website_news:2019220301

បញ្ជូនម្ចាស់ហាងម៉ាស្សា បង្កប់សេវាផ្លូវភេទទៅតុលាការ

https://m.postkhmer.com/ គឹម សារុំ 22 March 2019 | 07:44 ICT

កណ្ដាលៈ ជនសង្ស័យម្នាក់ដែលបើកទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទ ត្រូវនគរបាលប្រឆាំងការជួញដូរមនុស្សខេត្តកណ្តាលបញ្ជូនទៅសាលាដំបូងខេត្តកាលពីម្សិលមិញបន្ទាប់ពីឃាត់ខ្លួននៅភូមិព្រែកសំរោង សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី ១៩ មីនា។

លោកស្រី ឈឹម វណ្ណនី ស្នងការ រងទទួលផែនប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ករណីជនសង្ស័យម្នាក់ឈ្មោះ កាន់ កាឌី អាយុ ៥១ ឆ្នាំ និងជាម្ចាស់ទីតាំងម៉ាស្សានោះសមត្ថកិច្ចជំនាញរបស់លោកស្រីបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលនៅថ្ងៃ (ថ្ងៃទី ២១ មីនា) នេះ។ លោកស្រី បានឲ្យដឹងថា ការបញ្ជូនជនសង្ស័យទៅតុលាការដើម្បីប្រឈមនឹងច្បាប់នេះគឺក្រោយពីសមត្ថកិច្ចបានសាកសួររួចហើយករណីនេះជនសង្ស័យបានសារភាពថា បានពាក់ព័ន្ធនឹងសកម្មភាពនេះ។ លោកស្រីបញ្ជាក់ថា៖ «ក្នុងអំពើជួញដូរនេះគឺមានតែជនសង្ស័យម្នាក់ទេ រីឯនារីរងគ្រោះ ៦ នាក់មានអ្នកខ្លះអាយុក្រោម ១៨ ឆ្នាំនិងអ្នកខ្លះលើស ១៨ ឆ្នាំយើងបានបំពេញនីតិវិធីប្រគល់ពួកគេឲ្យខាងមន្ទីរសង្គមកិច្ចខេត្តកណ្តាលហើយ»។ លោកស្រី ឈឹម វណ្ណនី បានរំឭកប្រាប់ថា កាលពីថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៩ នៅវេលាម៉ោងប្រមាណ ៨ កន្លះយប់ កម្លាំងសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលផែនបង្ក្រាបបទល្មើសជួញដូរបានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាកោសជប់មួយកន្លែងដែលមានយីហោថាម៉ាស្សាដៃប្រសប់ ១៦៨ ស្ថិតក្នុងភូមិកើតហេតុខាងលើ។

ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានឆែកឆេរក្នុងផ្ទះម៉ាស្សានិងប្រមូលបាននារីរងគ្រោះចំនួន ៦ នាក់ជាមួយវត្ថុតាងស្រោមអនាម័យប្រើរួចនិងមិនទាន់ប្រើបានមួយចំនួន និងឃាត់ខ្លួនបុរសសង្ស័យដែលជាម្ចាស់ទីតាំងម៉ាស្សាបានម្នាក់៕

website_news/2019220301.txt · Last modified: 2019/03/26 11:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki