website_news:2019231202

លោក ស ខេង ប្រាប់ពលរដ្ឋកុំឲ្យចាញ់បោកមេខ្យល់អូសទាញទៅធ្វើការក្រៅប្រទេស

https://vayofm.com/ 21-12-2019

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋឈប់ចាញ់បោកមេខ្យល់ ដែលអូសទាញទៅក្រៅប្រទេសដោយមិនស្របច្បាប់តាមបណ្ដាញផ្សេងៗ។ លោកបានបញ្ជាក់ថា ប្រសិនបើមានអ្នកណាម្នាក់ ដើរឃោសនាអូសទាញបងប្អូនចំណាកស្រុក ទៅធ្វើការនៅក្រៅប្រទេស សូមរាយការណ៍ទៅសមត្ថកិច្ចបន្ទាន់ ឬសួរ នាំឲ្យបានច្បាស់ថា តើមេខ្យល់មកពីប្រភពណា? ឈ្មោះអ្វី? មានឯកសារស្របច្បាប់ឬមិនមាន ក្នុងន័យដើម្បីកុំឲ្យ ប្រជាពលរដ្ឋចាញ់បោកមេខ្យល់ ចាញ់បោកការអូសទាញពីជនខិលខូចទាំងនោះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានអះអាងថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបើឱកាសគ្រប់បែបយ៉ាង មិនថាបងប្អូនចង់ធ្វើការក្នុងស្រុក ឬទៅក្រៅប្រទេសនោះទេ គឺមានសិទ្ធសេរីភាពគ្រប់គ្រាន់ក្នុងការចេញទៅ ប៉ុន្តែត្រូវស្របច្បាប់របស់ប្រទេស ដែល អាចការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋបាន ហើយទទួលបានឱកាស និងប្រាក់ខែត្រឹមត្រូវតាមបទដ្ឋានការងាររបស់ប្រទេសនីមួយៗ។

សូមបញ្ជាក់ថា ការអំពាវនាវខាងលើនេះធ្វើឡើងនៅក្នុងឱកាសដែលលោក ស ខេង បានអញ្ជើញចូលរួម ក្នុងពិធីបុណ្យសម្ភោធឆ្លងសមិទ្ធិផលនានា នៅវត្តពោធិសត្ថារាម ហៅវត្តអណ្ដូងសាលា ស្ថិតក្នុងភូមិអណ្ដូងសាលា ឃុំព្រាល ស្រុកកញ្ចៀច ខេត្តព្រៃវែង នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៩។ យ៉ាងណាក៏ដោយការលើកឡើងរបស់លោក ស ខេង នេះដែរស្របពេលដែលឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជាក្នុងជំនួបជាមួយលោកកាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៩ បានលើកឡើងថា កម្ពុជាមានអ្នកធ្វើចំណាក ស្រុកច្រើនទៅកាន់ប្រទេសថៃ ពិសេសក្នុងវិស័យនេសាទ ដែលមួយចំនួនប្រឈមការជួញដូរមនុស្ស ប្រសិនបើគ្មាន ឯកសារគ្រប់គ្រាន់ និងការជួយជ្រោមជ្រែងសមស្របណាមួយនោះ។

website_news/2019231202.txt · Last modified: 2019/12/23 13:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki