website_news:2019220204

ពលករខ្មែរសាទរនឹងក្រសួងការងារថៃដែលស្នើរដ្ឋាភិបាលខ្លួនឲ្យពលករត្រឡប់ទៅលេងបុណ្យចូលឆ្នាំមិនយកថ្លៃទិដ្ឋាការចេញចូល

https://www.rfa.org/khmer/news/ ដោយ ជាតិ ចំណាន 2019-02-21

ក្រសួងការងារថៃត្រៀមស្នើសុំទៅរដ្ឋាភិបាលខ្លួន ដើម្បីសម្រួលឲ្យពលករបរទេសអាចឆ្លងដែនទៅលេងបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួន ចាប់ពីថ្ងៃទី៥រហូតដល់ថ្ងៃទី៣០ មេសា ដោយមិនបាច់បង់ប្រាក់ធ្វើទិដ្ឋាការចេញចូលតាមព្រំដែន។ ពលករខ្មែរ និងមន្ត្រីអង្គការសង្គមស៊ីវិល សាទរចំពោះវិធានការនេះ ដែលអាចជួយកាត់បន្ថយការចំណាយក្នុងការធ្វើដំណើររបស់ពលករត្រឡប់ទៅស្រុកកំណើត។

ពលករខ្មែរធ្វើការនៅប្រទេសថៃលោក ហឿន ស ថ្លែងប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី២១ កុម្ភៈថា ការជួយសម្រួលនេះជារឿងល្អចំពោះពលករ ដើម្បីបានត្រឡប់ទៅលេងស្រុកកំណើតដោយមិនចំណាយថវិកាច្រើន។ លោកបន្តថាកន្លងមក ការធ្វើដំណើរត្រឡប់ទៅលេងស្រុកកំណើតច្រើនតែចេញតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ព្រោះងាយស្រួលរកឡានឈ្នួលធ្វើដំណើរទៅផ្ទះ៖ «មិនថាកន្លែងណាទេខ្ញុំលឺគេថា បានគេឲ្យចេញចូលសេរីមិនដូចមុនល្អ បើពីមុនសមត្ថកិច្ចយកលុយគ្រប់ច្រកព្រំដែន ដល់ក្រសួងការងារថៃមិនយកលុយខ្ញុំត្រេកអរ ដែលគេផ្ដល់តម្លៃឲ្យពលករ ដែលធ្វើការនៅស្រុកគេ ដូចថា ពេលមានបុណ្យទានយើងអាចត្រឡប់ទៅលេងបងប្អូនបានស្រួល»។

ចំណែកពលករម្នាក់ទៀតថ្លែងឲ្យដឹងថា បុណ្យចូលឆ្នាំខាងមុខនេះ លោកមិនបានទៅលេងស្រុកខ្មែរនោះទេ ក៏ប៉ុន្តែលោកសប្បាយចិត្តនឹងវិធានការនេះ ព្រោះសង្ឃឹមថា នឹងបានជួយសម្រួលដល់ពលករឲ្យឆាប់បានត្រឡប់ទៅដល់ផ្ទះលឿនជាងមុនផងពេលទៅដល់ច្រកព្រំដែន៖ «អត់មានលិខិតឆ្លងដែនទៅតាមផ្លូវកាត់គេយកលុយជាង ១ពាន់បាត ឬប្រហែល ១៣ម៉ឺនរៀល (១៣០.០០០)។ ខ្ញុំចេះតែចង់ទៅស្រុកហើយ ប៉ុន្តែចិត្តមួយមិនចង់ទៅដោយសារឃើញស្ថានការណ៍នៅស្រុកខ្មែរកាន់តែយ៉ាប់យ៉ឺនទៅ ព្រោះនៅស្រុកខ្ញុំអាជ្ញាធររំលោភយកដីពលរដ្ឋ ហើយដេញចាប់ពលរដ្ឋ ដែលតវ៉ាប្រឆាំងនឹងអាជ្ញាធរ»។

គេហទំព័រក្រសួងការងាររបស់ថៃ បានចុះផ្សាយនៅពីថ្ងៃទី២០ កុម្ភៈថា រដ្ឋមន្ត្រីក្រសួងការងារថៃ លោក អាឌុល សែងសិងកែវ (Adhol Saeng Sing Keo) បានម្រេចអនុញ្ញាតឲ្យពលករបរទេស រួមមាន កម្ពុជា លាវ(Lao) និង ភូម៉ា ឬ មីអែនម៉ា (Myanmar) អាចធ្វើដំណើរត្រឡប់ទៅលេងបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួន ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៣០ មេសា ដោយមិនបាច់បង់ប្រាក់ធ្វើទិដ្ឋាការចេញចូលតាមច្រកព្រំដែនដែលបានមានតម្លៃ ២ពាន់បាត ឬប្រមាណ ៦៥ដុល្លារអាមេរិក។ ទោះជាយ៉ាងណាក្ដី សេចក្ដីសម្រេចនេះមិនទាន់បញ្ជូនទៅរដ្ឋាភិបាលថៃនៅឡើយទេ ដោយក្រសួងការងារថៃត្រៀមបញ្ជូនរឿងនេះដាក់ទៅរដ្ឋាភិបាលរបស់ខ្លួន ដើម្បីអនុម័តក្នុងពេលឆាប់ៗ ខាងមុខ។ នៅពេលរដ្ឋាភិបាលថៃអនុម័តលើរឿងនេះហើយ ក្រសួងការងារថៃ នឹងបញ្ជូនមន្ត្រីរបស់ខ្លួនផ្សព្វផ្សាយដំណឹងនេះនៅខេត្តជាប់ព្រំដែន និងជួយសម្រួលដល់ពលករនៅតាមច្រកព្រំដែន ដើម្បីកុំឲ្យមានការប្រព្រឹត្តអំពើពុករលួយជុំវិញបញ្ហានេះទៀតផង។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា មានប្រសាសន៍ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី២១ កុម្ភៈថា ការមិនឲ្យពលករបង់ប្រាក់ធ្វើទិដ្ឋាការចេញចូល គឺជារឿងមួយមានប្រយោជន៍សម្រាប់ពលករ ធ្វើឲ្យពួកគាត់ចំណាយថវិកាតិចជាងមុន។ លោកបន្តថា ជារឿយៗ ពលករខ្មែរទៅលេងបុណ្យប្រពៃណីជាតិម្ដងៗ ត្រូវចំណាយប្រាក់ក្នុងការធ្វើដំណើរ ចន្លោះពី ១០០ ទៅ ២០០ដុល្លារអាមេរិក ដោយសាររថយន្តឡើងថ្លៃនិងចំណាយធ្វើទិដ្ឋាការនៅច្រកព្រំដែន៖ «កន្លងមកយើងតែងតែស្នើសុំភាគីពាក់ព័ន្ធទាំងរដ្ឋាភិបាលថៃនិងរដ្ឋាភិបាលកម្ពុជា ឲ្យសហការគ្នាលើកលែងថ្លៃធ្វើទិដ្ឋាការចេញចូលប្រទេសថៃ ពីព្រោះវាជាចំណាយធំមួយ។ក្រៅពីនេះយើងស្នើសុំឲ្យភាគីទាំង២ មេត្តាសម្របសម្រួលឲ្យមានការចេញចូល កុំឲ្យមានការយកលុយក្រៅផ្លូវការនៅច្រកព្រំដែន ព្រោះជាទូទៅពលករត្រឡប់មកលេងស្រុកកំណើតច្រើនធ្វើដំណើរតាមផ្លូវគោក ហើយមានការរអ៊ូរទាំការយកលុយយកកាក់នៅច្រកព្រំដែនច្រើន»។

សព្វថ្ងៃពលករខ្មែរធ្វើការងារនៅប្រទេសថៃមានជាង ១លាននាក់ ខណៈដែលក្រសួងការងារថៃប៉ាន់ប្រមាណថា ពលករដែលត្រឡប់ទៅលេងបុណ្យចូលឆ្នាំនៅពេលខាងមុខមានប្រមាណពី២០ទៅ៣០ម៉ឺននាក់(៣០០.០០០)៕

website_news/2019220204.txt · Last modified: 2019/02/22 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki