website_news:2019220705

អគ្គកុងស៊ុល ចុះស្វែងយល់អំពីនីតិវិធីផ្តល់បណ្ណអនុញ្ញាតឱ្យធ្វើការនិងការអប់រំអំពីសិទ្ធិនិងកាតព្វកិច្ចរបស់ពលករ និងថៅកែថៃ ដល់បងប្អូនពលករខ្មែរ នៅការិយាល័យច្រកចេញចូលតែមួយទទួលនិងបញ្ជូនពលករខ្មែរទៅធ្វើការនៅតាមបណ្តាខេត្តនានាក្នុងប្រទេសថៃ

https://www.facebook.com/consulatesakaeo/ Consulate General in Sa Kaeo July 19 at 5:05 PM

អារញ្ញប្រាថេត, ថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩ លោកអគ្គកុងស៊ុល ហ៊ុន សារឿន បានដឹកនាំសហការី ចុះស្វែងយល់អំពីនីតិវិធី និងដំណើរការផ្តល់បណ្ណអនុញ្ញាតឱ្យធ្វើការដោយមន្ត្រីការិយាល័យច្រកចេញចូលតែមួយទទួ លនិងបញ្ជូនពលករខ្មែរទៅធ្វើការនៅតាមបណ្តាខេត្តនានាក្នុងប្រទេសថៃ នៃមន្ទីរស្វែងរកការងារខេត្តសាកែវ ជូនពលករខ្មែរដែលមកធ្វើការនៅប្រទេសថៃដោយស្របច្បាប់។ លោកអគ្គកុងស៊ុលបានថ្លែងអំណរគុណលោកប្រធានមន្ទីរស្វែងរកការងារខេត្តសាកែវ ដែលបានរៀបចំកន្លែងរង់ចាំស្អាតសមរម្យ បន្ទប់ទឹកមានអនាម័យ ពន្លឿននីតិវិធីផ្តល់បណ្ណអនុញ្ញាតឱ្យធ្វើការ ក៏ដូចជាការពិនិត្យសុខភាពជូនបងប្អូនពលករយ៉ាងលឿនរហ័ស មិនឱ្យបងប្អូនរង់ចាំយូរ និងពិនិត្យគុណភាពរថយន្តដឹកបងប្អូនពលករទៅកាន់គោលដៅដោយសុវត្ថិភាព។

ទន្ទឹមនេះ លោកអគ្គកុងស៊ុលនិងសហការី ក៏បានស្វែងយល់អំពីការអប់រំពលករខ្មែរដែលមកធ្វើការនៅប្រទេសថៃ អំពីសិទ្ធិនិងកាតព្វកិច្ចរបស់បងប្អូនពលករក៏ដូចជាសិទ្ធិនិងកាតព្វកិច្ចរបស់ថៅកែថៃ ព្រមទាំងរបៀបរបបរស់នៅក្នុងប្រទេសថៃ ជូនបងប្អូនពលករខ្មែរ។ ឆ្លៀតឱកាសនេះដែរ លោកអគ្គកុងស៊ុលក៏បានជួបសំណេះសំណាល ផ្តល់ព័ត៌មានសំខាន់ៗ ដូចជា លេខទូរស័ព្ទមន្ត្រីស្ថានអគ្គកុងស៊ុល មន្ត្រីទីប្រឹក្សាទទួលបន្ទុកពលករអមស្ថានទូតកម្ពុជានៅទីក្រុងបាងកក ទំព័រហ្វេសប៊ុកស្ថានអគ្គកុងស៊ុល-ស្ថានទូត ជូនបងប្អូនពលករទុកសម្រាប់ទាក់ទងពេលជួបបញ្ហាលំបាក ឬចង់ប្រឹក្សាយោបល់ទាក់ទងនឹងការងារ។

លោកអគ្គកុងស៊ុលក៏បានណែនាំឱ្យបងប្អូនពលករចេះស្រឡាញ់សាមគ្គីគ្នា ក្នុងនាមជាខ្មែរដូចគ្នា ដូចពាក្យស្លោកខ្មែរថា “នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ” ព្រមទាំងពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ជូនបងប្អូនពលករទាំងអស់។ ជានិច្ចកាលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ចំពោះបងប្អូនពលករនិងពលរដ្ឋខ្មែរនៅគ្រប់ទិសទី។ លោកអគ្គកុងស៊ុលក៏បានជូនពរបងប្អូនពលករមានសុខភាពល្អ ធ្វើការបានជោគជ័យនិងទទួលបានប្រាក់ខែឡើងខ្ពស់ជាលំដាប់៕

website_news/2019220705.txt · Last modified: 2019/07/22 15:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki