website_news:2019221103

សម្តេចប៉ាបអំពាវនាវឲ្យគេគោរព និងការពារកុមារ និងស្រ្តីរកស៊ីផ្លូវភេទ

http://km.rfi.fr/asia/ ដោយ ឈាង បុប្ផា 21/11/2019

សម្តេចប៉ាប ហ្វ្រង់ស័រ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានអំពាវនាវឲ្យអាជ្ញាធរថៃ ជួយការពារ ភាពថ្លៃថ្នូររបស់កុមារ និងស្រ្តីដែលរងគ្រោះដោយការជួញដូរផ្លូវភេទ និងទាសភាព នៅតំបន់អាស៊ីអាគ្នេហ៍។ សេចក្តីអំពាវនាវរបស់ប្រមុខសាសនាកាតូលិកនៃបុរីវ៉ាទីកង់ ធ្វើឡើងនៅពេលព្រះអង្គ យាងជួបលោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងបាងកក។ នៅក្នុងជំនួបជាមួយប្រមុខរដ្ឋាភិបាលថៃ សម្តេចប៉ាប ហ្វ្រង់ស័រ បានលើកសរសើរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលថៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរស្រ្តី និងកុមារ។ ប៉ុន្តែជាមួយគ្នានោះ ព្រះអង្គបានអំពាវនាវផងដែរសុំឲ្យអាជ្ញាធរថៃ ជួយធានាឲ្យកុមារបានទទួលអនាគតដ៏ថ្លៃថ្នូរ។ ដោយមិននិយាយដៅចំឈ្មោះ ប្រទេសណាមួយ សម្តេចសង្ឃកាតូលិក បានលើកឡើងថា ស្រ្តី និងកុមារ នៅក្នុងលោកយើងសព្វថ្ងៃ ត្រូវគេរំលោភបំពាន យ៉ាងហិង្សា និងកំពុងប្រឈមរាល់ការរំលោភ កេងប្រវ័ញ្ច ជួញដូរ គ្រប់រូបភាព។

នៅក្នុងទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅប្រទេសថៃ សាររបស់សម្តេចសង្ឃកាតូលិក ផ្តោតសំខាន់ ទៅលើការជួយកុមារ ដែលងាយនឹងរងគ្រោះ ហើយនិងស្រ្តី ដែលរងគ្រោះ ដោយសារពេស្យាចារ និងការជួញដូរមនុស្ស។ នៅក្នុងសាររបស់ព្រះអង្គទៅកាន់ គ្រិស្តសាសនិក ថៃ ជាង ៦ម៉ឺននាក់ ដែលបានចូលទៅស្តាប់ព្រះអង្គនៅស្តាតក្នុងទីក្រុងបាងកក នៅរសៀលថ្ងៃព្រហស្បតិ៍ សម្តេចប៉ាប ហ្វ្រង់ស័របានមានសង្ឃដីការអំពាវនាវឲ្យសហគមន៍គ្រឹស្តសាសនិកទាំងអស់ ជួយកុមារ ដែលរងគ្រោះដោយសារការជួញដូរ អ្នកញៀនថ្នាំញៀន ជនអន្តោប្រវេសន៍ ហើយនិងអ្នកសុំទាន ទាំងអស់ ដែលអាចជាម្តាយ បងប្អូនប្រុស ស្រីរបស់យើងទាំងអស់គ្នា។ សារអំពាវនាវរបស់សម្តេចប៉ាប ហ្វ្រង់ស័រដែលចង់ឲ្យមានការគោរពភាពថ្នៃថ្នូ និងជួយយកអាសារ កុមារ និងស្រ្តី រកស៊ីផ្លូវភេទ ធ្វើឡើងនៅក្នុងតំបន់មួយ ដែលល្បីល្បាញខ្លាំងខាងការជួញដូរមនុស្ស ហើយនិងការជួញដូរផ្លូវភេទ ដែលភាគច្រើនជាកុមារដែលរងគ្រោះខ្លាំងជាងគេ។

តាមរបាយការណ៍ឆ្នាំ ២០១៩ របស់អង្គការសហប្រជាជាតិ ៧០ភាគរយនៃជនរងគ្រោះដោយសារការជួញដូរផ្លូវភេទ មានអាយុតិចជាងអាយុស្របច្បាប់។ នៅប្រទេសថៃ ជាទីដែលពេស្យាចារជាអំពើខុសច្បាប់ គេរកឃើញមានមនុស្សជាង ៣សែននាក់ ធ្វើការនៅក្នុសេវាកម្មបម្រើផ្លូវភេទ ហើយនៅក្នុងនោះ ៤ភាគរយ គឺជាកុមារ។ នេះបើតាម តួលេខផ្តល់ដោយ អាជ្ញាធរថៃ។ នៅប្រទេសថៃ ជាទីដែលមានប្រជាជន៩៥ភាគរយ គោរពពុទ្ធសាសនា ទស្សនកិច្ចរបស់ប្រមុខសង្ឃកាតូលិក នឹងបិទបញ្ចប់នៅថ្ងៃសុក្រ ជាមួយនឹងពិធីសូត្រធម៌ក្នុងវិហារមួយ ក្នុងទីក្រុងបាងកក មុននឹងយាងធ្វើដំណើរបន្តទៅប្រទេសកាន់ពុទ្ធសាសនាដ៏ធំមួយទៀត របស់អាស៊ី គឺប្រទេសជប៉ុន នៅថ្ងៃសៅរ៍៕

website_news/2019221103.txt · Last modified: 2019/11/22 14:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki