស្តង់ដារ ប៉ុន្តែកំពុងបង្ហាញការខិតខំខិតទៅរកស្ដង់ដារ។ ចំណាត់ថ្នាក់លេខ២តែស្ថិតក្នុងបញ្ជីតាមដានឃ្លាំមើល (Tier 2 Watch List) គឺស្រដៀងគា្ននឹងចំណាត់ថ្នាក់លេខ២ដែរ តែគ្រាន់តែបន្ថែមនូវការតាមដានត្រួតពិនិត្យពីការប្តេជ្ញាចិត្តធ្វើឱ្យបានតាមស្តង់ដារនៅឆ្នាំបន្ទាប់។ ដោយឡែក ចំណាត់ថ្នាក់លេខ៣ (Tier3) គឺសម្រាប់ប្រទេសណាដែលអនុវត្តមិនបានពេញលេញទៅតាមស្តង់ដារនៃច្បាប់ការពារជនរងគ្រោះពីការជួញដូរ ហើយគ្មានការបង្ហាញពីការខិតខំអនុវត្ត៕

website_news/2019210603.txt · Last modified: 2019/06/21 16:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki