website_news:2019220802

ឯកឧត្តម អ៊ុំ រាត្រី ជម្រុញដល់សមត្ថកិច្ចដែលឈរជើងតាមបន្ទាត់ព្រំដែន ត្រូវធ្វើការបង្ក្រាបឲ្យបានរាល់បទល្មើសរត់ពន្ធខុសច្បាប់តាមបន្ទាត់ព្រំដែន ពិសេសគ្រឿងញៀន

https://gdlf-kh.com/ 21/08/2019 Kim Sopha

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានអង្គប្រជុំ ដែលមានការអញ្ជើញចូលរួមពីគណៈអភិបាលរងខេត្ត មន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ចជុំវិញខេត្ត អភិបាលក្រុង-ស្រុក ដែលប្រារព្ធធ្វើនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។នៅក្នុងកិច្ចប្រជុំ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍លើកឡើងពីបញ្ហាតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីរក្សាស្ថេរភាពរវាងប្រទេសទាំង២ ឯកឧត្តមអភិបាលខេត្ត បានជម្រុញដល់អាជ្ញាធរសមត្ថកិច្ចដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ត្រូវធ្វើការទប់ស្តាត់ឲ្យបានរាល់បទល្មើសរត់ពន្ធតាមបន្ទាត់ព្រំដែន ដូចជា ៖ ការចរាចរណ៍ទំនិញគេចពន្ធ ពលរដ្ឋឆ្លងដែនខុសច្បាប់ ពិសេសការចរាចរណ៍ និងជួញដូរគ្រឿងញៀនចូលមកម្ពុជា ដែលបញ្ហានេះសមត្ថកិច្ច ដែលឈរជើងតាមបន្ទាត់ព្រំដែន ត្រូវធ្វើការបង្ក្រាបឲ្យបានជាដាច់ខាត ។ ជាមួយគ្នានោះទាក់ទឹននឹងការបើកអាជីវកម្មល្បែងភ្នាល់តាមអ៊ីនធឺណេតខុសច្បាប់ដែលមាននៅក្នុងខេត្តបន្ទាយមានជ័យ ពិសេសក្រុងប៉ោយប៉ែត ដែលជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់រវាងកម្ពុជា-ថៃ ត្រូវតែធ្វើការបង្ក្រាបកុំឲ្យមាន ហើយកន្លងមកយើងបានអនុវត្ត និងឃាត់ខ្លួនបាន និងបានបិទជាបណ្តើរៗនៅទីតាំងបើកល្បែងស៊ីសងភ្នាល់តាមអ៊ីនធឺណេតផងដែរ តែយើងក៏ត្រូវតែខិតខំប្រឹងប្រែងធ្វើយ៉ាងណាបង្រ្កាបបន្តទៀតឲ្យអស់ ពីព្រោះវាជាដើមហេតុធ្វើឲ្យបាត់បង់សន្តិសណ្តាប់ធ្នាប់ បង្កឲ្យកើតមានចោរកម្ម និងអំពើហិង្សាជាដើម ។

ក្នុងនោះដោយយោងតាមសារាចរណែនាំ របស់រាជរដ្ឋាភិបាលលេខ ០៧ សរណន ស្តីពីការពង្រឹងការគ្រប់គ្រប់អាជីវកម្មល្បែងភ្នាល់ស៊ីសងតាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ីនធឺណិត ក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ដើម្បីពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងស៊ីសងតាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ីនធឺណេត ក្នុង និងក្រៅប្រទេស សំដៅចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម រដ្ឋាភិបាលបានណែនាំដូចខាងក្រោម ៖

១-មន្ត្រីនគរបាលយុត្តិធម៌ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការស្រាវជ្រាវ និងបង្ក្រាបអាជីវកម្ម ល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ីនធឺណេតអនឡាញ ក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព ដែលធ្វើសកម្មភាពដោយមិនមានមានអាជ្ញាប័ណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច ។

២-ចំពោះអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក តាមរយៈអ៊ីនធឺណេតក្នុង និងក្រៅប្រទេស ដែលមានអាជ្ញាប័ណ្ណត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពរហូតផុតសុពលភាពបានកំណត់ក្នុងអាជ្ញាប័ណ្ណ។ បន្ទាប់ពីនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនបន្តសុពលភាពនៃអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់គ្រប់ប្រភេទបន្តទៀតឡើយ។

៣-រដ្ឋាភិបាលបញ្ឈប់ការផ្ដល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មភ្នាល់ល្បែងតាមម៉ាស៊ីនអេឡិចត្រូនិកតាមរយៈអ៊ិនធើណេត ក្នុងនិងក្រៅប្រទេសក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ៕

website_news/2019220802.txt · Last modified: 2019/08/22 15:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki