website_news:2019230403

សម្តេចក្រឡាហោម ដាក់ផែនការ ក្នុងការងារប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស

http://www.cen.com.kh/archives/ April 23, 2019

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការងារប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩។ សម្តេចក្រទ្បាហោម ស ខេង បានថ្លែងថា ត្រូវស្វែងរកមេក្ខោងទាំងនៅក្នុងប្រទេស និងក្រៅប្រទសឱ្យបាន ដើម្បីយកមកកាត់ទោសតាមផ្លូវច្បាប់ ក្នុងគោលបំណងបង្ហាញទៅមតិសហគមន៍អន្តជាតិថារាជរដ្ឋាភិបាលពិតជាមានឆន្ទះក្នុងការបង្ក្រាបការជួញដូរមនុស្ស។ នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យត្រូវរឹតបន្តឹងច្រករបៀង ដែលជនល្មើសភាគ ច្រើននាំពលករចេញទៅក្រៅខុសច្បាប់។ ត្រូវលើកទឹកចិត្តពលរដ្ឋដែលធ្វើចំណាកស្រុក ចេញចូលតាមច្រកអន្តរជាតិ។ ត្រូវសិក្សាស្រាវជ្រាវមូលហេតុដែលពលករធ្វើចំណាកស្រុកខុសច្បាប់ ហើយពេលបញ្ជូនមកវិញ ពិការ ឬមានបញ្ហាផ្សេងៗ។

សូមជម្រាបថា នៅក្នុងឆ្នាំ២០១៨ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរកឃើញបទល្មើសថ្មី និងបានបង្ក្រាបករណីជួលពោះជំនួស ដើម្បីនាំទារកឆ្លងដែន បានចំនួន២លើក ដោយលើកទី១ ចាប់ខ្លួនជនសង្ស័យ៥នាក់ មានស្ត្រីពពោះជំនួស៣២នាក់ និងលើកទី២ ចាប់ជនសង្ស័យបាន៣នាក់ ស្ត្រីពពោះជំនួស១១នាក់។ យោងតាមរបាយការណ៍របស់ គ.ជ.ប.ជ បានបង្ហាញថា ការងារបង្ក្រាប និងសង្គ្រោះជនរងគ្រោះ នៅឆ្នាំ២០១៨កន្លងទៅ ក្រុមការងារអនុវត្តច្បាប់ បានបង្ក្រាបបទល្មើសអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន ១៣៤/១៥៩ករណី បើប្រៀបធៀបនឹងឆ្នាំ២០១៧ មានការថយចុះចំនួន២៥ករណី ស្មើនឹង១៥,៧២%។ សរុបជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងចំនួន២២៤/២០៣នាក់ ធៀបនឹងឆ្នាំ២០១៧ កើន ឡើងចំនួន២១នាក់ (ស្រី៩៨នាក់) ក្នុងនោះជនសង្ស័យជាអនីតិជន១៧នាក់ និងជនបរទេសចំនួន ៣១/២០នាក់ មាន៩សញ្ជាតិ គឺចិន១៥នាក់ អង់គ្លេស៦នាក់ វៀតណាម៣នាក់ កាណាដា០២នាក់ អូស្ត្រាលីម្នាក់ ន័រវេសម្នាក់ ហូល្លង់ម្នាក់ នូវែលហ្សេឡង់ម្នាក់ និងហ្វីលីពីនម្នាក់។

ក្នុងប្រតិបត្តិការបង្ក្រាប សមត្ថកិច្ចបានសង្គ្រោះជនរងគ្រោះ ករណីជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទសរុបចំនួន ២៣០/៣៤៥នាក់ (ធៀបនឹងឆ្នាំ២០១៧ ថយចុះចំនួន១១៥នាក់) ក្នុងនោះមានអាយុក្រោម១៥ឆ្នាំ៩២នាក់ អាយុពី១៥ឆ្នាំ-១៧ឆ្នាំ ចំនួន២៣នាក់ និងអាយុ១៨ឆ្នាំឡើង ១១៥នាក់ (បានបញ្ជូនទៅមន្ទីរសង្គមកិច្ច៩២នាក់ ទៅអង្គការដៃគូ០២នាក់ និងបញ្ជូនទៅគ្រួសារ ចំនួន១៦នាក់)។ ករណីអំពើជួញដូរមនុស្ស៖ បង្ក្រាបបាន ៣៩/៤៨ករណី (ប្រៀបធៀបនឹងឆ្នាំ២០១៧ ថយចុះចំនួន៩ករណី) ឃាត់ខ្លួនជនសង្ស័យ ចំនួន១០៥នាក់ (ស្រី៧៨នាក់) ក្នុងនោះមានអនីតិជនម្នាក់ និងជនបរទេស០៥នាក់ សញ្ជាតិចិន។ សង្គ្រោះជនរងគ្រោះ ចំនួន៦៤នាក់ អាយុក្រោម១៥ឆ្នាំ ៩នាក់ អាយុពី១៥-១៧ឆ្នាំ ១០នាក់ និងអាយុ១៨ឆ្នាំឡើង ៤៥នាក់ (ប្រគល់ឲ្យមន្ទីរសង្គមកិច្ច ចំនួន២០នាក់ អង្គការដៃគូចំនួន០២នាក់ និងទៅគ្រួសារចំនួន៤២នាក់)៕ ដោយ ៖ កូឡាប

website_news/2019230403.txt · Last modified: 2019/04/24 11:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki