website_news:2019210805

ពលករខ្មែរច្រើននាក់កំពុងជាប់ឃុំលើដីថៃ សាច់ញាតិរត់រកការអន្តរាគមន៍

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៦:៥៦ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋមួយក្រុមមានជិត២០នាក់ ដែលខ្លះជាឪពុកម្តាយ ខ្លះជាសាច់ញាតិ និងខ្លះទៀតជាតំណាង កាលពីរសៀលថ្ងៃទី១៩ សីហា បានទៅកាន់ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ នៅក្រុងប៉ោយប៉ែត ដើម្បីឱ្យជួយដល់កូនៗនិងសាច់ញាតិរបស់ពួកគា ត់ដែលកំពុងជាប់ឃុំលើទឹកដីថៃក្រោយត្រូវចាប់ខ្លួន និងជាប់ចោទឆ្លងដែនខុសច្បាប់ ។

ជួបជាមួយស្ត្រីឈ្មោះអិល អៅ អាយុ៥៨ឆ្នាំ រស់នៅភូមិថ្នល់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទថា កាលពីរសៀល គាត់និងពលរដ្ឋផ្សេងទៀតជិត២០នាក់ បានទៅកាន់ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីពឹងពាក់ដល់មន្ត្រីឲ្យជួយដល់កូននិងសាច់ញាតិ ដែលកំពុងជាប់ឃុំលើទឹកដីថៃ ។ ស្ត្រីដដែលបន្តថា ប្អូនបង្កើតនិងប្អូនជីដូនមួយរបស់គាត់ចំនួន៥នាក់ (ស្រី២ ប្រុស៣) ពេលនេះកំពុងជាប់ឃុំឃាំងនៅក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ។ គាត់បន្តថាប្អូនៗគាត់បានចេញពីកម្ពុជាកាលពីអំឡុងចុងខែមេសា ឆ្នាំ2019 តាមច្រករបៀងមួយ ដើម្បីទៅរកការងារធ្វើលើទឹកដីថៃជាមួយពលករជាច្រើននាក់ តែមិនទាន់បានដល់គោលដៅផង ក៏ត្រូវសមត្ថកិច្ចថៃចាប់ខ្លួនទាំងអស់ ។

ស្ត្រីខាងលើបន្តថា យោងកាសាកសួរពីប្អូនៗតាមទូរស័ព្ទពីប្រទេសថៃ (ទីតាំងជាប់ឃុំ)ប្រាប់ថា ពលករសរុបដែលសមត្ថកិច្ចថៃចាប់នោះមាន៨៥នាក់ ហើយថាពលករខ្លះមានទាំងកូនតូចៗថែមទៀត ។ គាត់បន្តទៀតថា ក្រោយចាប់ឃាត់ខ្លួនពលករចំនួន៦១នាក់ គេបញ្ជូនទៅដាក់ឃុំបណ្តោះអាសន្ន នៅក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ និងជាង២០នាក់ទៀត គេយកទៅដាក់ឃុំនៅគុកធំ(សួនភ្លូ)ជិតក្រុងបាងកក ។ ពេលសាកសួរថា តើហេតុអ្វីពលករទាំងនេះ មិននាំគ្នាស្វែងរកឯកសារស្របច្បាប់មុនចាកចេញពីកម្ពុជាស្ត្រីខាងលើលើកឡើងថា ព្រោះជីវភាពក្រីក្រគ្មានប្រាក់ធ្វើលិខិតឆ្លងដែនម្យ៉ាងគាត់ថា ប្អូនៗនិងជីដូនមួយទាំងនេះ ធ្លាប់ឆ្លងដែនខុសច្បាប់ម្តងរួចទៅហើយៗថាបើលើកទី2នេះ ជោគជ័យ និងនាំគ្នាយកប្រាក់ធ្វើលិខិតឆ្លងដែនឲ្យបានគ្រប់គ្នាៗ ដើម្បីបញ្ចៀសបញ្ហាកើតឡើងដឹងអីមិនទាន់ដល់គោលដៅផងត្រូវសមត្ថកិច្ចថៃចាប់ខ្លួនបាត់ទៅហើយ ។ (សម្រួលដោយ៖ ស្រីណា)

website_news/2019210805.txt · Last modified: 2019/08/21 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki