website_news:2019211106

អ្នកប្តឹង និងអ្នកពាក់ព័ន្ធរឿងបាត់ខ្លួននាងក្រមុំកំពុងវ័ណ្ឌកដូចគ្នា

https://news.kohsantepheapdaily.com.kh/ By thida November 21, 2019

រាជធានីភ្នំពេញ ៖ ស្ត្រីវ័យកណ្តាលម្នាក់ជាអ្នកប្តឹង និងស្ត្រីវ័យចំណាស់ម្នាក់ទៀតជាប់ពាក់ព័ន្ធករណីធ្វើឱ្យបាត់ខ្លួននាងក្រមុំ ដែលសាច់ញាតិសង្ស័យថា មានគេនាំនាងជួញដូរឆ្លងដែនទៅប្រទេសចិននោះ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថបញ្ជូនខ្លួនស្ត្រីទាំង២នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ។

ស្ត្រីទាំង២នាក់ខាងលើនេះ ក្នុងនោះស្ត្រីជាជនជាប់ពាក់ព័ន្ធឈ្មោះ លឹម វ៉ាន្នី អាយុ៦៣ឆ្នាំ មានអាស័យដ្ឋានផ្ទះជួលដូរលុយយីហោ«អាស៊ីវេលុយ»លេខ៣៧០ មហាវិថីម៉ៅសេទុង មុខផ្សារដើមគ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកស្ត្រីម្នាក់ទៀតជាអ្នកប្តឹងឈ្មោះ តុច សុផល អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិទួលក្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ នៅសាលាដំបូងរាជធានីភ្នំពេញត្រូវបានគេដឹងថា ស្ត្រីឈ្មោះ លឹម វ៉ាន្នី ដែលសមត្ថកិច្ចចាប់សែងចេញពីក្នុងអង្រឹងនាំយកទៅសាកសួររឿងបាត់នាងក្រមុំម្នាក់ នៅតែបដិសេធមិនទទួលស្គាល់ការចោទប្រកាន់នោះទេ ។ ចំណែកស្ត្រីឈ្មោះ តុច សុផល ដែលជាម្តាយមីងនាងក្រមុំបាត់ខ្លួន ដំបូងគាត់ជាអ្នកបំភ្លឺជូនសមត្ថកិច្ចរឿងបាត់ក្មួយស្រីគាត់ទេ ប៉ុន្តែការបំភ្លឺនោះ ត្រូវបានវ័ណ្ឌកធ្លាក់មកលើខ្លួនឯងវិញ ដោយសមត្ថកិច្ចរកឃើញថា គាត់ជាអ្នកនាំក្មួយស្រីមកប្រគល់ឲ្យស្ត្រីឈ្មោះ លឹម វ៉ាន្នី ។ តាមប្រភពដដែលបានបន្តថា ដូច្នេះម្តាយមីងឈ្មោះ តូច សុផល នេះក៏ជាប់ពាក់ព័ន្ធនឹងករណីជួញដូរមនុស្សនាំចេញឆ្លងដែនដោយខុសច្បាប់ដែរ ទើបត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការជាមួយគ្នា ។ ទោះបីយ៉ាងណា សំណុំរឿងស្មុគ្រស្មាញមួយនេះ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរ នឹងនៅមិនទាន់ចោទប្រការជាផ្លូវការទេ ។

សូមរំលឹកថា កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកបានចាប់សែងស្ត្រីម្នាក់ឈ្មោះ លឹម វ៉ាន្នី ចេញពីក្នុងអង្រឹងលើកដាក់ចូលរថយន្ត បន្ទាប់ពីហៅសាកសួររឿងបាត់នាងក្រមុំម្នាក់នោះ ដែលមិនព្រមសហការជាមួយសមត្តកិច្ច ។ តាមប្រភពព័ត៌មានបានបន្តថា មុនដំបូងកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌទួលគោក បានទៅអញ្ជើញស្ត្រីវ័យចំណាស់នោះទៅធ្វើការសាកសួរនៅទីបញ្ជាការដ្ឋានកងរាជអាវុធខណ្ឌ តែគាត់មិនព្រមទៅទេ ថែមទាំងប្រកែកថា មិនបានដឹងមិនបានឮរឿងនោះទេ តែដោយសារមិនព្រមសហការ ទើបសមត្ថកិច្ចបានសុំគោលការណ៍ពីខាងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនាំខ្លួនតែម្តង ។ ខណៈឃើញស្ត្រីរូបនេះមានបំណងព្យាយាមគេចផង ទើបកម្លាំងកងរាជអាវុធហត្ថចាប់សែងចេញពីក្នុងអង្រឹងលើកដាក់ក្នុងរថយន្ត និងដឹកទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញទៅ ។

ចំណែកស្ត្រីឈ្មោះ តូច សុផល ដំបូងបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ក្មួយស្រីរបស់គាត់ឈ្មោះ ចាន់ ស្រីណយ អាយុ១៨ឆ្នាំ បានបាត់ខ្លួនមិនដឹងទៅណា បន្ទាប់ពីមកធ្វើការជាអ្នកលក់បាយ និងស្នាក់នៅផ្ទះវេរលុយខាងលើ ។ ស្ត្រីជាម្តាយមីងបានបន្តថា តាមរយៈអ្នកស្គាល់គ្នា គាត់បានយកកូនស្រី២នាក់ និងក្មួយស្រីម្នាក់ឲ្យមកធ្វើការជាមួយស្ត្រីឈ្មោះ លឹម វ៉ាន្នី ។ លុះក្រោយមកគាត់បានយកកូនទៅរៀនវិញ នៅសល់តែក្មួយស្រីរងគ្រោះនៅធ្វើការជាអ្នកលក់បាយអស់រយៈពេលជាង១ខែមកនេះ ។ ស្រាប់តែថ្មីៗនេះឃើញហ្វេសប៊ុកកូនស្រីរបស់ស្ត្រីឈ្មោះ លឹម វ៉ាន្នី បង្ហោះរូបថតក្មួយស្រីគាត់ជាមួយជនជាតិចិន ក៏មានការសង្ស័យថា ក្មួយស្រីរបស់គាត់ត្រូវបានគេនាំយកទៅលក់ឲ្យជនជាតិចិន ហើយគាត់បានទាក់ទងតាមទូរស័ព្ទដែរ តែក្មួយស្រីមិនលើកនោះទេ ។ ស្ត្រីជាម្តាយមីងបានបន្តទៀតថា ដោយសារមានរឿងដូច្នេះហើយ ទើបគាត់ធ្វើដំណើរមកភ្នំពេញដើម្បីសួរនាំស្ត្រីឈ្មោះ លឹម វ៉ាន្នី ដែរ តែគេមិនឆ្លើយ និងមិននិយាយ ថែមទាំងជេរប្រមាថទៀត ទើបគាត់ជាម្តាយមីងបានទៅប្តឹងសមត្ថកិច្ចតែម្តង ទីបំផុតខ្លួនជាអ្នកប្តឹងក៏ត្រូវវ័ណ្ឌកដែរ ។

ទោះបីជាយ៉ាងណាក្តី គេពុំទាន់ដឹងថា នាងក្រមុំដែលបាត់ខ្លួនខាងលើនោះ ត្រូវបានគេលក់ដូរមែនឬយ៉ាងណាទេ ហើយស្ត្រីវ័យចំណាស់នៅតែបដិសេធ ដូច្នេះមានតែតំណាងអយ្យការជាអ្នកសម្រេចលើជោគវាសនាស្ត្រីទាំង២នាក់នេះ ៕ (កែសម្រួលដោយ ៖ ធីតា)

website_news/2019211106.txt · Last modified: 2019/11/21 14:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki