website_news:2019220804

កម្ពុជា កំពុងដុត ដៃដុតជើង អន្តរាគមន៍ ជួយពលករខ្មែរ ៨៥នាក់ ដែលចាញ់បោកមេខ្យល់ជនជាតិថៃ និងឃុំខ្លួនលើស ការកំណត់

https://www.dap-news.com/ ByID:030 Posted on 21 August 2019 | 19:25

ភ្នំពេញ៖ លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការ បរទេសខ្មែរ បានថ្លែងថា ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ កំពុង តែអន្តរាគមន៍ជួយពលករខ្មែរ ៨៥នាក់ ដែលត្រូវបានអាជ្ញាធរថៃ ចាប់ឃុំខ្លួន បន្ទាប់ពីចាញ់បោក មេខ្យល់ជនជាតិថៃ ឲ្យទៅបម្រើការងារខុសច្បាប់ខណ:ពួកគាត់ត្រូវបាន ឃុំខ្លួនលើសការកំណត់ផងដែរ ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ និងលោក Norikazu SUZUKI អនុរដ្ឋមន្ត្រីការបរទេស ទទួលបន្ទុកកិច្ចការសភា នៃប្រទេសជប៉ុន នៅរសៀលថ្ងៃទី២១ សីហានេះ លោក កេត សោផាន់ បញ្ជាក់ថា “៨៥នាក់ហ្នឹង ត្រូវបានចាប់ជាយូរខែមកហើយ ហើយចុងក្រោយនេះខាងអគ្គកុងស៊ុលយើង នៅខេត្តស្រះកែវ ក៏ដូចជាស្ថានទូតយើង នៅបាងកក បានដុតដៃដុតជើងណាស់ គឺយើងបានទៅមើលគាត់ដល់កន្លែងឃុំ ឃាំង ។ ពលករ ៦១នាក់ ក្នុងចំណោម ៨៥នាក់ ត្រូវបានយកពីកន្លែងឃុំឃាំងនៅបាងកក ដោយសារកន្លែងចង្អៀត គេយកមកដាក់នៅស្រះកែវ” ។ លោកបន្ថែមថា បើតាមតំណាងស្ថានទូតកម្ពុជានៅទីនោះ បានទៅពិនិត្យមើលដល់កន្លែងឃុំឃាំង ឃើញថា ពួកគាត់មានសុខភាពល្អ មានការទំនុកបម្រុងត្រឹមត្រូវ និងគ្រប់គ្រាន់ ប៉ុន្តែអ្វីដែលជាបញ្ហា គឺពួកគាត់ត្រូវបានអាជ្ញាធរថៃ ឃុំខ្លួន លើសការកំណត់។

បញ្ហានេះលោក កេត សោផាន់ គូសបញ្ជាក់ថា ស្ថានទូតកម្ពុជា កំពុងតែតវ៉ា ហើយភាគីថៃឆ្លើយតបថា ចង់រក្សាទុកពលករទាំង ៨៥នាក់នោះ ដើម្បីជាបន្ទុកក្នុងការឆ្លើយចំពោះមេខ្យល់ថៃ ៧នាក់ ពាក់ព័ន្ធនិងការរត់ពន្ធមនុស្ស ។ លោកថា ទាំងក្រសួងការបរទេស ទាំងស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ កំពុងតែខិតខំធ្វើការងារនេះបន្តទៀត ៕ ដោយ៖ ខា ដា

website_news/2019220804.txt · Last modified: 2019/08/22 15:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki