website_news:2019240401

សម្ដេច ស ខេង បញ្ជាឲ្យមន្ត្រីរកមូលហេតុ ដែលពលករខ្មែរពិការភាព ពេលត្រឡប់ពីធ្វើការក្រៅប្រទេសវិញ

https://thmeythmey.com/ 24, Apr 2019 , 6:29 am ដោយ: ថ្មីៗ

ភ្នំពេញ៖ ពលករខ្មែរខុសច្បាប់មួយចំនួន ទទួលរងពិការភាព នៅពេលដែលពួកគេ ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ។ វាជារឿងដែលមន្ត្រីមានសមត្ថកិច្ច ត្រូវសិក្សាស្រាវជ្រាវដោះស្រាយលើបញ្ហានេះ។ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩ នាថ្ងៃទី២៣ មេសា។ សម្ដេច ស ខេង ចាត់ទុកបញ្ហាពលកររងគ្រោះនេះ ជារឿងសំខាន់មួយ ដែលមន្ត្រីពាក់ព័ន្ធទាំងអស់ មិនត្រូវឈរឱបដៃមើលនោះទេ ពោលគឺត្រូវរកវិធីដោះស្រាយបញ្ហានេះ ដើម្បីរកភាពយុត្តិធម៌ដល់ពលករខ្មែរ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ដូច្នេះថា៖«(ពលករ)ពេលដែលទៅ(ចំណាកស្រុក)នោះ ទោះបីជាទៅខុសច្បាប់ ឬមិនដឹងថាទៅរបៀបម៉េច មិនទាន់ជាមនុស្សពិការទេ។ ប៉ុន្តែពេលបញ្ចូនមកវិញ តាមច្រកហ្នឹងវាទៅជាមនុស្សពិការ ។ នេះជាបញ្ហាមួយ ដែលយើងមានការសោកស្ដាយ និងឈឺចាប់ណាស់។ ពេលគាត់ទៅ គាត់ជាមនុស្សមានកាយសម្បទាគ្រប់គ្រាន់ ដៃជើង អាចមានកម្លាំងធ្វើការបាន តែពេលត្រឡប់មកវិញ បាក់ដៃម្ខាង បាក់ជើងម្ខាង ខ្វាក់ភ្នែកម្ខាង និងខ្វះភ្នែកទាំងពីរ។ នេះជាសោកនាដកម្មមួយ ដែលយើងមិនអាចឈរមើលបានទេ»។

ដើម្បីដោះស្រាយបញ្ហានេះ សម្ដេច ស ខេង បញ្ជាឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវចេញមុខស្រាវជ្រាវរកមូលហេតុ និងដោះស្រាយជាមួយអាជ្ញាធរក្នុងប្រទេសនីមួយៗ ដែលបញ្ជូនពលករខ្មែររងគ្រោះ ដូចការរៀបរាប់ខាងលើឲ្យខាងតែបាន។ បើតាមសម្ដេច ស ខេង ការយកចិត្តទុកដាក់ដោះស្រាយលើបញ្ហាពលករខ្មែរ រងគ្រោះដោយពិការភាពនេះ វាក៏ជារឿងមួយល្អ សម្រាប់រដ្ឋាភិបាល ដើម្បីបញ្ចៀសការចោទប្រកាន់ ឬថ្មបាក់ទម្លាក់មកលើការដឹកនាំរបស់ខ្លួនផងដែរ។

កាលពីឆ្នាំ២០១៨កន្លងមក រដ្ឋាភិបាល បានជួយសង្គ្រោះពលករខ្មែររងគ្រោះជាង៨ពាន់នាក់ ពីបណ្ដាប្រទេសនានា ។ក្នុងនោះពួកគេរងគ្រោះ ដោយសារអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ និងការកេងប្រវ័ញ្ចកម្លាំងពលករជាដើម។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ៕

website_news/2019240401.txt · Last modified: 2019/04/24 13:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki