website_news:2019230101

ជប៉ុនផ្តល់ថវិកា $២ លានដល់គម្រោងឆ្លើយតបអំពើហិង្សាលើកុមារ

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 23 January 2019 | 10:14 ICT

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលជប៉ុន និងមូលនិធិសហប្រជាជាតិដើម្បីកុមារ (Unicef) បានប្រកាសផ្សព្វផ្សាយគម្រោងបង្ការ និងឆ្លើយតបនឹងអំពើហិង្សាលើកុមារ ក្នុងប្រទេស កម្ពុជា ក្នុងការពន្លឿនចំណាត់ការ ដើម្បីបញ្ចប់រាល់គ្រប់ទម្រង់ នៃអំពើហិង្សាលើកុមារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមមួយកាលពីម្សិលមិញ។ សេចក្ដីប្រកាសរួមនេះឲ្យដឹងថាក្រោមកិច្ចគាំទ្រថវិកាពីជំនួយអភិវឌ្ឍផ្លូវការរបស់ប្រទេសជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ២ លានដុល្លារអាមេរិកគម្រោងនេះ នឹងជួយបង្កើនសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអនុវត្ដផែនការ សកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតប ចំពោះអំពើហិង្សាលើកុមារ ឆ្នាំ ២០១៧-២០២១ ពង្រីកអន្ដរាគមន៍សំខាន់ៗ សាកល្បងវិធានការច្នៃប្រឌិតថ្មីៗ និងអនុវត្ដក្របខ័ណ្ឌ INSPIRE ដែលជាកម្រងយុទ្ធសាស្ដ្រ ៧ ចំណុច ដើម្បីបញ្ចប់អំពើហិង្សាលើកុមារប្រកបដោយប្រសិទ្ធភាព។ បើតាមសេចក្ដីប្រកាសព័ត៌មាននេះកម្ពុជា មានកុមារជាងពាក់កណ្ដាលក្នុងចំណោមកុមារទាំងអស់បានទទួលរងអំពើហិង្សាយ៉ាងហោចណាស់ក្នុងមួយទម្រង់ មុនពេលពួកគេឈានដល់អាយុ ១៨ ឆ្នាំ។ សេចក្ដីប្រកាសបញ្ជាក់ថា៖ «បើទោះបីជាមានបញ្ហាធ្ងន់ធ្ងរជាច្រើន ទាក់ទងនឹងកិច្ចការពារដែលកុមារបានជួបប្រទះក៏ដោយក៏ប្រព័ន្ធកិច្ចគាំពារកុមាររបស់កម្ពុជាភាគច្រើនមិនទទួលបានមូលនិធិគាំទ្រគ្រប់គ្រាន់ឡើយ»។

លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងនៅក្នុងពិធីចុះហត្ថលេខាផ្ដល់ជំនួយនេះនៅក្រសួងពីម្សិលមិញថា ដើម្បីរួមចំណែកដល់ការសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្ដរភាព ក្រសួងសង្គមកិច្ច កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងនៅថ្នាក់ជាតិ ដើម្បីពង្រឹងប្រព័ន្ធកិច្ចការពារកុមារ។ លោកបន្ដថា៖ «ការបង្កើតឲ្យមាននូវប្រព័ន្ធកិច្ចការពារកុមារមួយដែលមានការសម្របសម្រួលទូទាំងប្រទេស ព្រមជាមួយបុគ្គលិកមានជំនាញ និងសមត្ថភាព នឹងជួយដល់កុមារដែលបានទទួលរងអំពើហិង្សាការកេងប្រវ័ញ្ចនិងការរំលោភបំពាន ឲ្យទទួលបានការថែទាំ និងកិច្ចគាំទ្រ ដែលពួកគេត្រូវការព្រមទាំងជួយបង្ការអំពើហិង្សានៅពេលអនាគត»។ លោក វង សូត លើកឡើងថា ទន្ទឹមនឹងការអភិវឌ្ឍសកលភាវូបនីយកម្ម និងបច្ចេកវិទ្យា បញ្ហាជាច្រើនបាននិងកំពុងប្រឈមសម្រាប់ប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍នោះគឺ «បញ្ហាអំពើហិង្សាលើកុមារ»។ «អំពើហិង្សាលើកុមារ គឺជាសកម្មភាពដែលមិនអាចអត់ឱនបាន ទោះនៅក្នុងរូបភាពណាក៏ដោយ ព្រោះថា អំពើហិង្សាធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍរបស់កុមារ សីលធម៌សង្គម សេចក្ដីថ្លៃថ្នូរ និងការអភិវឌ្ឍធនធានមនុស្សនាពេលអនាគត»។ បើតាមលោក វង សូតកម្ពុជាបានក្លាយជាប្រទេសឈានមុខក្នុងបណ្ដាប្រទេសអាស៊ានដែលបានធ្វើការអង្កេត សិក្សាស្រាវជ្រាវ ពីស្ថានភាពអំពើហិង្សាលើកុមារ ដែលមានលក្ខណៈវិទ្យាសាស្ដ្រ ក្នុងការកំណត់ពីទំហំ វិសាលភាព ការផ្ដល់ភ័ស្ថុតាងជាក់លាក់នៃអំពើហិង្សាលើកុមារទាំងផ្លូវភេទ ផ្លូវកាយ និងផ្លូវចិត្ដ ដែលកុមារបានជួបប្រទះនិងកំពុងប្រឈម។

លោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានទទួលស្គាល់ថាកិច្ចការពារកុមារ គឺជាវិស័យអាទិភាពមួយ។ លោកថា រដ្ឋាភិបាលជប៉ុនបានផ្ដល់ហិរញ្ញប្បទានឥតសំណងជាទឹកប្រាក់ចំនួន ២ លានដុល្លារអាមេរិក ដល់អង្គការយូនីសេហ្វ ដើម្បីគាំទ្រដល់ក្រសួងពាក់ព័ន្ធក្នុងការអនុវត្ដសកម្មភាពកិច្ចការពារកុមារ។ «ខ្ញុំជឿជាក់ថា ហិរញ្ញប្បទានឥតសំណងនេះ មានសារៈប្រយោជន៍សម្រាប់ការអភិវឌ្ឍមួយដ៏ល្អដល់ស្មារតីកុមារជាច្រើន ដែលពួកគេនឹងរួមចំណែកអភិវឌ្ឍអនាគតរបស់ប្រទេស កម្ពុជា» ។

លោកស្រី Natascha Paddison ប្រធានស្ដីទីអង្គការយូនីសេហ្វប្រចាំកម្ពុជា ថ្លែងថា គម្រោងនេះ នឹងបន្ដពង្រឹងសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យមានប្រព័ន្ធកិច្ចការពារកុមារមួយដែលដំណើរការនិងសម្របសម្រួលល្អ ដើម្បីអាចបង្ការ និងឆ្លើយតប ទៅនឹងអំពើហិង្សាលើកុមារឲ្យកាន់តែមានប្រសិទ្ធភាព។

«ជាលទ្ធផល កុមារងាយរងគ្រោះជាង ១ លាននាក់ នឹងទទួលបានកិច្ចការពារកាន់តែប្រសើរ ដើម្បីចៀសផុតពីអំពើហិង្សាតាមរយៈក្របខ័ណ្ឌស្ថាប័ន និងក្របខ័ណ្ឌច្បាប់ដែលល្អជាងមុន។ ការអនុវត្ដគម្រោងនេះប្រកបដោយជោគជ័យនោះនឹងធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសឈានមុខគេ ក្នុងតំបន់សម្រាប់ការប្រយុទ្ធប្រឆាំងដើម្បីបញ្ចប់អំពើហិង្សាលើកុមារ»៕ Contact author: វ៉ន ដារ៉ា

website_news/2019230101.txt · Last modified: 2019/01/23 13:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki