website_news:2019210804

បច្ចុប្បន្នស្រ្តីខ្មែរជាង៨ពាន់នាក់ បានរៀបការជាមួយបុរសកូរ៉េ

https://www.dap-news.com/ ByID:118 Posted on 21 August 2019 | 13:04

ភ្នំពេញ៖ ក្នុងជំនួបជាមួយលោក អូ ណាក់យ៉ុង (Oh Nak-young) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាចប់អាណត្តិនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា បច្ចុប្បន្នមានស្រ្តីជាជនជាតិខ្មែរជាង៨ពាន់នាក់ បានរៀបការជាមួយបុរសជនជាតិកូរ៉េ ហើយមានប្រមាណ៤០០នាក់ មានភរិយាជាជនជាតិកូរ៉េ ។ ចំណុចនេះ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “ដូច្នេះមានន័យថា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនមានការកើនឡើង” ។

ពាក់ព័ន្ធស្រ្តីខ្មែររៀបការជាមួយបុរសកូរ៉េ សម្តេចតេជោ នាពេលកន្លងមកបានចាត់ទុកកូរ៉េ គឺជាដន្លងដ៏ល្អ ហើយក៏បានស្នើភាគីកូរ៉េជួយមើលការខុសត្រូវ ការពារដល់ស្រ្តីខ្មែរ និងពលករខ្មែរទៅរស់នៅ ក៏ដូចជាធ្វើការនៅកូរ៉េផងដែរ។ សម្តេចបន្តថា បច្ចុប្បន្នក្នុងកម្រិតទ្វេភាគីឃើញថា ពលកររបស់កម្ពុជាទៅធ្វើការនៅប្រទេសកូរ៉េមានការកើនឡើងដែលបានជួយដល់ប្រជាពលរដ្ឋមិនត្រឹមតែពលករនៅកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែបាននាំចំណូលជាច្រើនដល់គ្រួសាររបស់គាត់ និងជួយសេដ្ឋកិច្ចកម្ពុជាផងដែរ។ ពិសេសពលករកម្ពុជាបានរៀនសូត្រនិងទទួលបទពិសោធន៍ពីកូរ៉េដែលបានបង្កើនសមត្ថភាព។ សម្ដេចតេជោក៏ចង់ឃើញនៅពេលខាងមុខនូវការពង្រីកទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ទំហំពាណិជ្ជកម្ម កំណើនវិនិយោគ និងទេសចរណ៍កូរ៉េផងដែរ។ សម្ដេចនាយករដ្ឋមន្រ្តីគ្រោងនឹងអញ្ជើញបំពេញទស្សនកិច្ចនៅកូរ៉េនៅពេលខាងមុខ ប៉ុន្តែមិនទាន់បានកំណត់ពេលវេលាជាក់លាក់នៅឡើយទេ ៕

website_news/2019210804.txt · Last modified: 2019/08/21 15:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki