website_news:2019210802

អាជ្ញាធរខេត្តស្ទឹងត្រែងឲ្យមន្ទីរទេសចរណ៍ណែនាំបន្ថែមការទប់ស្កាត់ការំលោភបំពានលើកុមារក្នុងវិស័យទេសចរណ៍

https://www.information.gov.kh/ ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៩

អាជ្ញាធរខេត្តស្ទឹងត្រែងណែនាំឲ្យមន្ទីរទេសចរណ៍បង្កើនការអប់រំបន្តែមដល់ម្ចាស់អាជីវកម្មជួយពង្រឹងសុវត្តិភាព ការពារសិទ្ធិកុមារ ដើម្បីធ្វើជាយន្តការទប់ស្កាត់កុំឲ្យកើតមានការរំលោភបំពាន និងការជួញដូរចំពោះកុមារក្នុងវិស័យ ទេសចរណ៍។ ការណែនាំនេះធ្វើឡើងក្នុងពិធីបើកវគ្គផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងច្បាប់ ស្ដីពីវិស័យទេសចរណ៍ នៅមន្ទីទេសចរណ៍ខេត្តស្ទឹងត្រែងការលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។ លោក យ៉ង់ សុវឌ្ឍនា អភិបាលរងខេត្តមាន ប្រសាសន៍ថា ការលពីខែមិថុននា ឆ្នាំ២០១៨ អាជ្ញាធរទេសចរណ៍ បានចងក្រងម្ចាស់អាជីវកម្មប្រកបរបរពាក់ព័ន្ធក្នុង វិស័យទេសចរណ៍ ជាបណ្ដាញផ្ដល់ព័ត៌មានរួចមកហើយ។ លោកបន្តថា កិច្ចការចំពោះមុខនេះសូមឲ្យបន្តរួមគ្នាធ្វើការ អប់រំ និងណែនាំបន្ថែមក្រោមកិច្ចសហការគ្នាលប់បំបាត់រាល់ទម្រង់កម្មភាពជួញដូរ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការ ជួញដូរផ្លូវភេទចំពោះកុមារ ក្នុងវិស័យទេសចរណ៍ ដើម្បីឈានទៅលើកកម្ពស់តម្លៃវប្បធម៍ជាតិ។

លោក អ៊ុន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្ត មានប្រសាសន៍ថា ម្ចាស់អាជីវកម្មទាំងអស់បានស្ម័គ្រចិត្ត ធ្វើ ជាភ្នាក់ងារសហការបានល្អជាមួយអាជ្ញាធរទេសចរណ៍ ហើយជាងនេះមន្ទីរបានបើកវគ្គអប់រំ និងជំរុញឲ្យម្ចាស់អាជីវកម្ម បំពេញតួនាទីចូលរួមលើកកម្ពស់សុវត្ថិភាពកុមារជារៀងរាល់ឆ្នាំ។

លោក វរសេនីយ៍ត្រី ជា រដ្ឋា មន្ត្រីនគរបាលទេសចរណ៍ខេត្ត បានអះអាងថា ប៉ុន្មានឆ្នាំកន្លងមកនេះខេត្តស្ទឹង ត្រែងគ្មានករណីកេងប្រវ័ញ្ច និងការជួញដូរកុមារទេ ដោយសារម្ចាស់អាជីវកម្ម និងអាជ្ញាធរពាក់ព័ន្ធបានសហការគ្នាល្អ ក្នុងការអនុវត្តច្បាប់។

លោកស្រី ឡាយ សំភារ ម្ចាស់អាហារដ្ឋាន១៧៩ នៅក្រុងស្ទឹងត្រែងបានលើកឡើងថា គោលការណ៍ដែលមន្ទីរ ទេសចរណ៍បានរៀបចំឡើងនេះ ជាចំណុចដែលម្ចាស់អាជីវកម្មកំពុងនាំគ្នាអនុវត្ត ព្រោះប៉ុន្មានឆ្នាំកន្លងមកធ្លាប់មាន បណ្ដាញព័ត៌មានបានបង្ហាញឲ្យឃើញពីម្ចាស់ហាងលក់ខោអាវបានធ្វើបាបកុមារី ជាខ្ញុំបម្រើ ដែលធ្វើឲ្យប្រជាពលរដ្ឋ យើងមានការឈឺចាប់ជំនួស។

សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែងមានសណ្ឋាគារចំនួន ៦ ផ្ទះសំណាក់ ៤០ ភោជនីយ៍ដ្ឋាន និងអាហារដ្ឋានចំនួន ៣៩កន្លែង ហាងម៉ាស្សា ៩កន្លែង និងហាងខារ៉ាអូខេ ១០កន្លែង មានបុគ្គលិកបម្រើការងារចំនួន ៤៧៧នាក់ ក្នុងនោះ ស្ត្រីចំនួន ៤១៧នាក់។

website_news/2019210802.txt · Last modified: 2019/08/21 15:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki