website_news:2019220404

ពលករខ្មែរមួយក្រុមនៅកណ្ដាលសមុទ្រលើទូកនេសាទថៃ បំពេញការងារក្នុងថ្ងៃចូលឆ្នាំ

https://www.rfa.org/khmer/news/ ដោយ យន់ សាមៀន 2019-04-13

ពលករខ្មែរមួយក្រុមធ្វើការនៅលើទូកនេសាទរបស់ថៃ នៅថ្ងៃទី១៣ មេសា នាំគ្នាទៅបំពេញការងារនៅកណ្ដាលសមុទ្រក្នុងប្រទេសម៉ាឡេស៊ី ដោយមិនបានទៅលេងបុណ្យចូលឆ្នាំប្រពៃណីជាតិនៅឯស្រុកកំណើតនោះទេ។ ពួកគាត់សោកស្ដាយដែលមិនបានទៅចូលរួមបុណ្យចូលឆ្នាំជួបជុំក្រុមគ្រួសារ និងនឹកសាច់ញាតិនៅឯស្រុកខ្មែរ។ ស្របពេលដែលបុណ្យសង្ក្រាន្តឆ្នាំថ្មីកំពុងចាប់ផ្ដើមនៅប្រទេសថៃនោះ។ មន្ត្រីអង្គការសង្គមស៊ីវិល ចាត់ទុកបញ្ហានេះថា ជាការរំលោភច្បាប់ការងាររបស់ថៃ។

ពលករខ្មែរធ្វើការនៅលើទូកនេសាទថៃទាំងនោះ ថ្លែងទាំងចង់ស្រក់ទឹកភ្នែកថា ដោយសារតែ រវល់ចុះទូកទៅនេសាទត្រីនៅកណ្ដាលសមុទ្រទើបមិនអាចចូលរួមពិធីឆ្នាំថ្មីនឹងគេ។ ពលករម្នាក់រស់នៅខេត្តកំពង់ធំ លោក ហឿន ស រៀបរាប់ប្រាប់ឱ្យដឹងអាស៊ីសេរី នៅថ្ងៃទី១៣មេសាថា ដោយសារជីវភាពក្រីក្រ ជំរុញឱ្យលោកចាកចេញពីផ្ទះទៅធ្វើការងារជាពលករនៅប្រទេសថៃ ហើយបានធ្វើការនៅលើទូកនេសាទក្នុងខេត្តសមុទ្រសាខន ជិតទីក្រុងបាងកកជាង១០ឆ្នាំហើយ។លោកបន្តថា នៅក្នុងទូកនេសាទរបស់ពួកគាត់មានពលករខ្មែរចំនួន៦នាក់ ដោយបានធ្វើដំណើរចេញពីដីគោកជាប់ទីក្រុងបាងកក តាំងពីថ្ងៃទី៩ មេសាមក ហើយពេលនេះទូកនេសាទរបស់ពួកគាត់ចតនៅដែនសមុទ្រប្រទេសម៉ាឡេស៊ី៖ «ល្ងាចឡើងនាំគ្នាអង្គុយគិតហើយថា ពេលនេះគេលេងចូលឆ្នាំហើយ តែចំពោះយើងវិញមានអីទៅលេងនឹងគេ អង្គុយមើលតែផ្កាយនឹងឯង។ មុនដំបូងគាត់ថាកូនហើយម៉េចមិនមកសម្រាកបានមួយខែសិន បើមកដើម្បីលេងចូលឆ្នាំនឹងគេ ខ្ញុំថាម៉ែខ្ញុំក៏ទើបនឹងសម្រាកដែរ ខ្ញុំក៏ទ្រាំនៅធ្វើការនៅទីនោះធ្វើម៉េចបើខ្ញុំមិនមានពេល ខ្ញុំបានត្រឹមតែផ្ញើលុយឱ្យម៉ែធ្វើបុណ្យធ្វើទានប៉ុណ្ណឹងឯង មិនបានទៅទេ គាត់ថាកូនហើយ!កូន ម៉ែខំចាំមើលតែផ្លូវឃើញតែកូនគេមក អាកូនឯងមិនបានមកអង្គុយគិតទៅដូចវាអួលដើមកព្រោះម្ដាយគេម្ដាយយើងចង់ឱ្យកូនមកលេងចូលឆ្នាំ»។ ពលកររូបនេះបន្តថា ពួកគាត់មិនចង់ធ្វើការថ្ងៃបុណ្យជាតិនោះទេ ក៏ប៉ុន្តែដោយសារគ្មានជម្រើស ព្រោះជីវភាពក្រីក្រ ហើយបើឈប់សម្រាកនាំឱ្យប៉ះពាល់ដល់ការងារ ហើយម្យ៉ាងទៀតក៏មិនមានប្រាក់គ្រប់គ្រាន់សម្រាប់ចាយវាយក្នុងឱកាសបុណ្យចូលឆ្នាំដែរ។

ចំណែកពលករម្នាក់ទៀតរស់នៅខេត្តកំពង់ធំ លោក ជា ខន ថ្លែងថា បុណ្យចូលឆ្នាំខ្មែរឆ្នាំនេះលោកខុសបំណងធំៗ២យ៉ាង គឺទីមួយធ្វើការនៅកណ្ដាលសមុទ្រឃ្លាតឆ្ងាយពីប្រពន្ធពោះធំ ជិតគ្រប់ខែដែលកំពុងធ្វើការនៅលើដីគោកក្បែរទីក្រុងបាងកក និងទី២ មិនបានទៅចូលរួមបុណ្យចូលឆ្នាំប្រពៃណីជាតិជាមួយក្រុមគ្រួសារ៖ «ខ្ញុំគិតថា ចង់ទៅលេងជុំម៉ែជុំឪដែរ តែធ្វើម៉េចបើទូកចេញមកខុសពេលទៅវិញមិនទាន់ គឺខ្ញុំចុះទូកមួយជើងនេះហើយទើបជើងក្រោយបានខ្ញុំសម្រាកនៅចាំប្រពន្ធពោះធំផង ប្រពន្ធបានសម្រាលកូនហើយបានសម្រាកចុះទូក ដល់ពេលខ្ញុំសម្រាកជើងនេះទៅលេងចូលឆ្នាំវាខូចពេលវេលាកាន់តែច្រើន ទៅអានៅទីនោះក៏មិនបានធ្វើការអីហើយលុយក៏អស់ទៀត ក៏ខាតពេលរកលុយផងដោយគិតឃើញដូច្នេះក៏ចុះទូកមួយជើងទៀតតែម្ដងទៅ»។ លោកបន្តថា ថៅកែជនជាតិថៃមិនបានបង្ខំពួកគាត់ឱ្យធ្វើការនោះទេ ក៏ប៉ុន្តែដោយសារត្រូវវេនចុះទូកចំថ្ងៃបុណ្យចូលឆ្នាំ ហើយប្រសិនបើពួកគាត់ឈប់សម្រាកក៏មិនបានប្រាក់ខែដែរ ព្រោះពុំមានអ្នកធ្វើការជំនួស។

អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូកខ្មែរប្រចាំទីក្រុងបាងកក ទទួលបន្ទុកផ្នែកពលករ លោក លោក ចិន សំណាង ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៣ មេសា ដោយទូរស័ព្ទពុំមានអ្នកទទួល។

ទោះជាយ៉ាងណានាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅថាសង់ត្រាល់(CENTRAL)លោក មឿន តុលា មានប្រសាសន៍ថា ការបង្ខំឱ្យពលករធ្វើការនៅថ្ងៃបុណ្យជាតិ គឺជាការរំលោភច្បាប់ការងាររបស់ប្រទេសថៃ ព្រោះច្បាប់ថៃ បានកំណត់ឱ្យកម្មករ ឬពលករ ឈប់សម្រាកនៅថ្ងៃបុណ្យជាតិ បើទោះបីជាពួកគេត្រឡប់ទៅលេងស្រុកកំណើត ឬមិនទៅក៏ដោយ ក៏ពួកគេត្រូវបានឈប់សម្រាកដែរ៖ «ទោះជាយ៉ាងណាក៏ដោយនេះជាភស្តុតាងមួយថ្មីទៀត ដែលបង្ហាញថារដ្ឋាភិបាលថៃមិនទាន់បានអនុវត្តអ្វីដែលខ្លួនបានសន្យាជាមួយសហគមន៍អឺរ៉ុប ពាក់ព័ន្ធការកែសម្រួលលក្ខខ័ណ្ឌការងាររបស់ពលករនៅលើទូកនេសាទបានពេញលេញនៅឡើយទេ កន្លងមកយើងតែងតែបានលើកឡើងពីបញ្ហានេះ ហើយយើងឃើញមានការប្រែប្រួលចំនួន ដូចថៃបានផ្ដល់សច្ចាប័នទៅលើអនុសញ្ញា ស្ដីពីការពារសិទ្ធិពលករនៅលើទូក នេសាទក៏ដោយ ក៏ប៉ុន្តែការអនុវត្តជាក់ស្ដែងនៅមានរឿងច្រើនទៀត តាំងពីលក្ខខ័ណ្ឌការងារ លក្ខខ័ណ្ឌសុខភាពសុវត្ថិភាពនិងអនាម័យនៅលើទូកជាដើម»។

កន្លងមកធនាគារពិភពលោករាយការណ៍ថា ប្រទេសថៃមានចំនួនកម្មករចំណាកស្រុកខ្ពស់ជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជិត ៤ លាននាក់ (៣.៧៦) នៅក្នុងឆ្នាំ២០១៥ ក្នុងនោះ មានពលករ២១ ភាគរយមកពីកម្ពុជា។ ចំណែកទិន្នន័យរបស់រដ្ឋាភិបាលថៃវិញ បង្ហាញថា ពលករចំណាកស្រុកកម្ពុជា ឡាវ និងភូមាដែលបានចុះឈ្មោះរួចរាល់គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៧ មានចំនួនជិត ២លាននាក់ (១,៧២៦,៤១៥) ក្នុងនោះជិត ៥ម៉ឺននាក់ ចុះឈ្មោះធ្វើការក្នុងឧស្សាហកម្មនេសាទ។

ពលករខ្មែរឱ្យដឹងថា ពួកគាត់ទាំង៦នាក់នឹងត្រឡប់ទៅដល់ដីគោកក្នុងទឹកដីថៃវិញនៅចុងខែមេសានេះ។ ពួកគេជូនពរឱ្យពលរដ្ឋខ្មែរទាំងអស់បានដើរលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឱ្យបានគ្រប់ៗគ្នា និងសុំឱ្យទេវតាឆ្នាំថ្មីនេះ ជួយបីបាច់ថែរក្សានិងប្រសិទ្ធិពរជ័យសិរីសួស្ដីដល់ពលរដ្ឋខ្មែរទាំងអស់មានសេចក្ដីសុខចំរើនរុងរឿងនៅក្នុងក្រុមគ្រួសារ៕

website_news/2019220404.txt · Last modified: 2019/04/22 14:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki