website_news:2019240602

នគរបាលការពារព្រំដែនកម្ពុជា-ថៃ ពង្រឹងកិច្ចសហប្រតិបត្តិការចូលរួមទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 24/06/2019

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលប៉ុស្ថិ៍ស្វាយព្រៃនៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ និងកម្លាំងទាហានឈុតខ្មៅនៃកងអនុសេនាធំ១២.០៤ ជួរមុខកម្ពុជា-ថៃ ឈរជើងក្នុងភូមិសាស្ត្រឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឈមនិងឃុំផាន់សឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទសថៃ បានជួបប្រជុំក្នុងទឹកដីថៃ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីពង្រឹងការទំនាក់ កិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់។ គ្រាដែលមានសេចក្តីរាយការណ៍ឱ្យដឹងថា កន្លងមកបទល្មើសឆ្លងដែនខុសច្បាប់មួយចំនួនបានកើតឡើងជាបន្តបន្ទាប់ទាមទារឱ្យកម្លាំង ជួរមុខរវាងកម្ពុជា-ថៃ ត្រូវតែរួមគ្នាមានវិធានការទប់ស្កាត់បទល្មើសទាំងនោះ។ កងកម្លាំងជួរមុខកម្ពុជា-ថៃដោយភាគីទាំង២បានប្រជុំពិភាក្សាផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែនរួមមានៈ បទល្មើសជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ បទល្មើសនាំពលករឆ្លងដែនខុសច្បាប់ បទល្មើសនាំទំនិញគ្រប់ប្រភេទគេចពន្ធខុសច្បាប់ បទល្មើសចោរកម្មឆ្លងដែនខុសច្បាប់ និងបទល្មើសឆ្លងដែនមួយចំនួនទៀតផងដែរ។

កិច្ចប្រជុំនោះកងកម្លាំងជូរមុខកម្ពុជា-ថៃធ្វើឡើងនៅចំណុចប៉ុស្ថិ៍ព្រំដែន(អ១៣) ភូមិផាន់សឹក ឃុំផាន់សឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ដោយភាគីកម្ពុជាដឹកនាំដោយនាយប៉ុស្ថិ៍ព្រំដែនស្វាយព្រៃលោកវរសេនីយ៍ត្រី អឿម ប៊ុនធឿន នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ ចំណែកភាគីថៃដឹកនាំដោយមេបញ្ជាការរងកងអនុសេនាធំ ១២.០៤ លោកអនុសេនីយ៍ត្រី សង្ក្រាន ធូខាំនី។ នាយប៉ុស្ថិ៍ព្រំដែនស្វាយព្រៃលោកវរសេនីយ៍ត្រី អឿម ប៊ុនធឿន នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានប្រាប់ឱ្យដឹងថា កិច្ចប្រជុំរវាងកងកម្លាំងជួរមុខកម្ពុជា-ថៃ ក៏បានលើកឡើងផ្តល់ព័ត៌មានគ្នាទៅវិញទៅមកជុំវិញនៃកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ និងកើតមានបញ្ហាមិនប្រក្រតីតាមបន្ទាត់ព្រំដែនភាគីទាំង២ក៏ត្រូវជូនដំណឹងគ្នាទៅវិញទៅមកផងដែរ ដើម្បីរួមគ្នាដោះស្រាយតាមនីតិវិធី អនុវត្តលើស្មារតីយោគយល់គ្នាដោយ បញ្ចៀសបញ្ហាប្រឈមតានតឹងដាក់គ្នាដោយអាវុធ ប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ នាយប៉ុស្ថិ៍ព្រំដែនស្វាយព្រៃលោកវរសេនីយ៍ត្រី អឿម ប៊ុនធឿន នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ប្រាប់ឱ្យដឹងទៀតថា ក្នុងកិច្ចប្រជុំនោះផងដែរ លោក ក៏បានសំណូមពរទៅភាគីថៃក្នុងករណីពលករខ្មែរលួចឆ្លងដែនខុសច្បាប់ដោយប្រការណាមួយសូមឱ្យភាគីថៃយោគយល់ដល់ពលករខ្មែរដោយចាប់អនុវត្តតាមច្បាប់អន្តោប្រវេសន៍ប្រទេសថៃ ចៀសវាងការប្រើអំពើហឹង្សា រឺបាញ់សម្លាប់ជាដើម។ លោកនាយប៉ុស្ថិ៍ព្រំដែនស្វាយព្រៃនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ក៏បានបញ្ជាក់ឱ្យដឹងទៀតថា កិច្ចប្រជុំរវាងភាគីទាំង២ បានធ្វើឡើងក្នុងបរិយាកាសស្និតស្នាល សាមគ្គឺភាព មិត្តភាពរឹងមាំ៕

website_news/2019240602.txt · Last modified: 2019/06/24 13:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki