website_news:2019220402

ពលករខ្មែរត្អូញត្អែរថា សមត្ថកិច្ចខ្មែរ និងថៃនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ យកលុយពីពួកគាត់ ដើម្បីឱ្យបានឆ្លងដែន ទៅធ្វើការងារនៅថៃឲ្យឆាប់រហ័ស

https://www.rfa.org/khmer/ ដោយ ជាតិ ចំណាន 2019-04-19

ពលករខ្មែរត្អូញត្អែរថា សមត្ថកិច្ចខ្មែរ និងថៃនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានបង្ខំយកលុយពីពួកគាត់ម្នាក់ពី ៤ ទៅ ៦ម៉ឺនរៀល ដើម្បីជាថ្នូរបានឆ្លងដែន ទៅធ្វើការងារនៅថៃឲ្យឆាប់រហ័ស ក្នុងពលករខ្មែររាប់ពាន់នាក់ កំពុងសម្រុកចូលថៃ។ មន្ត្រីអង្គការសង្គមស៊ីវិលនៅបន្ទាយមានជ័យចាត់ទុកបញ្ហានេះថា ជាការប្រព្រឹត្តអំពើពុករលួយ ដើម្បីបានប្រាក់ពីពលករដោយខុសច្បាប់។

ពលករ លោក ជឹង វណ្ណា ថ្លែងប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី១៩មេសាថា លោកនៅលេងបុណ្យចូលឆ្នាំខ្មែរឯស្រុកកំណើតបាន៦ថ្ងៃប៉ុណ្ណោះ ហើយក៏ប្រញាប់ត្រឡប់ទៅធ្វើការនៅលើទូកនេសាទរបស់ថៃនៅខេត្តសមុទ្រសាខន (Samut Sakhon) វិញភ្លាម ព្រោះប្រសិនបើនៅយូរនាំឱ្យខាតការងារនិងគ្មានបាត់បង់ប្រាក់ចំណូល ព្រោះនៅផ្ទះគ្មានការងារធ្វើនោះទេ។ ពលកររូបនេះអះអាងទៀតថា ទម្រាំតែឆ្លងផុតច្រកព្រំដែនត្រូវចំណាយពេលអស់មួយថ្ងៃ និងត្រូវស្នាក់នៅព្រំដែនខាងដីថៃមួយយប់ ដោយសារពលករសម្រុកឆ្លងដែនច្រើនរាប់ពាន់នាក់ រហូតដល់អស់រថយន្តឈ្នួលធ្វើឱ្យមិនអាចបន្តដំណើរទៅទីក្រុងបាងកកបានទេ។ លោកបន្តថា ប៉ូលិសអន្តោប្រវេសន្តខ្មែរនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានយកប្រាក់ពីលោកចំនួន ១០០បាត ឬស្មើ ១២.៧០០រៀល ដើម្បីជាថ្នូរប្រថាប់ត្រាលើលិខិតឆ្លងដែន។ លោកថា ពេលទៅដល់ដីថៃ ត្រូវតម្រង់ជួររង់ចាំឱ្យប៉ូលិសថៃប្រថាប់ត្រាលើលិខិតឆ្លងដែនអស់ជាង ៤ម៉ោងទៀត ហើយទម្រាំរួចរាល់ គឺម៉ោង ៦ល្ងាច៖ «ខាងខ្មែរ គឺជាទម្លាប់គេ ហើយត្រូវបង់លុយឱ្យប៉ូលិស ១០០បាត គឺពេលយើងប្រថាប់ត្រាចូលថៃ គឺអស់ ១០០បាត គឺយើងតែឱ្យគេ ព្រោះពេលគេប្រថាប់ត្រាលិខិតឆ្លងដែនហើយ គេមិនទាន់ឱ្យយើងវិញទេ គឺទារលុយពីយើង ១០០បាតសិន បានគេហុចលិខិតឆ្លងដែន។ ខ្ញុំអន់ចិត្តណាស់ ព្រោះអីអ្នកធ្វើការមានប្រាក់រដ្ឋហើយយកលុយពីខ្ញុំទៀត»។ ចំណែកប្រជាពលរដ្ឋម្នាក់ទៀតរស់នៅក្រុងប៉ោយប៉ែត លោក ឆាំ បារាំង ដែលបានទៅពិនិត្យនៅព្រំដែនប៉ោយប៉ែត ថ្លែងថា ចាប់តាំងពីបុណ្យចូលឆ្នាំខ្មែររួចមក គឺនៅច្រកព្រំដែនមួយនេះ មានពលករខ្មែរឆ្លងដែនយ៉ាងណែនណាន់តាន់តាប់តាំងពីព្រឹកដល់យប់។ លោកបន្តថា ការឆ្លងដែននេះពលករមានជម្រើស ២យ៉ាង គឺឆ្លងដែនដោយឆាប់ ត្រូវបង់ប្រាក់ប៉ូលិសខ្មែរ ២៥.០០០រៀលក្នុងម្នាក់ ហើយខាងប៉ូលិសថៃពី ៤ម៉ឺនទៅ ៦ម៉ឺន ៥ពាន់រៀល ក្នុងម្នាក់ និងជម្រើសទី២ គឺឆ្លងដែនតាមធម្មតា ត្រូវរង់ចាំយូរតាមលេខរៀងដោយមិនមានការបង់ប្រាក់នោះទេ តែត្រូវរង់ចាំរយៈពេលជាច្រើនម៉ោង៖ «ពលករនៅហៀកន្លែងប៉ូលិសខ្មែរនៅច្រកព្រំដែន ខាងថៃកន្លែងគេធំផងនៅមានមនុស្សរាប់រយនាក់។ ខាងខ្មែរអ្នកខ្លះចេញទៅមិនកើតនៅដេកផ្ទះសំណាក់ខ្លះនៅចិញ្ចើមផ្លូវខ្លះ។ អ្នកខ្លះបើគ្រាន់តែសរសេរអស់តែ ៤០បាតទេ ដូចអ្នកដែលចូលបានមុខគេរង់ចាំតាំងពីយប់។ អ្នកខ្លះអង្គុយផ្ដុំគ្នារាប់លុយក៏មាន ហើយខ្ញុំឈរថតពួកគាត់ តែខាងថៃគេមកដេញខ្ញុំមិនឱ្យថត ហើយគេយកទូរស័ព្ទពីខ្ញុំលុបរូបថតអស់ នៅទីនោះមានខ្មែរធ្វើការឱ្យថៃជិត ១០នាក់។ ពួកគេជាអ្នកដើរយកលុយពីពលករខ្មែរ»។

ឆ្លើយតបនឹងបញ្ហានេះនាយរងប៉ូលិសអន្តោប្រវេសន្តប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត លោក នឹម វុត្ថា មានប្រសាសន៍ប្រាប់អាស៊ីសេរីថា ចាប់ពីរួចបុណ្យចូលឆ្នាំខ្មែរមក គឺមានពលករឆ្លងដែនទៅធ្វើនៅប្រទេសថៃតាមច្រកព្រំដែន ដែលលោកប្រចាំការយ៉ាងច្រើនកុះករ។ ក៏ប៉ុន្តែលោកអះអាងថា ប៉ូលិសខ្មែរមិនបានយកលុយពីពលករដូចការចោទប្រកាន់នោះទេ៖ «បានដឹងថាច្រើន ក៏ប៉ុន្តែការដំណើរជូនពលរដ្ឋ គឺបានទាន់ពេល ជាពិសេស គឺខ្ញុំបានជួយផ្នែកស្ត្រី និងផ្នែកចាស់ជរា គឺជួយសម្រួលប្រថាប់ត្រាជូនពួកគាត់មុន។ ខាងខ្ញុំប្រមូលកម្លាំងទៅទាំងអស់ ដើម្បីជួយសម្រួលពលករបានឆ្លងដែនឆាប់» ។

កន្លងមន្ត្រីប៉ូលិសទទួលស្គាល់ថា ពួកគេបានយកលុយពីពលករខ្មែរ ប៉ុន្តែមិនមែនជាលុយពុករលួយនោះទេ។ លុយនោះជាលុយទឹកតែតែប៉ុណ្ណោះ ទោះបីជាយ៉ាងណា សង្គមស៊ីវិលថា លុយទឹកតែនេះ ជាលុយពុករលួយ។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា មន្ត្រីប៉ូលិសតាមច្រកព្រំដែនមិនត្រឹមតែយកលុយក្រៅផ្លូវការពីពលករប៉ុណ្ណោះទេ គឺបានហាមឃាត់ពលករមិនពួកគេថតរូបនៅពេលឆ្លងដែននោះទៀតផង។ លោកចាត់ទុកការយកលុយក្រៅផ្លូវការនេះថា ជាក្រុមសមត្ថកិច្ចឱកាសនិយមក្នុងការកេងចំណេញប្រាក់ពីពលករ និងការរួមគ្នាប្រព្រឹត្តអំពើពុករលួយដោយខុសច្បាប់៖ «ការនិយាយរបស់ប្រមុខរដ្ឋាភិបាល ដែលថា ការអនុវត្តតាមច្បាប់ ហាក់ដូចមន្ត្រីដែលគិតគូរពីលុយដាក់ក្នុងហោប៉ៅរបស់ខ្លួន លែងគិតអំពីច្បាប់ហើយ។រឿងនេះខ្ញុំគិតថា គួរតែដកមន្ត្រីប្រចាំការតាមច្រកព្រំដែនទាំងនោះចេញឱ្យអស់ទៅ ហើយរកអ្នកណា ដែលឈាមថ្មីរបស់ពលរដ្ឋ ស្រលាញ់ពលរដ្ឋខ្មែរចេះជួយចេះដឹងអំពីទុក្ខធុរៈរបស់ពលរដ្ឋខ្មែរគួរតែដាក់គាត់ជំនួសវិញ ព្រោះតួនាទីរបស់គាត់ការពារបំពេញបន្ថែមធ្វើឱ្យជីវភាពពលរដ្ឋប្រសើរឡើង អ៊ីចឹងតើមន្ត្រីទាំងនោះបានបំពេញ ឬបានបន្ថែមធ្វើបាបដល់ពលរដ្ឋ»។ លោកបន្តថា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយត្រូវចាត់វិធានទៅលើមន្ត្រីខិលខូចទាំងនេះតាមផ្លូវច្បាប់ជាបន្ទាន់ និងមិនត្រូវលើកលែងឱ្យរួចខ្លួនជាដាច់ខាត ព្រោះមន្ត្រីទាំងនេះគាបសង្កត់ធ្វើបាបដើម្បីយកលុយពីពលករខ្មែរ។

អាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៩ មេសា ដោយទូរស័ព្ទចូលជាច្រើនលើកតែពុំមានអ្នកទទួល។

ប៉ុន្តែថ្មីៗ នេះ លោក ខៀវ សុភ័ក្រ ផ្ដល់សម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុកថា ប៉ូលិសមិនមានទោសទេ ព្រោះរឿងនេះជាកំហុសរបស់ពលករ ដោយសារពួកគាត់ចង់បានឆ្លងដែនឆាប់រហ័ស។

ប៉ុន្តែលោក ស៊ុំ ច័ន្ទគា លើកឡើងថា បញ្ហានេះគ្រាន់តែការឆ្លើយដោះសាយករួចខ្លួនប៉ុណ្ណោះ ព្រោះព្រោះសមត្ថកិច្ចបានអនុវត្តផ្ទុយពីច្បាប់មន្ត្រីរាជការ ដែលហាមឃាត់មិនឱ្យមន្ត្រីរបស់រដ្ឋប្រព្រឹត្តអំពើពុករលួយនោះ ហើយសមត្ថកិច្ចត្រូវសម្រួលធ្វើយ៉ាងឱ្យពលករឆ្លងដែនបានឆាប់រហ័សទៀតផង គឺមិនមែនឆ្លៀតឱកាសមានពលករឆ្លងដែនច្រើន ហើយនាំយកលុយពីពលករ ដោយយកលេសរត់ការឱ្យឆាប់រហ័សនោះទេ៕

website_news/2019220402.txt · Last modified: 2019/04/22 14:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki