website_news:2019231203

ដំណឹងល្អ! ខេត្តឧត្តរមានជ័យ ពង្រីកទីតាំងធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ មួយកន្លែងទៀត ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ

http://kampucheathmey.com/ 23/12/2019 8:32 Am

ខេត្តឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នឹងពង្រីកទីតាំងស្នើសុំប័ណ្ណព្រំដែន កម្ពុជា-ថៃ មួយទីតាំងបន្ថែមទៀត នៅស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលបានឲ្យកម្ពុជាថ្មីដឹងនៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩។ រដ្ឋបាលខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង២ភេទ ដែលមានទីលំនៅអចិន្ត្រៃយ៍ នៅក្នុងខេត្តឧត្តរមានជ័យអាចដាក់ពាក្យស្នើសុំធ្វើបណ្ណ័ព្រំដែន កម្ពុជា-ថៃ នៅអង្គភាពច្រកចេញចូលតែមួយ សាលាខេត្តឧត្តរមានជ័យដដែល ឬនៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ដោយភ្ជាប់មកជាមួយ៖

ទី១ ៖ ពាក្យស្នើសុំធ្វើប័ណ្ណព្រំដែន ចំនួន១ច្បាប់ ដោយមានបិទរូបថត ចុះហត្ថលេខា ឬផ្តិតស្នាមមេដៃស្តាំរបស់សាមីខ្លួន នៅលើពាក្សស្នើសុំ (ពាក្សស្នើសុំមានផ្តល់ជូននៅទីតាំងស្នើសុំផ្ទាល់)។

ទី២ ៖ រូបថតសាមីខ្លួន បច្ចុប្បន្នទំហំ៤ គុណ៦ ថតចំពីមុខគ្មានពាក់មួក និងពាក់វ៉ែនតា ចំនួន២សន្លឹក។

ទី៣ ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្រកំណើត ដែលជាច្បាប់ដើម ឬច្បាប់ចម្លងត្រឹមត្រូវតាមច្បាប់ដើម។

ទី៤ ៖ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។

រដ្ឋបាលខេត្តឧត្ដរមានជ័យ បានបញ្ជាក់ថា ចំពោះកុមារដែលមានអាយុក្រោម១៥ឆ្នាំ ត្រូវមានសំណើសុំ ឬការអនុញ្ញាតជាលាយលក្ខណ៍អក្សរ ពីឪពុកម្តាយឫអាណាព្យាបាល។ ដោយឡែកចំពោះកុមារ ក្រោមអាយុ១២ឆ្នាំ អាចដាក់បញ្ចូលជាមួយប័ណ្ណព្រំដែនឪពុកម្តាយ ឬអាណាព្យាបាល ដោយភ្ជាប់មកជាមួយ នូវឯកសារពាក់ព័ន្ធផ្សេៗផងដែរ៕

website_news/2019231203.txt · Last modified: 2019/12/23 13:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki