website_news:2019240402

សម្ដេច ស ខេង បញ្ជាឲ្យរឹតបន្តឹងច្រកព្រំដែនខេត្តបាត់ដំបង និងបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ការជួញដូរមនុស្

https://thmeythmey.com/ 23, Apr 2019 , 9:39 pm ដោយ: ធឿន បញ្ញាឬទិ្ធ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បញ្ជាឲ្យសមត្ថកិច្ចរឹតបន្តឹងច្រកព្រំដែនខេត្តបាត់ដំបង និងបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស។ ការបញ្ជារបស់សម្ដេច ស ខេង ធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩ នាថ្ងៃទី២៣ មេសានេះ។ សម្ដេច ស ខេង បានកត់សម្គាល់ឃើញថា ច្រកចេញ-ចូលជាប់ព្រំដែនថៃ ទាំងពីរខាងលើនេះ គឺជាមុខសញ្ញាជួញដូរមនុស្ស យកទៅបម្រើការងារខុសច្បាប់ក្នុងប្រទេសថៃយ៉ាងសកម្ម ដែលទាមទារឲ្យអាជ្ញាធរយកចិត្តទុកដាក់ទប់ស្កាត់លើបញ្ហានេះ។ ដោយមិននិយាយពីការជួញដូរមនុស្សទៅប្រទេសឆ្ងាយៗនោះ សម្ដេច ស ខេង បានសង្កត់ធ្ងន់ថា តាមរយៈច្រកព្រំដែនទាំងពីរនេះ ភាគច្រើនជនល្មើសធ្វើសកម្មភាពជួញដូរមនុស្សតាមច្រករបៀងតូចៗ ឆ្លងចូលប្រទេសថៃ។ បន្ថែមពីនេះសម្ដេច ស ខេង ក៏បានបញ្ជាឲ្យសមត្ថកិច្ចស្រាវជ្រាវរកមេខ្លោង រួមទាំងអ្នកពាក់ព័ន្ធករណីជួញដូរមនុស្ស ទាំងក្នុងស្រុក និងក្រៅស្រុកទៀតផង។ បើតាមប្រមុខក្រសួងមហាផ្ទៃ ជនល្មើសដែលជួញដូរមនុស្សនោះ ភាគច្រើននាំពលករខុសច្បាប់ យកទៅបម្រើការងារក្នុងប្រទេសថៃ ដោយគ្មានឯកសារត្រឹមត្រូវឡើយ។

website_news/2019240402.txt · Last modified: 2019/04/24 13:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki