website_news:2019220405

ជប៉ុនបើកការប្រលងវាស់ស្ទង់សមត្ថភាពកម្មករជំនាញដែលចង់ធ្វើការក្នុងប្រទេសខ្លួន

https://thmeythmey.com/ 21, Apr 2019 , 9:29 pm ដោយ: ឌី ណារី

រដ្ឋាភិបាលជប៉ុន នៅចុងសប្តាហ៍មុនបានបើកឲ្យមានការប្រលងសមត្ថភាព សម្រាប់បេក្ខជនជាពលករបរទេស នៃប្រទេសដៃគូមួយចំនួន ដែលមានបំណងធ្វើការនៅក្នុងប្រទេសជប៉ុនលើវិស័យជាច្រើន។ នេះ គឺជាការអនុវត្តផែនការសកម្មភាពលើកដំបូងហើយរបស់រដ្ឋាភិបាលជប៉ុន បន្ទាប់ពីគោលនយោបាយថ្មីក្នុងការទទួលពលករបរទេស បានចូលជាធរមាននៅដើមខែមេសាកន្លងមកនោះ។

តាមរយៈកម្មវិធីប្រលងសមត្ថភាពដើម្បីពិនិត្យមើលកម្រិតនៃការប្រើប្រាស់ភាសាជប៉ុន ចំណេះដឹង និងជំនាញ មានបេក្ខជនដែលជាពលរដ្ឋបរទេសប្រមាណជិត៤០០នាក់ បានចូលរួមប្រលងប្រជែងសម្រាប់ការងារលើវិស័យបដិសណ្ឋារកិច្ចនៅក្នុងទីតាំងចំនួនប្រាំពីរនៅក្នុងក្រុងតូក្យូ, ណាហ្គូយ៉ា និងអូសាកា។ បេក្ខជនដែលចូលរួមនេះមួយចំនួន ត្រូវបានគេជឿជាក់ថា ជានិស្សិតបរទេសដែលសិក្សានៅទីនោះស្រាប់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Japan Times។ តាមប្រភពព័ត៌មានដដែលនោះ ក្រៅពីការបើកឲ្យមានការប្រលងធ្វើតេស្តសមត្ថភាពនៅក្នុងប្រទេស រដ្ឋាភិបាលជប៉ុន នៅក្នុងថ្ងៃដដែលនោះ ក៏បានចាប់ផ្តើមបើកឲ្យបេក្ខជនប្រលងប្រជែងនៅក្រៅប្រទេសសម្រាប់ការងារលើវិស័យថែទាំនៅរដ្ឋធានីម៉ានីលរបស់ហ្វីលីពីន ដែលជាប្រទេសដៃគូផងដែរ។

គួរជម្រាបផងដែរថា ដោយសារតែបញ្ហាអត្រាប្រជាជនដែលជាមនុស្សចាស់កាន់តែកើនឡើង ខណៈអត្រាប្រជាជនកើតថ្មី កាន់តែទាប ជប៉ុនត្រូវប្រឈមនឹងកង្វះកម្លាំងពលកម្មការងារ។ ហើយដើម្បីជាដំណោះស្រាយទាន់ពេល រដ្ឋាភិបាលជប៉ុន បានសម្រេចអនុវត្តគោលនយោបាយថ្មីក្នុងការទទួលកម្លាំងពលកម្មបរទេសពីប្រទេសប្រទេសដៃគូចំនួនប្រាំបី ដែលចាប់អនុវត្តពីថ្ងៃទី១ ខែមេសានេះតទៅ។ ប្រទេសទាំងប្រាំបីនេះរួមមាន វៀតណាម ចិន ហ្វីលីពីន ឥណ្ឌូណេស៊ី ថៃ មីយ៉ាន់ម៉ា កម្ពុជា និងនេប៉ាល់។ ប្រទេសទាំងបីនេះ ត្រូវមានកិច្ចព្រមព្រៀងទ្វេភាគីជាមួយនឹងជប៉ុនពាក់ព័ន្ធនឹងការបញ្ជូនពលរដ្ឋខ្លួនឲ្យទៅបម្រើការនៅជប៉ុនដាច់ដោយឡែកពីគ្នា។

តាមផែនការថ្មីនេះ ក្នុងរយៈពេលប្រាំឆ្នាំទៅមុខ រដ្ឋាភិបាលជប៉ុន រំពឹងថា នឹងអាចទទួលបានពលករបរទេសជាង ៣០ ម៉ឺននាក់ ដើម្បីបំពេញការងារលើវិស័យពាក់ព័ន្ធចំនួន១៤ រួមមាន បដិសណ្ឋារកិច្ច, ថែទាំ, សំណង់ និងកសិដ្ឋានជាដើម។ ពលករទាំងនោះ នឹងទទួលបានទិដ្ឋាការការងាររហូតដល់ប្រាំឆ្នាំ ឬលើសពីនេះ អាស្រ័យលើប្រភេទនៃជំនាញដែលគេមាន៕

website_news/2019220405.txt · Last modified: 2019/04/22 14:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki