website_news:2019240601

កម្ពុជាច្រានចោលការចាត់ចំណាត់ថ្នាក់របស់អាមេរិក រឿងជួញដូរមនុស្ស

https://www.postkhmer.com/ ឡុង គីមម៉ារីតា | Publication date 24 June 2019 | 08:15 ICT

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់កម្ពុជា បានបញ្ចេញប្រតិកម្ម ទៅនឹងរបាយការណ៍របស់សហរដ្ឋអាមេរិកដែលបន្តដាក់ចំណាត់ថ្នាក់កម្ពុជា ក្នុងស្ថានភាពអាក្រក់នៃការមិនលុបបំបាត់អំពើជួញដូរមនុស្សដោយមិនបានបំពេញ និងមិនបានតាំងចិត្តខ្ពស់ក្នុងការលុបបំបាត់ជាអ្វីដែលក្រុមមន្ត្រីកម្ពុជាបានច្រានចោលដោយថា កម្ពុជាមានការខិតខំប្រឹងប្រែង និងមានការប្តេជ្ញាខ្ពស់ណាស់ ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។

លោក យឹម វិរៈ អ្នកនាំពាក្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ថ្លែងថា រហូតមកដល់ថ្ងៃអាទិត្យម្សិលមិញ កម្ពុជា មិនទាន់ទទួលបានរបាយការណ៍របស់អាមេរិក ដែលលើកឡើងពីបញ្ហាការជួញដូរមនុស្សនៅកម្ពុជាជាផ្លូវការនោះទេ បន្ទាប់ពីសហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍នេះ កាលពីថ្ងៃសុក្រ។ ទោះយ៉ាងណា លោក វិរៈ មិនបានច្រានចោលទាំងស្រុង ចំពោះរបាយការណ៍នេះទេ ដោយលោកគ្រាន់តែថ្លែងថា វាហាក់មានភាពលម្អៀង ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនក្នុងការទប់ស្កាត់ ការជួញដូរមនុស្ស ប៉ុន្តែបែរជាត្រូវបានចាត់ចំណាត់ថ្នាក់អាក្រក់បែបនេះទៅវិញ។ លោកបញ្ជាក់ថា៖ «ការវាយតម្លៃរបស់សហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ គឺផ្អែកលើគោលការណ៍បទដ្ឋានអប្បបរមានៃការវាយតម្លៃរបស់គេ។ ប៉ុន្តែជាសិទ្ធិសេរីភាពក្នុងការពិនិត្យឃើញជ្រុងណាមួយដូចដែលរដ្ឋាភិបាល របស់យើងមិនទាន់មានការខិតខំប្រឹងប្រែងនោះយើងមិនទាន់ដឹងមានការជាក់លាក់នៅឡើយទេ»។ លោកបន្តថា៖ «ការខិតខំប្រឹងប្រែងរបស់យើងមានកាប្តេជ្ញាខ្ពស់ណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សដោយសារតែអំពើជួញដូរ គឺជាការរំលោភសិទ្ធិដ៏ធ្ងន់ធ្ងររបស់បុគ្គល ដែលយើងត្រូវតែការពារដាច់ខាត។ អ្វីដែលជាការព្រួយបារម្ភ គឺការវាយតម្លៃនេះ គឺចូលជាង ១០ ឆ្នាំហើយ ដែលកម្ពុជាធ្លាប់ទទួលបាន TIER 2 watch list ហ្នឹង ក្នុងរយៈពេល ២ ឆ្នាំ ជាប់គ្នាក៏មានដែរ ហើយក្រោយមកយើងខិតខំប្រឹងប្រែង គេដាក់មក TIER 2 វិញដែលទើបតែឆ្នាំនេះយើងវិលមក TIER 2 watch list វិញ។ ការខិតខំរបស់យើងបានច្រើនណាស់គាត់មិនបានមើលឃើញទេ ទៅជារឿងរ៉ាវដែលគាត់គិតថាយើងមិនបានធ្វើ ហើយរបាយការណ៍វាទៅបញ្ច្រាស់គ្នានឹងការខិតខំរបស់យើងទៅវិញ»។

កាលពីថ្ងៃសុក្រ អាមេរិកបានចេញផ្សាយរបាយការណ៍មួយ ស្ដីពីការជួញដូរមនុស្សក្នុងពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជា និងប្រទេសនៅតំបន់អាស៊ានចំនួន ៤ ផ្សេងទៀតមាន ប្រ៊ុយណេ ឡាវ ម៉ាឡេស៊ី និងវៀតណាម ស្ថិតនៅចំណាត់ថ្នាក់ប្រទេសដែលមិនបានបំពញបទដ្ឋានគ្រប់គ្រាន់ ក្នុងការលុបបំបាត់ការជួញដូរមនុស្ស។ របាយការណ៍នោះបង្ហាញថា ចំណាត់ថ្នាក់កម្ពុជានៅឆ្នាំនេះ បានបន្តធ្លាក់ចុះមួយកម្រិតទៀតពោលគឺកាលពីឆ្នាំ ២០១៨ មានចំណាត់ថ្នាក់លេខ ២ ហើយធ្លាក់មកនៅចំណាត់ ថ្នាក់ លេខ ២ កន្លះដែលកៀកនឹងចំណាត់ថ្នាក់លេខ ៣ ដែលត្រូវបានគេចាត់ទុកជាប្រទេសមានស្ថានភាពអាក្រក់បំផុតក្នុងអំពើជួញដូរមនុស្ស។ តាមរបាយការណ៍របស់អាមេរិកបានលើកឡើងថា ដើមចមដែលកម្ពុជាធ្លាក់ក្នុងចំណាត់ថ្នាក់នេះក៏ព្រោះតែអាជ្ញាធរកម្ពុជា មិនបានបង្កើនសកម្មភាពរបស់ខ្លួន ឲ្យខ្លាំងក្លាជាងមុននោះទេ ក្នុងការលុបបំបាត់អំពើជួញដូរមនុស្ស ខណៈដែលបញ្ហាអំពើពុករលួយ និងការ ស៊ើបអង្កេតពីការជួញដូរមនុស្សគ្មានតម្លាភាព។ បន្ថែមពីនេះ រដ្ឋាភិបាលកម្ពុជាក៏បានប្រើប្រាស់ច្បាប់ទាំងបំពានប្រឆាំងទៅនឹងគណបក្សប្រឆាំង និងអ្នកមួយចំនួន ដែលហ៊ានបង្ហាញរូបភាពផ្សេងៗជុំវិញស្ថានភាពនៃការជួញដូរមនុស្សនៅក្នុងប្រទេសផងដែរ។ របាយការណ៍ថា៖ «រដ្ឋាភិបាលកម្ពុជា មិនអាចបំពេញតាមបទដ្ឋានអប្បបរមាសម្រាប់ឈានដល់ការលុបបំបាត់ការជួញដូរមនុស្សនោះទេរដ្ឋាភិបាលកម្ពុជា មិនបានបង្ហាញការកើនឡើង នៃការខិតខំប្រឹងប្រែង បើប្រៀបធៀបនឹងរយៈពេលការធ្វើរបាយការណ៍មុន។ អាជ្ញាធរមិនបានប្រមូលឬចែករំលែកព័ត៌មានសំខាន់ៗ អំពីកិច្ចប្រឹងប្រែងអនុវត្តច្បាប់ឲ្យបានគ្រប់គ្រាន់នៅឡើយទេ ហើយអំពើពុករលួយនៅតែបន្តរារាំងប្រតិបត្តិការអនុវត្តច្បាប់ដំណើរការនីតិវិធីព្រហ្មទណ្ឌ និងការផ្តល់សេវាជូនជនរងគ្រោះ»។ របាយការណ៍ដដែល ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលមិនបានស៊ើបអង្កេតពីភាពជឿជាក់បាននៃបទល្មើសទាក់ទងនឹងការឈ្មួញជួញដូរធំៗ ដែលបណ្ដាលឲ្យបុរស ស្ត្រី និងកុមាររាប់ពាន់នាក់នៅទូទាំងប្រទេស ក្លាយជាជនរងគ្រោះ នៃការជួញដូរតាមរយៈបំណុល ជាពិសេសក្នុងវិស័យឡឥដ្ឋ។

ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងកាលពីម្សិលមិញថា កម្ពុជាមិនខ្វល់នឹងការដាក់ចំណាត់ថ្នាក់ក្នុងកម្រិតណារបស់អាមេរិកពេលនេះនោះទេ ព្រោះកន្លងមក កម្ពុជាបានចូលរួមសកម្មភាពជាច្រើន ដូចជាការរៀបចំច្បាប់ និងយន្តការគ្រប់ជាន់ថ្នាក់ ដើម្បីឆ្លើយតប និងប្រយុទ្ធប្រឆាំង នឹងអំពើជួញដូរមនុស្ស។ ជាមួយគ្នានេះលោក ស៊ីផាន ក៏អះអាងដែរថា កម្ពុជាធ្វើសកម្មភាពទាំងនេះ ក៏មិនមែនឆ្លើយតប ឬដើម្បីទទួលបានការសរសើរពីសហរដ្ឋអាមេរិកនោះដែរព្រោះសកម្មភាពរបស់កម្ពុជា គឺធ្វើឡើងដើម្បីឆ្លើយតបនឹងអំពើអមនុស្សធម៌ទាំងនេះដែលក្នុងនាមជារដ្ឋាភិបាលកម្ពុជា ត្រូវតែចាត់វិធានការ។ លោកបញ្ជាក់ថា៖ «អាហ្នឹងគឺជាការវាយតម្លៃរបស់គេប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនសូវជាយកចិត្តទុកដាក់ចំពោះការវាយតម្លៃ ចំណាត់ថ្នាក់យ៉ាងម៉េចយ៉ាងម៉ារបស់អាមេរិកនោះទេ យើងមិនបានធ្វើការងារនេះដើម្បីបំពេញចិត្តសហរដ្ឋអាមេរិកនោះទេ។ ក៏ប៉ុន្តែជាក្រមសីលធម៌ និងវប្បធម៌របស់កម្ពុជា គឺយើងបានប្តេជ្ញាប្រឆាំងនឹងអំពើជួញដូរនេះ»។

លោកស្រី មាស សាអ៊ីម អនុប្រធានផ្នែកស្ត្រី និងកុមារនៃសមាគមអាដហុក ដែលធ្វើការពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងចំណាកស្រុក បានថ្លែងថា រដ្ឋាភិបាល បានខិតខំទប់ស្កាត់បញ្ហានេះហើយ ប៉ុន្តែគ្រាន់តែអ្វីដែលពួកគាត់បានធ្វើគឺហាក់មិនចំគោលដៅ និងមិនបានឆ្លើយតបទៅនឹងទិដ្ឋភាពជាក់ស្តែងក្នុងសង្គមកម្ពុជាតែប៉ុណ្ណោះ។ លោកស្រីបញ្ជាក់ថា៖ «បើគាត់មានឆន្ទៈក្នុងការដោះស្រាយ ហេតុអ្វីមេខ្យល់ធំ (ជួញដូរមនុស្ស) មិនត្រូវបានចាប់ខ្លួន បែរជាចាប់បានតែមេខ្យល់តូចៗ ដែលពេលខ្លះជាជនរងគ្រោះផង។ ខ្ញុំអាចនិយាយថា មន្ត្រីរដ្ឋាភិបាលមួយចំនួនធំ គាត់មានការប្រឹងប្រែងប៉ុន្តែការប្រឹងប្រែងមួយចំនួននោះមិនចំគោលដៅ និងឆ្លើយតបទៅនឹងការស្វែងរកយុត្តិធម៌របស់ជនរងគ្រោះនឹងការជួញដូរនោះទេ»។

របាយការណ៍របស់អាមេរិក ក៏បានផ្តល់អនុសាសន៍មួយចំនួន ដោយជំរុញឲ្យកម្ពុជា អនុវត្តឲ្យបានដោយការបង្កើតភ្នាក់ងារស៊ើបអង្កេតសម្ងាត់ និងមន្ត្រីតាមមើលដំណើរការតុលាការ កំណត់មុខសញ្ញាជនងាយរងគ្រោះ ដោយការកែសម្រួលច្បាប់ដើម្បីឲ្យមានការសងជំងឺចិត្តដល់ជនរងគ្រោះ បង្កើនការយល់ដឹងជាសាធារណៈពីការធ្វើចំណាក ស្រុក និងពង្រឹងការត្រួតពិនិត្យលើភ្នាក់ងារជ្រើសរើសពលករ។ ជាពិសេសនោះរដ្ឋាភិបាល ត្រូវបង្កើនការស្ដារនីតិសម្បទាដល់ជនរងគ្រោះ និងត្រួតពិនិត្យលើស្ថាប័នផ្ដល់ប្រាក់កម្ចីឯកជន ដើម្បីកាត់បន្ថយភាពងាយរងគ្រោះនៃបំណុលដែលជាដើមហេតុក្នុងការលើកទឹកចិត្តដល់ជនរងគ្រោះឲ្យធ្វើចំណាកស្រុក ទាំងនៅក្នុង និងទៅក្រៅប្រទេស ដែលអនុសាសន៍ទាំងនេះត្រូវបាន លោក យឹម វិរៈ អះអាងថា កម្ពុជានឹងពិនិត្យមើលឡើងវិញ៕

website_news/2019240601.txt · Last modified: 2019/06/24 13:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki