website_news:2019230503

ធ្លាប់រងការកេងប្រវ័ញ្ចញើសឈាមនៅថៃ អ្នកស្រី ទុំ ពៅ ងាកមកចិញ្ចឹមមាន់ ដាំបន្លែដើម្បីចិញ្ចឹមម្ដាយវ័យ៨០ឆ្នាំវិញ

https://thmeythmey.com/ 22, May 2019 , 9:59 pm ដោយ: ថ្មីៗ

សៀមរាប៖ អ្នកស្រី ទុំ ពៅ បានវិលត្រឡប់មកស្រុកកំណើតដាំបន្លែ និងចិញ្ចឹមមាន់ វិញ បន្ទាប់ពីស៊ីឈ្មួលដាំដំឡូង និងសណ្តែកសៀងនៅប្រទេសថៃ អស់រយៈពេល៥ឆ្នាំ។ អ្នកស្រី ទុំ ពៅ ជាស្ត្រីមេម៉ាយ និងជាកសិករដាំបន្លែសុវត្ថិភាព-ចិញ្ចឹមសត្វលក្ខណៈគ្រួសារ ដើម្បីចិញ្ចឹមម្តាយដែលមានអាយុជាង៨០ឆ្នាំ និងកូន១នាក់ រួមទាំងក្មួយកំពុងសិក្សា៤នាក់ទៀត ។ បើតាមស្ត្រីមេម៉ាយរូបនេះ របរដាំបន្លែ និងចិញ្ចឹមសត្វ បានធ្វើឲ្យអ្នកស្រីរួចផុតពីបំណុលគេ និងធ្វើឱ្យជីវភាពគ្រួសារធូរធារ មានមុខមាត់នៅក្នុងសង្គម។ រយៈពេលជាង១០ឆ្នាំហើយ ដែលអ្នកស្រី ទុំ ពៅ បានប្រកបរបរដាំបន្លៃ និងចិញ្ចឹមមាន់ នៅក្នុងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ការត្រឡប់មកប្រកបរបរកសិកម្មលើទឹកដីកំណើតខ្លួនជាថ្មីនេះ គឺកើតឡើងក្រោយភាពឈឺចាប់ ដែលអ្នកស្រី ទុំ ពៅ បានជួបការមើលងាយ និងរងការកេងប្រវ័ញ្ចប្រាក់ការងារពីជនជាតិខ្មែរគ្នាឯង នៅក្នុងទឹកដីប្រទេសថៃ កាលពីអំឡុងឆ្នាំ២០០៥។

ក្រោយចាកចេញពីទឹកដីថៃ មករស់នៅកម្ពុជាវិញនោះ អ្នកស្រី ពៅ បានសម្លឹងឃើញរបរកសិកម្ម ដែលជាក្តីសង្ឃឹមរបស់ខ្លួន ក្នុងការចិញ្ចឹមជីវិត រួមទាំងម្ដាយចាស់ជរា និងកូនក្មួយ៥នាក់ទៀតនៅក្នុងបន្ទុក។ សល់ប្រាក់បន្តិចបន្តួចពីការងារដាំដំឡូង និងសណ្ដែកសៀងនៅប្រទេសថៃ អ្នកស្រី ពៅ ក៏សម្រេចយកប្រាក់ទាំងនោះ ទៅទិញពូជស្រូវ ពូជបន្លែ ដើម្បីដាំដុះនៅលើដីជុំវិញផ្ទះប្រហែលកន្លះហិកតា។ ប៉ុន្តែការធ្វើកសិកម្មគ្រានោះ មិនអាចជួយជីវភាពគ្រួសារអ្នកស្រី ទុំ ពៅ ឱ្យបានល្អប្រសើរទេ ព្រោះអ្នកស្រីគ្មានបច្ចេទេសដាំដុះ ដោយធ្វើស្រែ-ចម្ការអាស្រ័យផលទៅលើធម្មជាតិទាំងស្រុង ពោលគឺដាំច្រើន ប៉ុន្តែបានទទួលផលតិច។ ការដាំដុះគ្មានបច្ចេកទេស ហើយទទួលបានផលតិចនេះ បានធ្វើឲ្យអ្នកស្រី ទុំ ពៅ ជួបបញ្ហាជីវភាព ដោយបានអូសបន្លាយរហូតដល់ឆ្នាំ២០១១ ទើបអ្នកស្រី ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់យកសាច់ ចិញ្ចឹមកូនមាន់ និងដាំបន្លែសុវត្ថិភាព ពីគម្រោងអភិវឌ្ឍកសិកម្មនិរន្តភាព សម្រាប់គ្រួសារកសិករក្រីក្រ របស់អង្គការGRET។ តាមរយៈការបណ្ដុះបណ្ដាលនោះ អ្នកស្រី ពៅ អាចដាំបន្លែចម្រុះមុខ ដូចជាក្រូចឆ្មារ ស្ពៃ ត្រប់ ដំឡូង ម្ទេសជាដើម ដោយទទួលផលបានច្រើនគ្រប់ខែ និងគ្រប់រដូវ រួមទាំងចិញ្ចឹមមាន់ ទទួលបានប្រាក់ចំណូលខ្ពស់ ក្រៅពីធ្វើស្រែចម្ការទៀតផង។ ស្ត្រីមេម៉ាយវ័យ៤៦ ឆ្នាំរូបនេះ បានសារព័ត៌មានThmeyThmey ដូច្នេះថា៖« ក្រៅពីចំណូលប្រចាំថ្ងៃ៤ទៅ៥ម៉ឺនរៀលពីបន្លែនៅជុំវិញផ្ទះ ខ្ញុំអាចលក់កូនមាន់បាន៣០ទៅ៤០ម៉ឺនរៀលក្នុងមួយខែៗ។ ប្រាក់ទាំងនេះ បានរ៉ាប់រងទាំងស្រុងលើការចំណាយរបស់កូនក្មួយរៀនសូត្រ, សង់ដោះបំណងគេ, ទិញថ្នាំពេទ្យ មើលជំងឺម្តាយ និងចំណាយផ្សេងៗទៀត ធ្វើឱ្យគ្រួសារ ខ្ញុំរស់នៅក្នុងជីវភាពមួយធូរធារ មានគេរាប់រកច្រើននៅក្នុងភូមិ-ស្រុក និងក្លាយជាកសិករគំរូក្នុងភូមិផងដែរ»។ បើតាមស្ត្រីមេម៉ាយរូបនេះ អ្នកស្រីអាចទទួលប្រាក់ចំណេញសុទ្ធពីមុខរបរកសិកម្មនេះ ពី៥ទៅ៦លានរៀល ក្នុងមួយឆ្នាំផងដែរ។ មែនទែនទៅ! ភាពល្អប្រសើរនៃជីវភាពគ្រួសាររបស់អ្នកស្រី ទុំ ពៅ បច្ចុប្បន្ន គឺផ្ដើមចេញពីក្តីរងទុក្ខលំបាកនៅប្រទេសថៃ រយៈពេល៥ឆ្នាំ ដោយសារការកេងប្រវ័ញ្ចញើសឈាមការងារ។

មូលហេតុដែលអ្នកស្រី ពៅ ត្រូវរងការលំបាកនៅប្រទេសថៃគ្រានោះ ដោយសារតែជីវភាពគ្រួសាររបស់អ្នកស្រី ជួបបញ្ហាបំណុលច្រើន បន្ទាប់ពីឪពុកបានទទួលមរណៈភាព ដោយសារជំងឺ។ ជំពាក់បំណុលគេជុំទិស រួមទាំងដីស្រែ-ចម្ការបញ្ចាំគេ ស្របពេលខ្លួនគ្មានការងារធ្វើ និងគ្មានប្រាក់ចំណូលប្រចាំថ្ងៃនោះ វាជាមូលហេតុដែលជំរុញឲ្យអ្នកស្រី ទុំ ពៅ ចំណាកស្រុកទៅស៊ីឈ្នួលគេនៅឯប្រទេសថៃ ដើម្បីដោះបំណុលគេអស់រយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០០០ដល់ ២០០៥។ មានសម្បុរខ្មៅស្រអែម សក់ព័ណ៌ក្រហម ស្ថិតក្នុងវ័យជាង៤០ឆ្នាំ ស្ត្រីមេម៉ាយរូបនេះ បានរៀបរាប់រឿងរ៉ាវអតីតកាលទាំងទឹកមុខស្រពោនដូច្នេះថា៖« បន្ទាប់ពីឪពុកខ្ញុំបានស្លាប់ គ្រួសារទាំងមូលបានជំពាក់ប្រាក់គេច្រើន បងៗ ក៏គ្មានលទ្ធភាពដោះស្រោយ។ ដូច្នេះខ្ញុំពីរនាក់បងស្រីធំ បានសម្រេចចិត្តទៅស៊ីឈ្មួលនៅប្រទេសថៃ ដោយទុកម្តាយនៅតែម្នាក់ឯង។ ទៅស៊ីឈ្មួលគេនៅថៃហ្នឹង ថ្ងៃខ្លះមានការងារធ្វើ…ថ្ងៃខ្លះទៀតក៏គ្មានអ្វីធ្វើ ព្រោះមេការមិនឱ្យខ្ញុំដាំ…គេឱ្យតែគ្នាគេដាំ។ ថ្ងៃណាខ្វះកម្លាំងដាំ បានមេកាខ្មែរហៅខ្ញុំទៅដាំដំឡូង។ ដាំហ្នឹងគេបាន១៥០ទៅ២០០បាត ខ្ញុំបានតែ៥០ទៅ៧០បាតប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ខ្ញុំគិតថាចំណូលតិចពេក ក៏ខ្ញុំសុំគេដាំគិតម៉ែត្រវិញ។ មួយថ្ងៃខ្ញុំប្រឹងដាំដំឡូងឱ្យបានមួយរ៉ៃ (ស្មើផ្ទៃដី៤០ម៉ែត្របួនជ្រុង) បានប្រាក់៣៥០បាត។ ខ្ញុំគិតថាប្រាក់នេះច្រើនណាស់សម្រាប់ខ្ញុំ ប៉ុន្តែជាក់ស្តែងមួយរ៉ៃបាន៥០០បាត ដែលតម្លៃថៅកែថៃកំណត់ឱ្យកម្មករទូទៅ»។ ទោះបីដឹងថា កេងយកប្រាក់លើកម្លាំង ញើសឈាមរបស់ខ្លួនក៏ដោយ ក៏អ្នកស្រី ទុំ ពៅ នៅតែប្រឹងប្រែធ្វើការងារទាំងលំបាកផ្លូវចិត្ត នៅក្នុងទឹកដីប្រទេសថៃ រហូតដល់សងបំណុលគេរួច និងសន្សំប្រាក់បានមួយចំនួនត្រឡប់មកស្រុកកំណើត ដើម្បីធ្វើស្រែចម្ការរបស់ខ្លួនវិញ រហូតទទួលបានភាពប្រសើរនៃជីវិត នាពេលបច្ចុប្បន្ននេះ៕

website_news/2019230503.txt · Last modified: 2019/05/23 14:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki