website_news:2019220702

UNODC: ការជួញគ្រឿងញៀន និងរត់ពន្ធពលករក្នុងតំបន់កើន

https://www.postkhmer.com/ នៀម ឆេង | Publication date 19 July 2019 | 14:10 ICT

ភ្នំពេញៈ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកគ្រឿងញៀននិងឧក្រិដ្ឋកម្ម(UNODC)បានចេញ របាយការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយរៀបរាប់លម្អិតអំពីទម្រង់ថ្មីនៃឧក្រិដ្ឋកម្មដែលមានលក្ខណៈរៀបចំ នៅតំបន់អាស៊ីអាគ្នេយ៍ក្នុងនោះការជួញដូរគ្រឿងញៀន និងការរត់ពន្ធពលករចំណាកស្រុកមានការកើនឡើង។

ការសិក្សាស្រាវជ្រាវនេះបានរកឃើញថា ការអនុវត្តច្បាប់ និងកិច្ចខិតខំប្រឹងប្រែងបង្រ្កាបនាពេលថ្មីៗនៅក្នុងតំបន់ខ្លះ នៃតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ជិតខាងបានផ្លាស់ប្តូរទម្រង់ជួញដូរ ខណៈនៅពេលជាមួយគ្នានេះផងដែរ ក្រុមឧក្រិដ្ឋជនធំៗ បានបង្កើននិងបង្វែរប្រតិបត្តិការរបស់ខ្លួនទៅតំបន់ដែលមានការគ្រប់គ្រងខ្សោយ ជាពិសេសនៅតំបន់ព្រំដែន។

របាយការណ៍ដែលមានចំណងជើងថា ឧក្រិដ្ឋកម្មឆ្លងដែនដោយមានការរៀបចំនៅតំបន់អាស៊ីអាគ្នេយ៍៖ វិវត្តន៍ កំណើន និងផលប៉ះពាល់ឆ្នាំ ២០១៩ ដែលចេញ ដោយ UNODC បានពិនិត្យមើលទៅលើឧក្រិដ្ឋកម្មឆ្លងដែនដោយមានការរៀបចំដែលមានលក្ខណៈសកម្មរួមមានគ្រឿងញៀន សារធាតុគីមីផលិតគ្រឿងញៀន (មេតំហ្វេតាមីន និងហេរូអ៊ិន) ការជួញដូរមនុស្ស និងការរត់ពន្ធពលករចំណាកស្រុក ឧក្រិដ្ឋកម្មបរិស្ថាន ដូចជា ការជួញដូរសត្វព្រៃ និងព្រៃឈើ និងទំនិញក្លែងក្លាយ និងឱសថក្លែងក្លាយ។ របាយការណ៍នេះនិយាយថា គ្រឿងញៀនសំយោគបានក្លាយជាអាជីវកម្មខុសច្បាប់ដែលទទួលបានប្រាក់ចំណេញបំផុត នៅក្នុងតំបន់ ខណៈក្រុមឧក្រិដ្ឋកម្មដែលមានលក្ខណៈរៀបចំ បានច្នៃប្រឌិតទម្រង់អាជីវកម្មរបស់ពួកគេ និងពង្រីកទីផ្សារមេតំហ្វេតាមីនរបស់ពួកគេ។ របាយការណ៍នេះបន្តថា ការជួញដូរគ្រឿងញៀន និងការរត់ពន្ធពលករចំណាកស្រុកក៏កើនឡើងផងដែរ ដោយសារតម្រូវការ និងការផ្គត់ផ្គង់ពលកម្មតម្លៃទាប នៅក្នុងតំបន់។ តំបន់អាស៊ីអាគ្នេយ៍ក៏ជាតំបន់សម្រាប់ទំនិញនិងឱសថក្លែងក្លាយផងដែរ។

លោក Jeremy Douglas តំណាងប្រចាំតំបន់ UNODC កត់សម្គាល់ថា៖ «ក្រុមឧក្រិដ្ឋកម្មដែលមានការរៀបចំកំពុងទទួលបានចំណូលរាប់សិបពាន់ពាន់លានដុល្លារនៅតំបន់អាស៊ីអាគ្នេយ៍ ពីការជួញដូរឆ្លងដែន និងការរត់ពន្ធគ្រឿងញៀនខុសច្បាប់និងសារជាតិគ្រឿងញៀន មនុស្ស សត្វព្រៃឈើ និងទំនិញក្លែងក្លាយ»។ លោកថា លុយខុសច្បាប់កំពុងចលនាខ្លាំងឡើងតាមរយ:ឧស្សាហកម្ម កាស៊ីណូក្នុងតំបន់និងអាជីវកម្មដទៃទៀតដែលមានលំហូរសាច់ប្រាក់ច្រើន។

របាយការណ៍នេះបន្ថែមថា ពលករចំណាកស្រុក ប្រហែលកន្លះលាននាក់ ដែលភាគច្រើនមកពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ ត្រូវបានប៉ាន់ប្រមាណថា ត្រូវបានរត់ពន្ធចូលទៅក្នុងប្រទេសថៃ ក្នុងមួយឆ្នាំ ហើយបង្កើតចំណូលខុសច្បាប់ចន្លោះពី ១៣២ លានទៅ ១៩៦ លានដុល្លារអាមេរិក។ «អភិបាលកិច្ចខ្សោយ ទៅលើធនធានព្រៃឈើ អំពើពុករលួយ ក្នុងចង្វាក់ផ្គត់ផ្គង់ឈើ និងភាពនៅជិតទីផ្សាររបស់តំបន់នេះ និងឧស្សាហកម្មកែច្នៃឈើ ក្នុងប្រទេស ចិន បន្តធ្វើឲ្យប្រភេទព្រៃឈើរបស់តំបន់អាស៊ីអាគ្នេយ៍ ក្លាយជាទិសដៅសម្រាប់បណ្តាញឧក្រិដ្ឋកម្ម»។ UNODC ថា ប្រទេស វៀតណាម ត្រូវបានរាយការណ៍ថា ជាអ្នកនាំចេញឈើធំមួយ ព្រមទាំងជាប្រទេសផលិតគ្រឿងសង្ហារិមឈើសំខាន់មួយ។ ប្រទេសនេះ មានការជាប់ពាក់ព័ន្ធខ្លាំងទៅនឹងទីផ្សារឈើស្របច្បាប់ និងខុសច្បាប់ នៅក្នុងប្រទេសជិតខាងចិន កម្ពុជា និងឡាវ។ ការហាមប្រាមក្នុងប្រទេស ឡាវ ដែលត្រូវបានអនុវត្តកាលពីខែ ឧសភា ឆ្នាំ ២០១៦ ជំរុញឲ្យអ្នកជួញដូរស្វែងរកការផ្គត់ផ្គង់ និងនាំចេញពីប្រទេស កម្ពុជា។ «កន្លែងកាស៊ីណូធំៗនៅតាមតំបន់ព្រំដែនកម្ពុជា និងនៅភ្នំពេញ ក៏ត្រូវបានកំណត់អត្តសញ្ញាណជាទីតាំងសម្រាប់ការរត់ពន្ធសាច់ប្រាក់ក្នុងចំនួនធំ និងការលាងលុយរបស់ឧក្រិដ្ឋកម្ម ដែលមានលក្ខណៈរៀបចំ»។

UNODCថា ត្រឹមខែមករាឆ្នាំ ២០១៩ មានកាស៊ីណូ ដែលមានអាជ្ញាប័ណ្ណចំនួន ២៣០ នៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកាស៊ីណូចំនួន ១៥០ ក្នុងប្រទេស កម្ពុជា និងកាស៊ីណូ ៦៧ នៅប្រទេស ហ្វីលីពីន និង ៥ នៅប្រទេស ឡាវ និងមីយ៉ាន់មា។ ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៧ អាជ្ញាធរកម្ពុជាបានរកឃើញជនរងគ្រោះសរុបចំនួន ៤១៥ នាក់ ដែលត្រូវបានជួញដូរទៅក្នុងប្រទេស ថៃ។ UNODC បានផ្តល់អនុសាសន៍ ឲ្យបណ្តាប្រទេសនៅក្នុងតំបន់នេះអភិវឌ្ឍយុទ្ធសាស្រ្តដែលមានលក្ខណៈទូលំទូលាយ និងមានប្រសិទ្ធភាពដើម្បីដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន ពង្រឹងសមត្ថភាពប្រមូលទិន្នន័យថ្នាក់ជាតិនិងថ្នាក់តំបន់ និងការរាយការណ៍ និងកាត់បន្ថយជាអតិបរមាចំពោះគម្លាតសមត្ថភាព និងកែលម្អកិច្ចសហប្រតបត្តិការឆ្លងព្រំដែន៕

website_news/2019220702.txt · Last modified: 2019/07/22 15:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki