website_news:2019220403

ពលករខ្មែរដែលសម្រុកចូលទៅធ្វើការនៅថៃវិញត្រូវអាជ្ញាធរព្រំដែនច្រកដូងទារលុយ

https://www.rfa.org/khmer/news/ ដោយ ទីន ហ្សាការីយ៉ា 2019-04-19

តំណាងពលករខ្មែរនៅប្រទេសថៃ លោក ស៊ុន សីហា បញ្ជាក់ថា ចាប់ពីថ្ងៃទី១៧ មេសាមក ពលករខ្មែរ នាំគ្នាចេញពីស្រុកកំណើតរៀងៗខ្លួន សម្រុកចូលទឹកដីថៃវិញរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ក្រោយពីពិធីចូលឆ្នាំថ្មីបានបញ្ចប់ភ្លាមៗ កាលពីថ្ងៃទី១៦ មេសា មក តាមច្រកព្រំដែនដូង ឬច្រកបានឡែម ក្នុងខែត្របាត់ដំបង និងច្រកអន្តរជាតិប៉ោយប៉ែត ខែត្របន្ទាយមានជ័យ។ លោក សីហា បញ្ជាក់ថា ការវិលត្រលប់មកថៃវិញនេះ មន្ត្រីនគរបាលច្រកដូង តម្រូវឱ្យពលករទិញសំបុត្រចូលម្នាក់តម្លៃ ១ពាន់រៀលទេ ប៉ុន្តែពេលដូរចូលទឹកដីខ្មែរមានមនុស្សជួយរៀបចំសណ្ដាប់ធ្នាប់ពេលដើរចូលទឹកដីថៃ តម្រូវឱ្យបង់លុយម្នាក់៦០បាត ឬស្មើ៦ពាន់រៀលទៀត។ លោកបន្ថែមថា បុគ្គលដែលតម្រូវឱ្យពលករបង់លុយនោះនិយាយភាសាខ្មែរ និងស្លៀកស៊ីវិល៖ «មកដល់ច្រកដូងហ្នឹង គឺទិញពីមន្ត្រីអន្តោប្រវេសន៍ខ្មែរ មកដល់ទឹកដីថៃ មានមន្ត្រីខ្មែរផង ថៃមកប្រាប់ពលករឱ្យបង់លុយម្នាក់៦០បាត មិនដឹងជាថ្លៃអ្វី ហើយមិនឱ្យពលករប្រើទូរសព្ទដៃ ឬថតរូបអ្វីនោះទេ»។

អាស៊ីសេរី មិនអាចទាក់ទងមន្ត្រីច្រកដូង ដើម្បីសុំការឆ្លើយបំភ្លឺ ជុំវិញការចោទប្រកាន់នេះ បាននៅឡើយទេ កាលពីថ្ងៃទី១៨ មេសា។ កាលពីមុនចូលឆ្នាំថ្មី ពលករខ្មែរធ្វើការនៅប្រទេសថៃរាប់ពាន់នាក់ ដណ្ដើមគ្នាសម្រុកឆ្លងដែននៅតាមច្រកព្រំដែនអន្តរជាតិដូងក្នុងខេត្តបាត់ដំបង និងច្រកព្រំដែនអន្តរជាតិ ខេត្តបន្ទាយមានជ័យ ដើម្បីត្រឡប់ទៅឱ្យទាន់លេងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ប៉ុន្តែពេលនោះ ពលករត្អូញត្អែរថា ប៉ូលិសខ្មែរយកលុយពួកគាត់ម្នាក់១០០បាត ឬស្មើ១ម៉ឺនរៀល និងប៉ូលិសថៃប្រចាំច្រកព្រំដែន យកលុយក្រៅផ្លូវការពីពួកគាត់ម្នាក់ ២០០បាត ឬស្មើ២ម៉ឺនរៀលទៀត ដើម្បីជាថ្នូរបើកឱ្យឆ្លងដែនទៅលេងស្រុកកំណើត ទោះបីជារដ្ឋាភិបាលកម្ពុជា និងថៃ បានប្រកាសមិនអនុញ្ញាតិឱ្យយកលុយក្រៅផ្លូវការបែបនេះក្ដី។

ពលការិនីម្នាក់មានស្រុកកំណើតនៅខែត្របាត់ដំបង អ្នកស្រី អ៊ួ វាសនា បញ្ជាក់ថា អ្នកស្រី វិលត្រលប់ទៅធ្វើការនៅប្រទេសថៃវិញភ្លាមៗ កាលថ្ងៃទី១៨ មេសា ក្រោយពីបានជួបជុំក្រុមគ្រួសារ បងប្អូន នៅឯស្រុកកំណើត ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ អ្នកស្រីបញ្ជាក់ថា អ្នកស្រី មិនអាចបង្អង់យូរនៅស្រុកកំណើតទេ ត្រូវទៅធ្វើការវិញ ដោយសារតែកត្តាជីវភាពគ្រួសារប្រចាំថ្ងៃ ហើយនៅស្រុកកំណើតគ្មានការងារធ្វើ៕

website_news/2019220403.txt · Last modified: 2019/04/22 14:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki