website_news:2019220807

សារព័ត៌មានថៃ ៖ ប៉ូលិសចាប់យុវជនខ្មែរម្នាក់ចាញ់បោកមេខ្យល់ចូលកាប់ឈើគ្រញូង

http://nokorwatnews.com/archives/ 21-08-2019

ប៉ោយប៉ែត៖ យោងតាមការចុះផ្សាយរបស់គេហទំព័រក្នុងស្រុករបស់ថៃ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ បញ្ជាក់ថា កម្លាំងសមត្ថកិច្ចថៃ បានចាប់ខ្លួន យុវជនខ្មែរម្នាក់ ដែលចាញ់បោកមេខ្យល់ ឲ្យលួចចូលទៅកាប់ឈើគ្រញូង នៅព្រៃអនុរក្សសត្វព្រៃ ហួយ សាលា ចម្ងាយពីព្រំដែកម្ពុជា-ថៃ ៥.៥គីឡូម៉ែត្រ ។ ប្រភពបន្តថា នៅតំបន់អនុរក្សសត្វព្រៃហួយ សាលា ស្រុកភូ ស៊ីង ខេត្តស៊ី សះកេត សមត្ថកិច្ចថៃរាយការណ៍ ពីលោក សាធិត ផាន់ធុម៉ាស ប្រធានតំបន់រក្សាសត្វព្រៃហួយ សាលា ថា បន្ទាប់ពីសមត្ថកិច្ចអង្គភាព SMART PATROL បានចេញល្បាតនៅបរិវេណព្រៃទិសខាងត្បូងភ្នំឡែម នៃតំបន់រក្សាសត្វព្រៃហួយ សាលា ក្នុងឃុំផាន់ ទ្រំ ស្រុកខុនហាន ខេត្តស៊ី សះកេត ចម្ងាយពីព្រំដែនកម្ពុជា-ថៃ ប្រមាណ៥.៥គីឡូម៉ែត្រ បានប្រទះឃើញបុរសម្នាក់ជាពលករខ្មែរកំពង់កាប់ឈើគ្រញូង ទើបចូលទៅចាប់ឃុំបាន ។

ក្រោយពីការសួរនាំ ជំហានដំបូងដឹងថា យុវជនកម្ពុជារូបនោះ មានឈ្មោះ ស ណាន អាយុ២២ឆ្នាំ មានទីលំនៅភូមិអូរស្វាយ ឃុំត្រពាំងព្រៃ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តមានជ័យ ព្រមទាំងវត្ថុតាងរួមមាន ឈើគ្រញូង៦ដុំ ដែលមានតម្លៃ១៣,២៥០បាត(ប្រាក់ថៃ) ឧបករណ៍ប្រព្រឹត្តបទល្មើសរួមមាន: កាំបិតខ្វែវ១ រណាកាត់១ រណាច្រៀក១ និងសម្ភារមួយចំនួនទៀត ទើបសមត្ថកិច្ចអង្គភាពSMART PATROL ចោទប្រកាន់ពីបទបំផ្លាញធនធនធម្មជាតិ បន្ទាប់មកបានបញ្ជូនខ្លួនជនសង្ស័យរួមទាំងវត្ថុតាងទាំងអស់ ទៅប្រគល់ឲ្យសមត្ថកិច្ចជំនាញ ដើម្បីអនុវត្តតាមច្បាប់ ៕ នីម វណ្ណា

website_news/2019220807.txt · Last modified: 2019/08/22 15:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki