website_news:2019220208

ថៃចាប់បញ្ជូនខ្មែរឥស្លាម៣៤នាក់ ដោយសង្ស័យថាលួចធ្វើដំណើរទៅធ្វើការនៅភាគខាងត្បូងនិងម៉ាឡេស៊ីដោយខុសច្បាប់

http://www.rasmeinews.com/ February 22, 2019, 9:48 AM

ប៉ូលិសថៃបានចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញនូវជនឥស្លាមកម្ពុជា៣៤នាក់ ដោយបដិសេធសំណើធ្វើដំណើររបស់ពួកគេទៅធ្វើការនៅចុងខាងត្បូងថៃ ដោយសារមិនបំពេញលក្ខខណ្ឌអន្តោប្រវេសន៍គ្រប់គ្រាន់។នេះបើតាមការផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្ត៍កាលពីថ្ងៃសុក្រទី២២កុម្ភៈ។ ក្រុមដែលរួមមាន បុរស៣២នាក់និងស្ត្រី២នាក់ ត្រូវបានប្រាប់អោយវិលមកកាន់ក្រុងប៉ោយប៉ែតរបស់កម្ពុជាវិញ កាលពីថ្ងៃព្រហស្បត៍បន្ទាប់ពីពួកគេបានឆ្លងព្រំដែនថៃ-កម្ពុជាចូលខេត្តសាកែវ។

ពួកមន្ត្រីថៃបាននិយាយថា ជនចំណាកស្រុកទាំងនេះត្រូវបានឃុំខ្លួនទុកបណ្តោះអាសន្នមួយរយៈពេលខ្លី ក្រោយពីបានដឹងអំពីគោលបំណងពិតរបស់ពួកគេដើម្បីបញ្ចៀសការយល់ខុសណាមួយ។បន្ទាប់មកមេប៉ូលិសខេត្តសាកែវ បានស្នើសុំអាជ្ញាធរកម្ពុជា ចូលរួមស៊ើបអង្កេតអំពីឋានៈរបស់អ្នកដំណើរទាំងនេះ។

សារព័ត៌មានខាងលើអះអាងថា ពួកគេទាំងអស់បានធ្វើដំណើរតាមទិដ្ឋាកាទេសចរណ៍តែភាគច្រើនក្នុងចំណោមពួកគេបាននិយាយថាពួកគេមានបំណងទៅធ្វើការនៅបណ្តាខេត្តភាគខាងត្បូងថៃ។ខ្លះទៀតអះអាងថា ថៃគ្រាន់តែជាចំណុចឆ្លងកាត់សំរាប់ពួកគេបន្តទៅធ្វើការនៅម៉ាឡេស៊ី ដោយត្រូវឆ្លងកាត់ច្រកព្រំដែននៅខេត្តណារ៉ាតធីវ៉ាត។តាមច្បាប់ថៃ ជនបរទេសមកពីបណ្តាប្រទេសជិតខាងអាចធ្វើការនៅថៃបាន តែតាមរយៈMoUរវាងរដ្ឋាភិបាលរៀងៗខ្លួន។មន្ត្រីថៃកាលពីថ្ងៃ២១កុម្ភៈបានពិនិត្យឃើញថា ជនអ៊ីស្លាមកម្ពុជា៣៤នាក់នេះមិនបានបំពេញលក្ខខណ្ឌនេះទេ។សារព័ត៌មានដដែលបាននិយាថា កាលពីថ្ងៃព្រហស្បត៍នេះដែរ ប៉ូលិសអយស្ម័យយាននៅស្រុកហាតយ៉ៃនៃខេត្តសុងក្លាភាគខាងត្បូងក៏បានរកឃើញអ្នកដំណើរកម្ពុជាស្រី៣នាក់មិនមានឯកសារធ្វើ់ដំណើរត្រឹមត្រូវ។ពួកគេបានប្រាប់ប៉ូលិសថា ពួកគេធ្វើដំណើរទៅពីប៉ោយប៉ែតនិងតំរង់ទៅកាន់ម៉ាឡេស៊ី។ នៅខែនេះដែរ យុវជនកម្ពុជា៣នាក់ដែលរៀននៅសាលាឥស្លាមមួយនៅក្នុងខេត្តភាគខាងត្បូងប៉ាតតានីត្រូវប៉ូលិសថៃចាប់ខ្លួនក្នុងចំណោមសិស្សបរទេស១១នាក់ ដោយសារមិនមានទិដ្ឋាការត្រឹមត្រូវ៕ ដោយ៖វាសនា

website_news/2019220208.txt · Last modified: 2019/02/22 14:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki