website_news:2019230501

អង្គការមួយនៅថៃជួយកុមារខ្មែរឱ្យរួចផុតគ្រោះភ័យបន្ទាប់ពីឪពុកម្ដាយពួកគេចាញ់បោកថៅកែថៃ

https://www.rfa.org/khmer/ ដោយ ស្ងួន អមរា 2019-05-22

អង្គការមូលនិធិបណ្ដាញលើកកម្ពស់គុណភាពជីវិតពលករ ហៅកាត់ថា LPN ដែលមានទីស្នាក់ការនៅខេត្តសាមុទ្រសាខន (Samut Sakon) ប្រទេសថៃ បានជួយទំនុកបម្រុងផ្ដល់ការស្នាក់នៅនិងការសិក្សាដល់កុមារកម្ពុជាជាច្រើននាក់ឱ្យរួចផុតពីគ្រោះភ័យនានាដែលកើតមាននៅក្នុងប្រទេសថៃ។ការជួយជ្រោមជ្រែងនេះ ដោយសារតែឪពុកម្ដាយរបស់ពួកគេធ្វើជាពលករនៅប្រទេសថៃ ហើយចាញ់បោកថៅកែថៃបានត្រឡប់ទៅធ្វើលិខិតស្នាមនៅប្រទេសកំណើតវិញ ដើម្បីបានមកធ្វើការស្របច្បាប់ជាថ្មីទៀត។ តើមូលហេតុអ្វីបានជាកុមារទាំងនេះទៅរស់នៅជាមួយអង្គការក្នុងប្រទេសថៃដោយមិនបានចូលសាលារៀននៅស្រុកកំណើតដូចកូនអ្នកស្រុកដទៃដូច្នេះ?

កុមារាទាំង៣នាក់មានអាយុចន្លោះពី ៧ ទៅ ១៣ឆ្នាំ និងមានស្រុកកំណើតនៅខេត្តសៀមរាប។ កាលពីព្រឹកថ្ងៃទី១០ឧសភាពួកគេអង្គុយជជែកគ្នា និងដណ្ដើមរបស់គ្នាលេងជាមួយកុមារមកពីប្រទេសដទៃទៀត ហាក់បីដូចមិនមានទុក្ខកង្វល់អ្វីកើតឡើងចំពោះពួកគេឡើយ ខណៈពួកគេរស់នៅជាមួយអង្គការមូលនិធិបណ្ដាញលើកកម្ពស់គុណភាពជីវិតពលករហៅកាត់(LPN)នៅខេត្តសាមុទ្រសាខន(Samutshakon)ជាប់ទីក្រុងបាងកកប្រទេសថៃ។

កុមារា ម្នាក់ មានសម្បុរស្រអែម មាឌរាងមាំ មានស្រុកកំណើតនៅខេត្តសៀមរាប។ កុមារម្នាក់នេះមានឈ្មោះហៅក្រៅថាសុផល បានរៀបរាប់ប្រាប់អាស៊ីសេរីដោយសំឡេងរណ្ដឺនៗ ថា រូបគេទៅប្រទេសថៃជាមួយម្ដាយតាំងតែអាយុ៩ឆ្នាំមក ដោយមិនបាននៅរៀនសូត្រក្នុងស្រុកកំណើតដូចកូនអ្នកស្រុកដែលមានជីវភាពធូរធារនោះទេ។ កុមារសុផលបន្តដោយទឹកមុខស្រពោនថា ដំបូងរស់នៅជាមួយម្ដាយធ្វើជាពលករធ្វើការខុសច្បាប់ស៊ីឈ្នួលដកដំឡូងនៅខេត្តឈុនបុរី (Chunbori) ប្រទេសថៃមួយរយៈ ដោយសារថៅកែមិនបើកប្រាក់ឈ្នួលឱ្យជាច្រើនខែ ក្រោយមកក៏បានប្ដូរទៅធ្វើកម្មករចៀរជ័រកៅស៊ូនៅខេត្តរ៉ាក់យ៉ង (Rakyorng) ភាគខាងកើតទីក្រុងបាងកកវិញ។ កុមារសុផលបន្តទៀតថា នៅទីនោះថៅកែជនជាតិសន្យាថានឹងជួយធ្វើលិខិតស្នាមដើម្បីបានសិទ្ធិជាពលករស្របច្បាប់ឱ្យ ប៉ុន្តែដល់ពេលម្ដាយរបស់ខ្លួនខំប្រឹងធ្វើការអស់ជាច្រើនខែ ថៅកែបានប្រែក្រឡាស់ដោយមិនធ្វើលិខិតស្នាមឱ្យឡើយ ហើយបានប្រាប់ម្ដាយរបស់ខ្លួនថាចង់ទៅណាក៏ទៅៗ ស្រេចតែចិត្ត។ ក្រោយមកម្ដាយសុផលក៏បានប្ដូរទៅធ្វើការក្នុងរោងចក្រដូងប្រេងមួយកន្លែងនៅខេត្តរាជបុរី (Ratchabori) នៅខាងត្បូងទីក្រុងបាងកកវិញ ប៉ុន្តែធ្វើការនៅទីនេះក៏ត្រូវថៅកែធ្វើបាបទៀត ដោយម្ដាយធ្វើការអស់ជាច្រើនខែថៅកែមិនព្រមបើកប្រាក់ខែអោយទេ ហើយថែមទាំងយកកាំភ្លើងទៅភ្ជង់ម្ដាយរបស់ខ្លួនទៀតផង៖ «មានគេប្រាប់ថាថៅកែនឹងមនុស្សល្អ ហើយធ្វើការបានលុយច្រើន តែពេលមកនៅហើយគេអត់អោយលុយ គេអោយបាន១ពាន់បាតចែកគ្នា៤គ្រួសារ ហើយគេធ្វើបាបបើមិនធ្វើការយកកាំភ្លើងទៅភ្ជង់ប្រាប់ថាបើមិនចេញពីបន្ទាប់ទេគេបាញ់ ហើយគេអោយធ្វើដល់យប់ជ្រៅ។ហើយពេលយកឥវ៉ាន់ចេញទៅកន្លែងថ្មីគេថា ចាំដឹកឥវ៉ាន់អស់ហើយ ចាំអញអោយលុយ ដល់រួចហើយគេអត់អោយលុយទេ គេកុហក ហើយដល់ពេលនៅយូរៗ ទៅគេក៏កាន់តែធ្វើបាបខ្លាំងឡើងៗ»។

កុមារសុផលបន្តទៀតថា ប៉ុន្តែសំណាងល្អដោយសារកន្លែងធ្វើការមានកម្មករជនជាតិថៃធ្វើការជាមួយដែរ ពួកគេក៏បានទៅប្ដឹងប៉ូលិស ក្រោយមកមន្ត្រីអង្គការមូលនិធិបណ្ដាញលើកកម្ពស់គុណភាពជីវិតពលករហៅកាត់(LPN)ក៏បានទៅជួយនាំម្ដាយនឹងរូបគេនិងប្អូនប្រុសរបស់សុផលទៅស្នាក់ក្នុងអង្គការមួយនេះរហូតមកទល់ថ្ងៃទី១០ខែឧសភា គឺមានរយៈពេល៧ខែហើយ។កុមារសុផលថា ខ្លួននិងប្អូនប្រុសអាយុជាង៧ឆ្នាំ បានស្នាក់នៅជាមួយអង្គការនេះ ដោយបានរៀនសូត្រ ៣ ភាសា រួមមាន ភាសាថៃ អង់គ្លេស និង ភូមា ប៉ុន្តែមិនមានភាសាខ្មែរនោះទេ៖ «ខ្ញុំអត់ចិត្តដែលមិនបានទៅនៅផ្ទះខ្លួនឯងព្រោះមកធ្វើការហើយធ្វើអោយម៉ែឪលំបាករៀនអោយចេះដឹងអាងបានទៅធ្វើជួយរកប្រាក់ម៉ែខ្ញុំចិញ្ចឹមម៉ែចិញ្ចឹមគ្រួសារ។បើខ្ញុំមិនបានមករៀនទីនេះខ្ញុំអត់ចេះភាសាគេផ្សេងទេ យើងមកទីនេះយើងបានចេះច្រើនភាសា។ខ្ញុំចង់រកលុយអោយបានច្រើនដើម្បីត្រឡប់ទៅនៅផ្ទះស្រុកខ្មែរវិញ ព្រោះអីនៅផ្ទះខ្ញុំអត់មានអីស៊ីទេបាទហើយលុយក៏អត់មានដែរ ម៉ែខ្ញុំនិយាយថានៅថៃល្អជាង»។

នៅពេលអាស៊ីសេរីទៅសម្ភាសន៍គឺកុមារសុផលមិនបាននៅជាមួយឪពុកម្ដាយនោះទេ ដោយពួកគេ២នាក់បងប្អូនរស់នៅជាមួយអង្គការ LPN ដោយសុផលប្រាប់ថា ម្ដាយរបស់ខ្លួនបានចេញទៅធ្វើលិខិតឆ្លងនៅកម្ពុជាមិនទាន់ត្រឡប់មកវិញនៅឡើយ។រយៈពេល៧ខែខណៈស្នាក់នៅជាមួយអង្គការ ដោយកុមារសុផលរៀនរហូតចេះអានភាសា ថៃ អង់គ្លេស និងភាសាភូមា អាចធ្វើដំណើរតាមផ្លូវបាន ដោយមិនបាច់មានអ្នកបកប្រែនោះទេ។ ប្រធានផ្នែកកុមារនៃអង្គការមូលនិធិបណ្ដាញលើកកម្ពស់គុណភាពជីវិតពលករ អ្នកស្រី ដាវ៉ាន់ ខាន់ថង (DAWAN KHONTONG) ផ្ដល់សម្ភាសន៍ជាមួយអាស៊ីសេរីថា នៅក្នុងអង្គការរបស់អ្នកស្រីនៅខេត្តសាមុទ្រសាខន (Samut Sakon) មានកុមារខ្មែរចំនួន៣នាក់ ក្នុងនោះមានអាយុ១៣ឆ្នាំម្នាក់និង២នាក់ទៀតអាយុក្រោម ១០ឆ្នាំ ដែលម្ដាយរបស់ពួកគេត្រូវបានថៅកែថៃបង្ខំឱ្យធ្វើការច្រើនម៉ោង ដោយមិនបើកប្រាក់ខែជូនពួកគាត់។ អ្នកស្រីបន្តតាមរយៈអ្នកបកប្រែថា តាមពិតសុផលនិងប្អូនប្រុសបានចូលរៀនសាលារដ្ឋនៅក្នុងប្រទេសហើយ ប៉ុន្តែដោយសារពួកគេនៅឆ្ងាយពីសាលារៀនដែលបានចុះឈ្មោះ ដោយក៏ខាងអង្គការរបស់អ្នកស្រីជួយផ្ដល់កន្លែងស្នាក់នៅ សំលៀកបំពាក់ អាហារហូបចុក និងការអប់រំ បណ្ដោះអាសន្នមុននឹងបញ្ជូនពួកគេទៅចូលរៀនក្នុងសាលារដ្ឋវិញ។អ្នកស្រីបន្តថា ក្រោយពីផ្ដល់សម្ភារៈឱ្យពួកគេរស់នៅក្នុងមជ្ឈមណ្ឌលហើយ ខាងអង្គការផ្ដល់ការអប់រំអោយពួកគេចេះរស់នៅរួមគ្នា ព្រោះនៅក្នុងមជ្ឈមណ្ឌលមួយនេះ មានកុមារចម្រុះជាតិសាស្ត្ររស់នៅ ដូច្នេះហើយត្រូវធ្វើយ៉ាងណាបង្រៀនពួកគាត់អោយចេះរស់នៅជុំគ្នាដោយសន្តិវិធីនិងមិនមានជម្លោះកើតឡើង៖ «ដោយសារកន្លែងដែលពួកគេរស់នៅធ្វើការវាឆ្ងាយពីអង្គការ ដូច្នេះយើងបានអនុញ្ញាតអោយគាត់រស់នៅក្នុងខេត្តសាមុទ្រសាខននឹង ដោយខាងអង្គការខ្ញុំបានទៅធ្វើលិខិតផ្ទេរពីសាលាខេត្តរាជបុរីអោយមករៀននៅខេត្តសមុទ្រសាខនវិញ ដើម្បីងាយស្រួលគាត់ចូលសិក្សាធម្មតា។សម្រាប់ទំនាក់ទំនងរវាងគាត់នឹងគ្រួសារគឺគាត់នៅមានទំនាក់ទំនងល្អដូចធម្មតា ដោយម្ដាយរបស់ពួកគាត់បានទាក់ទងមកតាមហ្វេសប៊ុកញឹកញាប់»។

អ្នកស្រីបន្តថា ខាងអង្គការទទួលទំនុកបម្រុងកុមារទាំងនេះមួយរយៈទៀតរហូតដល់អាណាព្យាបាលរបស់ពួកគេត្រឡប់មកពីធ្វើលិខិតឆ្លងដែននៅឯស្រុកកំណើត ដើម្បីមកធ្វើការស្របច្បាប់វិញនៅប្រទេសថៃ ព្រោះម្ដាយរបស់ពួកគេបានប្រាប់មកខាងអង្គការអ្នកស្រីថា ពួកគេនឹងត្រឡប់មកធ្វើការវិញក្នុងពេលឆាប់ៗ ហើយខាងអង្គការនឹងបន្តជួយតាមដានការរស់នៅដើម្បីជួយដល់ពួកគេទៀតប្រសិនបើមានបញ្ហាកើតឡើង៖ «មុននឹងបញ្ជូនទៅយើងនឹងសិក្សាវាយតម្លៃជាមុនសិនថាទីកន្លែងដែលបញ្ជូនទៅនោះមានសាលារៀនអត់ ដោយគោលបំណងរបស់អង្គការគឺចង់អោយកុមារបានរៀនសូត្របន្ត ហើយខាងអង្គការក៏នៅតែមានការជួយទំនុកបម្រុងសម្ភារៈសិក្សាដូចជាសំលៀកបំពាក់ និងសម្ភារៈផ្សេងក៏យើងនៅតែជួយពួកគាត់ដដែល ដោយគោលបំណងចង់កុមារទទួលបានសិទ្ធិការថែទាំរបស់កុមារតាមច្បាប់»។ អ្នកស្រីបន្ថែមទៀតថា ពលករមួយក្រុមនេះមានគ្នាជិត២០នាក់ ក្នុងនោះមានមនុស្សពេញវ័យចំនួន៨នាក់ និងមានកុមារ៨នាក់ ប៉ុន្តែកុមារមួយចំនួនធំបានទៅស្រុកកំណើតជាមួយអាណាព្យាបាលអស់ហើយ ដោយសារពួកគេនៅតូចមិនអាចរស់នៅក្នុងមជ្ឈមណ្ឌលបានដូចកុមារទាំង៣នាក់។

អង្គការមួយនេះមានទីតាំង៣កន្លែង គឺនៅខេត្តរ៉ាក់យ៉ង(Rakyorng) ត្រាត(Trat) និងខេត្តសាមុទ្រសាខន(Samutsakon) សម្រាប់ជួយលើកកម្ពស់ជីវិតរស់នៅរបស់កុមារកម្ពុជា លាវ និង ភូមា។របាយការណ៍របស់អង្គការមូលនិធិបណ្ដាញលើកកម្ពស់គុណភាពជីវិតពលករ(LPN) អោយដឹងថា យ៉ាងហោចណាស់មានកុមារខ្មែរប្រមាណ១០០នាក់ក្នុងមួយឆ្នាំ ដែលបានទៅរស់នៅតាមឪពុកម្ដាយធ្វើការងារនៅប្រទេសថៃដែលជួបបញ្ហាផ្សេងៗក្នុងពេលបំពេញការងារ ដែលបានអង្គការមួយនេះជួយផ្ដល់ការសិក្សាដល់ពួកគេនោះ។

ទោះបីជាយ៉ាងណាកុមារសុផលថ្លែងថា រូបគេនឹងមិនត្រូវត្រឡប់ទៅស្រុកខ្មែរវិញទេ ប្រសិនបើឪពុកម្ដាយរបស់ខ្លួនមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ធ្វើដើមទុនប្រកបមុខរបរនៅស្រុកកំណើតនោះ ព្រោះនៅផ្ទះគ្មានការងារធ្វើនោះទេ ហើយម្យ៉ាងទៀតម្ដាយពួកគេបានខ្ចីប្រាក់គេទាំងដើមទាំងការសរុបជាង១០ម៉ឹនបាត(១០០,០០០)ឬស្មើជាង៣ពាន់ដុល្លារហើយ មិនទាន់រកប្រាក់សង់គេរួចនៅឡើយទេ ព្រោះធ្វើការកន្លងមកត្រូវបានថៅកែបោកគ្រប់កន្លែង ដោយសារឪពុកម្ដាយមិនមានឯកសារធ្វើការងារស្របច្បាប់៕

website_news/2019230501.txt · Last modified: 2019/05/23 13:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki