website_news:2019240403

លោក ស ខេង ឲ្យប៉ូលិសតាមរកមេជួញដូរមនុស្សទាំងក្នុង និងក្រៅប្រទេស

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 24 April 2019 | 10:31 ICT

ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានអះអាងកាលពីម្សិលមិញថា កម្លាំងនគរបាលត្រូវតែស្វែងរកមេខ្លោងជួញដូរមនុស្សទាំងក្នុង និងក្រៅប្រទេសឲ្យបានមកកាត់ទោសតាមច្បាប់រាល់សកម្មភាពជួញដូរមនុស្ស ដោយគ្មានការលើកលែងជាដាច់ខាត។ លោក ស ខេង បញ្ជាក់ថា៖ «ខ្ញុំគិតថា បញ្ហាគន្លឹះ គឺការរកឱ្យឃើញមេខ្លោងក្នុងការជួញដូរមនុស្ស។ បញ្ហានេះ ខ្ញុំគិតថា ពិតជាមានការឃុបឃិតពីមេខ្លោងនៅក្នុងប្រទេស និងមេខ្លោងនៅបរទេស ជាជនជាតិបរទេស។ ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ ការទទួលបានព័ត៌មានពិត អំពីមុខសញ្ញាជួញដូរនេះ វាជារឿងសំខាន់ណាស់ ដើម្បីឈានទៅបង្រ្កាបមានប្រសិទ្ធភាព ហើយដើម្បីឈានទៅលើកវិធានការសហប្រតិបត្ដិការជាមួយដៃគូពាក់ព័ន្ធមានប្រសិទ្ធភាព»។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីសកម្មភាព និងលទ្ធផលនៃការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកាលពីម្សិលមិញនៅទីស្ដីការក្រសួងមហាផ្ទៃ លោក ស ខេង បានឲ្យដឹងថានៅឆ្នាំ ២០១៨ ជនល្មើសនៅតែបន្ដធ្វើសកម្មភាពយ៉ាងខ្លាំងក្លា តាមគ្រប់រូបភាពក្នុងការកេងប្រវ័ញ្ច ការជួញដូរមនុស្ស ប៉ុន្ដែតាមការវាយតម្លៃសកម្មភាព និងលទ្ធផលការងារ បង្ការ ទប់ស្កាត់ និងប្រឆាំងអំពើជួញដូរមនុស្ស របស់រាជធានី និងបណ្ដាខេត្ដទាំងអស់ បានរកឃើញ និងបំផ្លាញជាបន្ដបន្ទាប់ ដែលអាចឆ្លើយតបទៅនឹងបញ្ហានេះ។ លោក ស ខេង បានថ្លែងថា៖ «បន្ដការបើកសវនាការកាត់ទោស ផ្ដន្ទាទោសដល់ជនល្មើសបន្ថែមទៀត។ ទោះបីយើងបានធ្វើប៉ុណ្ណឹង ប៉ុន្ដែនៅសេសសល់ទៀត។ យើងធ្វើនេះ ដើម្បីបង្ហាញឲ្យមតិជាតិ និងអន្តរជាតិឃើញថា កម្ពុជាមានឆន្ទៈពិតប្រាកដក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ទោះបីនៅមានអំពើជួញដូរមនុស្សខ្លះមែន ប៉ុន្ដែរាជរដ្ឋាភិបាលមានឆន្ទៈពិតប្រាកដ។ បើសិនមិនបានយកចិត្តទុកដាក់គ្រាន់តែបង្ក្រាប គ្រាន់តែឃុំខ្លួន ហើយមិនបើកសវនាការផ្ដន្ទាទោស ហាក់បីដូចជាមិនមានឆន្ទៈពិតប្រាកដទេ»។

លោក ស ខេង បានថ្លែងថា៖ «ខ្ញុំសូមដាស់តឿនដល់បណ្ដាខេត្ដដែលមិនទាន់មានចំណាត់ការល្អឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដោយត្រូវយកចិត្ដទុកដាក់ បង្កើតស្នាដៃលេចធ្លោតាមវិស័យនីមួយៗឱ្យបានកាន់តែច្រើន»។លោកបានលើកឡើងថា ឆ្នាំ ២០១៩ នេះ រាជរដ្ឋាភិបាលកម្ពុជានៅតែមានជំហរដាច់ខាត ក្នុងការពង្រឹងភាពម្ចាស់ការក្នុងការប្រឆាំងអំពើជួញដូរមនុស្ស ដោយបង្កើនការទប់ស្កាត់ និងបង្ក្រាបឱ្យកាន់តែខ្លាំងក្លាថែមទៀត មិនអនុញ្ញាតឱ្យជនល្មើសមានឱកាសពង្រីកសកម្មភាព បង្កការរងគ្រោះដល់ប្រជាពលរដ្ឋ ដោយមិនបានឆ្លើយតបនោះឡើយ ទោះបីជាជនល្មើសមានល្បិចកលកាន់តែខ្ពស់។ លោក ស ខេង ថ្លែងថា៖ «តែកម្លាំងសមត្ថកិច្ចរបស់យើង នៅតែត្រូវស្រាវជ្រាវរកបទល្មើស និងបង្ក្រាបតទៅទៀត ព្រមទាំងស៊ើបអង្កេតរកបទល្មើសថ្មីៗ បន្ថែមទៀតជាបន្ដបន្ទាប់ទាំងក្នុងប្រទេស ក៏ដូចជាក្រៅប្រទេស ដោយសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ចដែលមានការពាក់ព័ន្ធ»។ លោក ស ខេង បានអះអាងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ គជបជ បានប្ដេជ្ញាចិត្ដ ពង្រឹងការផ្សព្វផ្សាយ និងអនុវត្ដអនុស្សរណៈ កិច្ចព្រមព្រៀងទ្វេភាគី ពហុភាគី ក៏ដូចជាអនុសញ្ញាអាស៊ាន និងកតិកាសញ្ញាពិភពលោក ដែលកម្ពុជាបានចុះហត្ថលេខា និងចូលរួមអនុម័តដើម្បីរួមចំណែកការពារសុវត្ថិភាព និងភាពស្របច្បាប់នៃជនទេសន្តរប្រវេសន៍និងការពារពួកគេពីអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចគ្រប់រូបភាព ដូច្នេះត្រូវយកចិត្ដទុកដាក់នៅតាមបណ្ដាច្រក ព្រំដែនកម្ពុជាថៃ ក្នុងនោះខេត្ដបន្ទាយមានជ័យ និងបាត់ដំបងជាខេត្ដគោលដៅសំខាន់ជាងគេ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្រ្ដៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គជបជ) បានបង្ហាញ របាយការណ៍ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថា ការងារបង្ក្រាប និងសង្គ្រោះជនរងគ្រោះ នៅឆ្នាំ២០១៨ក្រុមការងារអនុវត្តច្បាប់ បានបង្ក្រាបបទល្មើសអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុបបាន ១៣៤ ករណី បើប្រៀបធៀប ១៥៩ ករណីនៅឆ្នាំ ២០១៧ មានការថយចុះចំនួន ២៥ ករណី ស្មើនឹង ១៥,៧២%។ ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការចំនួន ២២៤ នាក់ក្នុងឆ្នាំ ២០១៨ ក្នុងនោះមានទាំងស្ត្រីនិងអនីតិជន បើធៀបនឹងឆ្នាំ ២០១៧ មានតែ ២០៣ នាក់ រួមទាំងបរទេសសរុប ៥១ នាក់មានច្រើនជាតិសាសន៍។ ក្នុងប្រតិបត្តិការបង្ក្រាប ២ ឆ្នាំនេះសមត្ថកិច្ចបានសង្គ្រោះជនរង គ្រោះសរុបចំនួន ៥៧៥ នាក់ក្នុងនោះមានអាយុក្រោម ១៥ ឆ្នាំនិង ១៧ ឆ្នាំឡើង។ លោកស្រី ជូ ប៊ុនអេង បានឱ្យដឹងថា៖ «ឆ្នាំ ២០១៨ បទល្មើសជួញដូរមនុស្ស ត្រូវបានបង្ការ ទប់ស្កាត់ បង្គ្រាប និងផ្ដន្ទាទោសជាបន្តបន្ទាប់ លទ្ធផលនៃការអនុវត្ដការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលសម្រេចរួមមាន ការពង្រឹងច្បាប់ គោលនយោបាយ និងកិច្ចសហប្រតិបត្ដិការ បន្ដការពង្រឹងការអនុវត្ដច្បាប់គោលនយោបាយដែលមានស្រាប់ ការលើកកម្ពស់ការយល់ដឹងដោយមានប្រជាពលរដ្ឋចូលរួមជាង ៥ លាននាក់»។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកបានថ្លែងដោយនៅតែមានការព្រួយបារម្ភ ចំពោះអ្នកអនុវត្ដច្បាប់មិនបានអនុវត្ដឱ្យអស់ពីសមត្ថភាពដែលនាំឱ្យមេខ្លោងមានឱកាសរួចខ្លួនបាន។លោក ស៊ឹង សែនករុណា ថ្លែងថា៖ «យើងឃើញសមត្ថកិច្ចមានការចាប់ខ្លួន មានការអនុវត្ដច្បាប់កន្លងមកនេះបានច្រើនហើយ ក៏ប៉ុន្ដែវិធីសាស្រ្ដដែលត្រូវទៅរកចាប់ខ្លួនមេខ្លោងទាំងអស់នោះ ខ្ញុំគិតថា ដូចជាមិនពិបាកទេ។ អ្នកពាក់ព័ន្ធដែលបានចាប់នោះ យើងគួរតែរកប្រភពព័ត៌មានពីអ្នកទាំងអស់នោះ។ ហេតុអ្វីបានយើងរកមេខ្លោងដែលពាក់ព័ន្ធរឿងនេះមិនបាន»៕

website_news/2019240403.txt · Last modified: 2019/04/24 13:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki