website_news:2019230401

សម្តេច ស ខេង បញ្ជាឲ្យវែកមុខ អ្នកនៅពីក្រោយ នៃអំពើជួញដូរមនុស្ស ទោះមានបុណ្យស័ក្តធំ ប៉ុនណាក៏ដោយ

https://www.dap-news.com/ ByID:115 Posted on 23 April 2019 | 10:30

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយរបាយការណ៍ ជាតិស្តីពីការងារប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សឆ្នាំ២០១៨ នៅព្រឹកថ្ងៃ ទី២៣ ខែមេសា ឆ្នាំ២០១៩នេះ បានបញ្ជាឲ្យ គ្រប់ភាគីពាក់ព័ន្ធរួមគ្នា ស្វែងរកអ្នកនៅពីក្រោយខ្នង នៃអំពើជួញដូរមនុស្សឲ្យបាន ទោះបីជាពួកគេមានបុណ្យស័ក្តធំប៉ុនណា ក៏ដោយ ត្រូវតែរកឲ្យឃើញដើម្បីយកមក ផ្តន្ទាទោសតាមផ្លូវច្បាប់។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ របាយការណ៍ជាតិ ស្តីពីការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩ នាស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម បានថ្លែងថា អំពើជួញដូរមនុស្សនៅតែមាន ដូច្នេះប្រជាពលរដ្ឋដែលត្រូវបានគេយកធ្វើជាកម្មវត្ថុនៃការជួញដូរនៅមិនទាន់ភ្ញាក់រលឹក ដោយមិនទាន់យល់ និងសហការជាមួយសមត្ថកិច្ច ។ សម្ដេចបន្តថា អាជ្ញាធរមានសមត្ថកិច្ចត្រូវបន្តរិះរកវិធានការថ្មីៗឲ្យសមស្រប និងមានប្រសិទ្ធភាពថែមទៀត ដើម្បីបង្ការ ទប់ស្កាត់ ផ្សព្វផ្សាយអប់រំ អំពើជួយដូរមនុស្សបន្ថែមទៀត ។ សម្ដេចមានប្រសាសន៍បន្តទៀតថា “ខ្ញុំគិតថា បញ្ហាគន្លឹះ គឺការរកឲ្យឃើញនូវមេខ្លោង ជួញដូរមនុស្ស ។ ការពិតហើយបញ្ហានេះ ខ្ញុំគិតថា ពិតជាមានការឃុបឃិតពីមេក្លោងនៅក្នុងប្រទេស និងមេក្លោងនៅបរទេសជាជនជាតិបរទេស។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ការទទួលបានព័ត៌មានពិត អំពីមុខសញ្ញាជួញដូរមនុស្សនេះ ជារឿងសំខាន់ណាស់ដើម្បីឈានទៅបង្រ្កាបមានប្រសិទ្ធភាព ហើយដើម្បីឈានទៅលើកវិធានការ សហប្រតិបត្តិការ ជាមួយដៃគូពាក់ព័ន្ធមានប្រសិទ្ធិភាព” ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឲ្យដឹងទៀតថា ជាពិសេសត្រូវយកចិត្តទុកដាក់នៅតាមច្រកព្រំដែនកម្ពុជា-ថៃ ក្នុងនោះ ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងដែលជាគោលដៅសំខាន់ជាងគេ ។ សម្ដេចសង្កត់ធ្ងន់ថា ជនល្មើសមិនប្រើប្រាស់ច្រកព្រំដែនអន្តរជាតិ ឬច្រកទ្វេភាគីដើម្បីនាំចេញពលករខុសច្បាប់ឡើយ។ តែជនល្មើសអាចប្រើរបៀបលួចលាក់ ដើម្បីធ្វើការជួញដូរនាំពលករចេញដោយខុសច្បាប់ចេញទៅក្រៅប្រទេស។ សម្ដេចក៏បានបញ្ជា អាជ្ញាធរច្រកព្រំដែន ជាពិសេសខេត្តបន្ទាយមានជ័យ និងបាត់ដំបងត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យឲ្យបានខ្ពស់ ចំពោះអ្នកដែលមិនមានឯកសារគ្រប់គ្រាន់ ដើម្បីទប់ស្កាត់បង្ការអ្នកឆ្លងដែនខុសច្បាប់។ សម្តេចរដ្ឋមន្រ្តីបន្តទៀតថា សម្រាប់ឆ្នាំ២០១៨ បានបង្រ្កាបចាប់ឃាត់ខ្លួននិងបញ្ជូនជនល្មើស ចំនួន២២៤នាក់ ទៅតុលាកាដើម្បីផ្ដន្ទាទោសក្នុងបេសកកម្មបង្រ្កាប បទល្មសើជួញដូរមនុស្សនិងអំពើអាជីវកម្មផ្លូវភេទ សរុបចំនួន១៣៤ករណី និងសង្រ្គោះជនរងគ្រោះចំនួន២៣០នាក់។ ក្នុងនោះមានក្មេងអាយុក្រោម១៥ឆ្នាំនិងអាយុពី១៥ឆ្នាំដល់១៨ឆ្នាំផងដែរ៕ ដោយ ធី លីថូ

website_news/2019230401.txt · Last modified: 2019/04/23 16:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki