website_news:2019211002

ហាងម៉ាស្សា ស្ទីម-សូណា និងបង្កប់សេវាផ្លូវភេទរបស់ជនជាតិចិន ប្រុងបើកអាជីវកម្ម ត្រូវបង្ក្រាបទាន់ពេល

http://kampucheathmey.com/ 18/10/2019 5:32 Pm

ភ្នំពេញ ៖ ទីតាំងអាជីវកម្មមួយកន្លែង របស់ជនជាតិចិន ដែលត្រៀមបើកហាងម៉ាស្សា ស្ទីម-សូណា និងបង្កប់សេវាផ្លូវភេទ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ត្រូវបានលោក សុខ ពេញវុធ អភិបាល នៃគណៈ អភិបាលខណ្ឌដូនពេញចាត់ឲ្យមន្ត្រីជំនាញចុះពិនិត្យ និងបង្ក្រាបជាក់ស្តែងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះ។

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានព័ត៌មានថា ទីតាំងនោះបានត្រៀមបើកអាជីវកម្មនោះលោកក៏ចាត់ឲ្យលោក យស យុទ្ធី អភិបាលរងខណ្ឌ លោក ថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងលោក ហែម វណ្ណា អធិការងខណ្ឌ ដឹកនាំកម្លាំងគណៈកម្មការចម្រុះចុះត្រួតពិនិត្យជាក់ស្តែងនៅទីតាំងអាជីវកម្មរបស់ជនជាតិចិន ដែលត្រៀមរៀបចំបើកហាងម៉ាស្សា ស្ទីម-សូណា និងបង្កប់សេវាផ្លូវភេទ ដែលមានយីហោ “ឡុងពាន អ៊ីឡុងវ័ន ងូតទឹក ” មានទីតាំង ផ្ទះលេខ ៧Eo ផ្លូវលេខ១៧២ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ ក្នុងប្រតិបត្តិការនោះ ក្រោយចុះពិនិត្យជាក់ស្តែងឃើញថា ទីតាំងខាងលើបានត្រៀមបើកប្រកបអាជីវកម្ម ម៉ាស្សា ស្ទីម-សូណា និងមាន បង្ហាញនូវផ្ទាំងរូបភាពអាសអាភាស ជាច្រើនផ្ទាំងដែលធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ជាតិ តម្លៃស្ត្រី និងគ្រួសារខ្មែរ រួមទាំងមានស្រោមអនាម័យ មិនទាន់ប្រើមួយចំនួនធំផងដែរ។

គណៈកម្មការបានសំរេចដូចខាងក្រោមទី១-ដកហូតរូបភាពអាសអាភាសទាំងអស់ ដែលបានដាក់តាំងបង្ហាញនៅលើជញ្ជាំង។ ២-ផ្អាកអាជីវកម្មនេះ បណ្តោះអាសន្នរង់ចាំបំពេញបែបបទ និងច្បាប់អាជីវកម្មត្រឹមត្រូវទើបអនុញ្ញាតឲ្យប្រកបអាជីវកម្មវិញបាន។ ៣-មិនអនុញ្ញាតឲ្យដាក់តាំងរូបភាពអាសអាភាស ឬខ្លឹមសារផ្សេងៗ ដែលនាំឲ្យប៉ះពាល់ដល់សីលធម៌សង្គម។ ៤-ហាមដាច់ខាតធ្វើអាជីវកម្មបម្រើសេវាផ្លូវភេទ ការប្រើប្រាស់គ្រឿងញៀន ឬយកទីតាំងអាជីវកម្មប្រព្រឹត្តិបទល្មើសផ្សេងៗ។ ក្រៅពីសម្ភារៈខាងលើ ក្រុមការងារពុំបានដកហូតសម្ភារៈ ផ្សេងៗ ដែលមិនពាក់ព័ន្ធឡើយ និង បានឲ្យម្ចាស់ទីតាំងផ្តិតមេដៃលើកំណត់ហេតុផងដែរ៕ រស្មី

website_news/2019211002.txt · Last modified: 2019/10/21 13:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki