website_news:2019240103

កំពូលស៊ើបឡើងវិញ ករណីស្រី្តនាំក្មេងស្រីគឲ្យគេរំលោភសេពសន្ថវៈ

https://www.postkhmer.com/ គឹម សារុំ | Publication date 24 January 2019 | 09:46 ICT

ភ្នំពេញៈ តុលាការកំពូលពីម្សិលមិញបានប្រកាសសាលដីកាសំណុំរឿងស្ត្រីជាប់ចោទម្នាក់ដោយសម្រេចស៊ើបអង្កេតឡើងវិញ (ចាត់របៀប) បន្ទាប់ពីជំនុំជម្រះអសាធារណៈកាលពីថ្ងៃទី ៩ មករា ពាក់ព័ន្ធនឹងការនាំក្មេងស្រី (គ) មិនគ្រប់អាយុម្នាក់ឲ្យបុរសម្នាក់រំលោភសេពសន្ថវៈប្រព្រឹត្តក្នុងឆ្នាំ ២០១៣ នៅរាជធានីភ្នំពេញ។ នៅក្នុងបន្ទប់សវនាការពីម្សិលមិញ លោកចៅក្រម សឹង បញ្ញាវុឌ្ឍ បានអានសាលដីកាចំពោះមុខស្ត្រីជាប់ចោទនិងកំបាំងមុខក្មេងស្រីរងគ្រោះថា ក្រោយពីបានស្តាប់ការសន្និដ្ឋានរបស់តំណាងមហាអយ្យការនិងស្តាប់ការសន្និដ្ឋានរបស់មេធាវីការពារសិទ្ធិឲ្យជនជាប់ចោទនិងក្រោយស្តាប់ចម្លើយរបស់ក្មេងស្រីរងគ្រោះនិងស្ត្រីជាប់ចោទពេលសវនាការមក ក្រុមប្រឹក្សាជំនុំជម្រះយល់ឃើញថា៖ «សំណុំរឿងនេះហាក់មិនទាន់មានភ័ស្តុតាងឲ្យបានច្បាស់លាស់ទាក់ទងនឹងស្ត្រីជាប់ចោទទេ។ដូច្នេះតុលាការកំពូលសម្រេចចាត់របៀបសំណុំរឿងនេះឡើងវិញ»។

បន្ទាប់ពីប្រកាសសាលដីកានេះ ស្ត្រីជាប់ចោទ ឈ្មោះ អែម សុភា អាយុ ៥៤ ឆ្នាំ មិនអាចសុំអត្ថាធិប្បាយបានទេ ប៉ុន្តែកាលពីថ្ងៃបើកសវនាការជំនុំជម្រះអសាធារណៈនាថ្ងៃទី ៩ មករាឆ្នាំ ២០១៩ ស្ត្រីជាប់ចោទបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ដំបូងឡើយគាត់មានកូនស្រីម្នាក់ជាមនុស្សគរៀននៅសាលាគថ្លង់ជាមួយក្មេងស្រីរងគ្រោះ (ស.គ) អាយុ ១៤ ឆ្នាំ ក្នុងខណ្ឌច្បារអំពៅ។ ស្ត្រីជាប់ចោទបន្តថាពេលចូលរៀននោះកូនរបស់គាត់និងក្មេងរងគ្រោះជាពួកម៉ាកគ្នាហើយក្មេងរងគ្រោះឧស្សាហ៍ទៅលេងផ្ទះគាត់នៅចាក់អង្រែក្រោម។នៅថ្ងៃមួយក្មេងរងគ្រោះបានស្នាក់នៅផ្ទះគាត់ ១ យប់ដោយគាត់ឲ្យនាងដេកជាមួយកូនស្រីគាត់ហើយមិនបានប៉ះពាល់អ្វីដល់ក្មេងរងគ្រោះទេ។ ប៉ុន្តែ ២ ខែក្រោយមកមានអង្គការមួយឈ្មោះក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជាបានប្តឹងទៅសមត្ថកិច្ចឲ្យចាប់ខ្លួនគាត់តែម្តង។ សំណុំរឿងនេះ បើតាមស្ត្រីជាប់ចោទប្រាប់ភ្នំពេញប៉ុស្តិ៍ពេលបើកសវនាការថាគាត់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសកាលពីខែកុម្ភៈ ឆ្នាំ ២០១៤ ដាក់ពន្ធនាគារ ១៥ ឆ្នាំចោទពីបទលក់ដូរមនុស្សដោយមានគោលបំណងនិងរំលោភសេពសន្ថវៈតាមមាត្រា ១៥ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងធ្វើអាជីវកម្មផ្លូវភេទ។ ស្ត្រីជាប់ចោទ បានប្រាប់ថា៖ «តាមពាក្យបណ្តឹងថា គេហែកដៃ ហែកជើងនាងរំលោភ ប៉ុន្តែតាមពិតគ្មានទេ។ ព្រោះពេលបើកសវនាការនៅសាលាដំបូងរាជធានីភ្នំពេញមានសាក្សីចូលបំភ្លឺ រីឯលិខិតកោសល្យវិច័យវិញមានស្នាមកោសលុបផង ខ្ញុំពិតជាមិនបានធ្វើអ្វីលើក្មេងស្រីម្នាក់នេះទេ…»។

កាលពីម្សិលមិញភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងទៅអង្គការក្តីសង្ឃឹមនៃកុមារកម្ពុជាបានទេ ប៉ុន្តែកាលពីខែកុម្ភៈឆ្នាំ ២០១៤ លោក សុខ ផល្លា នាយកប្រតិបត្តិនៃអង្គការនេះធ្លាប់បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថាជនរងគ្រោះរូបនេះគឺជាក្មេងកំព្រាដែលមានផ្ទុកមេរោគអេដស៍តាំងពីកំណើត ដោយឪពុកម្តាយនាងបានស្លាប់ដោយសារជំងឺអេដស៍នៅខេត្តកោះកុងតាំងពីនាងអាយុ ៥ ខែ។កាលពីឆ្នាំ ២០០៧ ក្មេងស្រីរងគ្រោះត្រូវបានអង្គការក្តីសង្ឃឹមថ្មីយកទៅចិញ្ចឹមក្នុងមណ្ឌលក្តីសង្ឃឹមថ្មីនៅខេត្តកំពង់ស្ពឺហើយក្រោយមកត្រូវបានបញ្ជូនមកស្នាក់ក្នុងមណ្ឌលក្តីសង្ឃឹមថ្មីនៅក្រុងតាខ្មៅខេត្តកណ្តាលដើម្បីងាយស្រួលធ្វើដំណើរទៅសិក្សាភាសាគថ្លង់ជាមួយនឹងកុមារគ-ថ្លង់ ជាច្រើនរូបទៀតក្នុងសង្កាត់ ច្បារអំពៅ ខណ្ឌមានជ័យ។ លោក សុខ ផល្លា ធ្លាប់បានបញ្ជាក់ថា៖ «នៅថ្ងៃទី១៥ ខែ មិថុនាឆ្នាំ ២០១៣ (ស្រីគ) បានបាត់ខ្លួនពីមណ្ឌលដោយមិនដឹងដំណឹងអ្វីទាំងអស់ធ្វើឲ្យខ្ញុំនិងបុគ្គលទាំងអស់ព្រួយបារម្ភនិងបានចែកគ្នាដើរតាមរកនាង។ លុះដល់ថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០១៣ ទើបនាងវិលត្រឡប់ មកកាន់មណ្ឌលវិញដោយមានអាការស្លេកស្លាំងនិងមានស្នាមដំបៅនៅត្រង់កដៃនិងជើង»។ លោក ផល្លា បន្ថែមថា បន្ទាប់ពីការសាកសួរ «ស្រីគ» បានឲ្យដឹងថានាងត្រូវបានស្ត្រីជាប់ចោទឈ្មោះ អែម សុភា ចាប់ចងដៃចងជើងនៅក្នុងផ្ទះរបស់គាត់ហើយបាននាំយកទៅឲ្យរួមភេទជាមួយបុរសចំណាស់ម្នាក់ដែលជាដៃគូលេងល្បែងរបស់គាត់នៅប៊ុលឌីងកាលពីថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០១៣។បន្ទាប់ពីការរួមភេទរួចស្ត្រីជាប់ចោទអែមសុភា បានប្រគល់លុយឲ្យនាងគត្រឹមតែ ២ ពាន់រៀលប៉ុណ្ណោះ។ លោកសុខ ផល្លា បានបញ្ជាក់ទៀតថា៖ «យោងតាមការធ្វើកោសល្យវិច័យពីសំណាក់គ្រូពេទ្យជំនាញទៅលើប្រដាប់ភេទរបស់ក្មេងស្រីរងគ្រោះឃើញថា ប្រដាប់ភេទរបស់នាងមានស្នាមរបួសដែលបណ្តាលមកពីការរំលោភសេពសន្ថវៈ»។

ករណីនេះ អង្គការក្តីសង្ឃឹមថ្មីក្នុងនាមជាអាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះបានប្តឹងទាមទារជំងឺចិត្តពីស្ត្រីជាប់ចោទចំនួន ២០ លានរៀល និងសុំឲ្យតុលាការផ្តន្តាទោសស្ត្រីជាប់ចោទឲ្យបានធ្ងន់ធ្ងរទៅតាមផ្លូវច្បាប់៕

website_news/2019240103.txt · Last modified: 2019/01/24 14:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki