website_news:2019220302

មិនគួរឡើយ! ម្តាយនិងកូនរួមគំនិតគ្នាប្រើល្បិចលើនារីម្នាក់ឱ្យនៅជាមួយភ្ញៀវបន្តបន្ទាប់

https://kohsantepheapdaily.com.kh/article/ ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩ ម៉ោង ០៩:៤១ ប៉ឹង ឆដា

ខេត្តកណ្តាល ៖ ជនសង្ស័យ២នាក់ម្តាយ និងកូនបានរួមគំនិតគ្នាល្បួងនារីម្នាក់ឱ្យទៅធ្វើការនៅផ្ទះខ្លួន រួចប្រើល្បិចហៅភ្ញៀវមករួមភេទជាមួយនារីរងគ្រោះ ហើយបន្តល្បួងនារីរងគ្រោះយកទៅដើរឱ្យដេកជាមួយភ្ញៀវតាមខេត្តទើបបែកធ្លាយត្រូវនគរបាលស្រុកកៀនស្វាយចាប់ខ្លួន។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៧យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។ ជនសង្ស័យ២នាក់ម្តាយកូនខាងលើ ១-ឈ្មោះ អួន សារ៉ន ភេទស្រី អាយុ៦១ឆ្នាំ មុខរបរគ្រូទាយ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ២-ឈ្មោះ ឡេង សាវន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកម្មករតុការ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ចំណែកនារីរងគ្រោះអាយុ២៨ឆ្នាំ ជាអ្នកលក់ដូ មានទីលំនៅក្នុងស្រុកកៀនស្វាយ។

នគរបាលស្រុកកៀនស្វាយឱ្យដឹងថា នៅថ្ងៃទី១៨ មីនា ម៉ោង៨និង១៥នាទីព្រឹកស្ត្រីជនសង្ស័យជាគ្រូទស្សន៍ទាយអាយុ៦១ឆ្នាំបានជិះឡានតាក់ស៊ីមកទស្សន៍ទាយឲ្យនារីរងគ្រោះថា ចុងខែ៣ដើមខែ៤នេះមានគ្រោះថ្នាក់ដល់ខ្លួន បើចង់ផុតគ្រោះគេចខ្លួនចេញពីផ្ទះសិនទៅ បើចង់ធ្វើការងារអ៊ំទុកលេខទូរស័ព្ទឲ្យទាក់ទង ។ ក្រោយពីទស្សន៍ទាយរួចរាល់ស្ត្រីនោះក៏ជិះឡានតាក់ស៊ីត្រឡប់ទៅផ្ទះវិញ។ លុះដល់ថ្ងៃទី១៩ មីនា ម៉ោង៣និង២៥នាទីរសៀល នារីរងគ្រោះបានជិះឡានឈ្នួលទៅស្នាក់នៅផ្ទះរបស់ស្ត្រីសង្ស័យជាគ្រូទាយ។ នគរបាលស្រុកបន្តថា លុះដល់ម៉ោង៧យប់ស្ត្រីដែលត្រូវជាកូនស្រីរបស់ស្ត្រីជាគ្រូទាយបានទូរស័ព្ទហៅប្រុសម្នាក់ឲ្យមកដេកជាមួយនារីរងគ្រោះនៅផ្ទះស្ត្រីជនសង្ស័យនោះតែម្តង ដោយបុរសនោះឲ្យប្រាក់ទៅនារីរងគ្រោះចំនួន៥០.០០០រៀលជាថ្លៃដេករួមភេទ រួចបុរសនោះក៏ចេញទៅបាត់ទៅ ។ លុះដល់ថ្ងៃទី២០ មីនា ម៉ោង៦និង៣០នាទីព្រឹកស្ត្រីជនសង្ស័យជាគ្រូទាយបានជិះឡានឈ្នួលនាំនារីរងគ្រោះទៅដេករួមភេទជាមួយតាចាស់ម្នាក់នៅផ្ទះសំណាក់ ផ្លូវបំបែកគោដេកបី ទីរួមខេត្តស្វាយរៀង ប៉ុន្តែពេលនោះតានោះសួរថា «អ្ហែងធ្លាប់រកស៊ីអញ្ចឹងអត់» នារីរងគ្រោះឆ្លើយថា «ខ្ញុំមិនធ្លាប់រកស៊ីអញ្ចឹងទេ» រួចតានោះមិនដេកជាមួយនារីរងគ្រោះឡើយ ដោយឲ្យប្រាក់ចំនួន១០០.០០០រៀលទៅនារីរងគ្រោះត្រលប់ទៅផ្ទះវិញ។

នគរបាលស្រុកបន្តទៀតថា ពេលនោះនារីរងគ្រោះឲ្យលុយចំនួនពីរម៉ឺនរៀលទៅស្ត្រីសង្ស័យជាគ្រូទាយ រួចក៏នាំនារីរងគ្រោះជិះឡានឈ្នួលត្រលប់មកផ្ទះខ្លួនវិញ ។ លុះដល់ម៉ោង១០និង១០នាទីយប់ ស្ត្រីជាកូនស្ត្រីគ្រូទាយនិយាយថា « ថ្ងៃនេះគ្មានលុយបង់អង្គការទេអញ រកម៉ូយឲ្យដេកជាមួយនារីរងគ្រោះ ដើម្បីយកលុយបង់អង្គការ ។ ពេលនោះនារីរងគ្រោះបានតេទូរស័ព្ទប្រាប់បងជីដូនមួយ២នាក់ឲ្យមកយកខ្លួនចេញពីផ្ទះស្ត្រីជាគ្រូទាយត្រលប់មកផ្ទះវិញ ។ នគរបាលបន្តថា លុះដល់ថ្ងៃទី២១ មីនា ម៉ោង១១និង៣០នាទីព្រឹក នារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍សហការជាមួយផ្នែកជំនាញ និងកម្លាំងនគរបាលស្រុកលើកដែក នាំខ្លួនជនសង្ស័យទាំង២នាក់ខាងលើមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

website_news/2019220302.txt · Last modified: 2019/03/26 11:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki