website_news:2019220701

បណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “កិច្ចបង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត និងសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិត”

http://kampucheathmey.com/ 19/7/2019 2:49 Pm

ភ្នំពេញ ៖ គ្រូបង្គោល និងបុគ្គលិកសំខាន់ៗចំនួន៣៦នាក់មកពីអង្គការចំនួន១៤ ដែលជាសមាជិកគម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង (FCF) និងស្ថាប័នដៃគូនានា បានចូលរួមវគ្គបណ្ដុះបណ្ដាលស្តីអំពី “កិច្ចបង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត និងសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិត” កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នៅមជ្ឈមណ្ឌល CJCC រាជធានីភ្នំពេញ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយអង្គការសកម្មភាពដើម្បីកុមារ (APLE) ក្រោមការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប ទីភ្នាក់ងារជំនួយអាមេរិក (USAID) និង អង្គការ Save the Children ហុងកុង តាមរយៈគម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បងFCF និង REACT។ មន្ត្រីអង្គការសកម្មភាពដើម្បីកុមារ(APLE)បានបញ្ជាក់ឲ្យដឹងថា គោលបំណងសំខាន់នៃវគ្គនេះគឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត និងពង្រឹងសមត្ថភាពរបស់បុគ្គលិកនៃបណ្តាញការពារកុមារក្នុងការការពារ តាមដាន និងរាយការណ៍ពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត។ អ្នកចូលរួមបានសំដែងការប្តេជ្ញាចិត្តខ្ពស់ក្នុងការចែករំលែកចំណេះដឹង ដែលបានទទួលពីវគ្គបណ្តុះបណ្តាលនេះទៅដល់សមាជិកគ្រួសារ សហការី និងអ្នកដទៃផ្សេងៗទៀត ដើម្បីធានាសុវត្ថិភាពក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។

គួររំលឹកថាកំណើននៃការប្រើប្រាស់អ៊ីនធឺណិតមានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។ អ្នកប្រើប្រាស់អ៊ីនធឺណិតមានប្រមាណ៤.១លាននាក់ ឬ២៥% នៃចំនួនប្រជាជនសរុប និងតំណរភ្ជាប់ទូរស័ព្ទដៃមាន២៥.៨លាននាក់ ឬ១៦៥% នៃប្រជាជនសរុប។ បើទោះបីជាប្រទេសកម្ពុជាទទួលបានប្រយោជន៍ជាច្រើនពីប្រព័ន្ធបច្ចេកវិទ្យានេះ ក៏មានសកម្មភាពល្មើសមួយចំនួនដែលបាន និងកំពុងកើតឡើងនៅលើប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសគឺការចូលទៅកាន់ និងការចែកចាយរូបភាព និងសម្ភារៈអាសអាភាស។ កតា្តនេះបានជំរុញឲ្យមានការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត។

ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត អង្គការសង្គ្រោះកុមារហុងកុង (SCHK) បានគាំទ្រលើការសិក្សាស្រាវជ្រាវមួយដែលអាចជួយឲ្យកម្ពុជាដោះស្រាយបញ្ហានេះ។ អ្វីដែលគួរឲ្យបារម្ភ ទិន្នន័យរបស់ National Center for Missing and Exploited Children (NCMEC) បង្ហាញពីកំណើនជិត៤ដងនៃសម្ភារៈអាសអាភាសកុមារក្នុងឆ្នាំ២០១៨ គិតត្រឹមខែកញ្ញា បើប្រៀបធៀបនឹងឆ្នាំ២០១៧។ ក្នុងឆ្នាំ២០១៧ ចំនួនមានត្រឹម២៥ ៣៣២ ដោយឡែកត្រឹម ខែកញ្ញា ឆ្នាំ២០១៨ ចំនួនកើនឡើងដល់៩៣ ៣១៨។ ការសិក្សាស្រាវជ្រាវដដែលបានបង្ហាញថា កុមារប្រើប្រាស់អ៊ីនធឺណិតច្រើនជាងការរំពឹងទុក។ ក្នុងចំណោមបណ្តាញទំនាក់ទំនងសង្គម Facebook គឺកំពុងត្រូវបានប្រើប្រាស់ច្រើន ដែលកុមារ និងយុវជនវ័យជំទង់ផ្ញើ និងទទួលសម្ភារៈអាសអាភាស។

ដោយមើលឃើញពីហានិភ័យ និងភាពងាយរងគ្រោះដល់កុមារ និងយុវជនវ័យជំទង់ និងដោយមានការផ្តល់ការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប ទីភ្នាក់ងារជំនួយអាមេរិក (USAID) និង អង្គការ Save the Children ហុងកុងតាមរយៈគម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បងនិង REACT ដល់អង្គការសកម្មភាពដើម្បីកុមារ (APLE) ក្នុងការអនុវត្តគម្រោងរយៈពេលមួយឆ្នាំដើម្បីលើកកម្ពស់ការយល់ដឹង ក្នុងចំណោមអ្នកចូលរួមគោលដៅដែលបានជ្រើសរើសតាមរយៈការកសាងចំណេះដឹងដែលមានការចូលរួម និងដើម្បីផ្តល់សិទ្ធិអំណាចដល់ពួកគេក្នុងការឆ្លើយតបនឹងហានិភ័យ និងការតស៊ូមតិដើម្បីពង្រឹងនូវការឆ្លើយតបដ៏រឹងមាំជាមួយភ្នាក់ងារមានសមត្ថកិច្ច៕ ដោយ ៖ វត្តី

website_news/2019220701.txt · Last modified: 2019/07/22 15:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki