website_news:2019241002

សម្តេច ស ខេង៖ បទល្មើសជួញដូរមនុស្ស-ផ្លូវភេទ នឹងកាន់តែពិបាកទប់ស្កាត់ ដោយសារកត្តាទាំងនេះ

http://kleykley.sabay.com.kh/ ថ្ងៃនេះ 24-10-2019 ម៉ោង 10:53

សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា ឆ្នាំ២០១៩ និងឆ្នាំបន្តទៅទៀត អំពើជួញដូរមនុស្ស ជួញដូរផ្លូវភេទ និងអំពើកេងប្រវ័ញ្ចលើកម្លាំងពលកម្ម នៅតែកើតមានក្រោមរូបភាពថ្មីៗ និងស្មុគស្មាញ ដែលនាំឱ្យមានការលំបាកទប់ស្កាត់។ ការថ្លែងខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ (២០១៩-២០២៣) ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។

សម្តេចក្រឡាហោម លើកឡើងថា របៀបនៃការប្រព្រឹត្តបទល្មើស មានការប្រែប្រួលទៅតាមស្ថានភាពសេដ្ឋកិច្ច និងសង្គម របស់ប្រទេសពាក់ព័ន្ធក្នុងពិភពលោក និងប្រកបដោយបច្ចេកវិទ្យាកាកន់តែទំនើប កាន់តែអាថ៌កំបាំង គួបផ្សំនឹងមនោគមន៍វិជ្ជា និងការគ្រប់គ្រងចិត្តសាស្រ្តលើជនរងគ្រោះ។ កត្តាទាំងនេះ ធ្វើឱ្យការស៊ើបអង្កេត និងបង្ក្រាប កាន់តែលំបាកឡើង ដែលឱ្យមានភាពប្រឈមថ្មីៗ ក្នុងការរៀបចំយុទ្ធសាស្រ្ត យុទ្ធវិធី និងសកម្មភាព ដើម្បីឆ្លើយតបទៅនឹងបញ្ហាទាំងនោះ ឱ្យមានប្រសិទ្ធភាព។

សម្តេច ស ខេង ក៏បានគូសបញ្ជាក់ដែរថា ផែនការយុទ្ធសាស្រ្តជាតិប្រឆាំងអំពើជួញដូរមនុស្ស ៥ឆ្នាំ ពីឆ្នាំ២០១៩-២០២៣ មានគោលដៅបន្តលើកកម្ពស់រាល់កិច្ចខិតខំប្រឹងប្រែងក្នុសង្គម និងរិះរកវិធានការ និងវិធីសាស្រ្តថ្មីៗដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់រាល់ទម្រង់ចាស់ថ្មីនៃអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្ម ពលកម្មលើមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ដែលកើតមាននៅក្នុងប្រទេសកម្ពុជា និងទៅលើប្រជាជនកម្ពុជា ទោះជានៅទីណាក៏ដោយ៕ អត្ថបទ៖ សំភី

website_news/2019241002.txt · Last modified: 2019/10/24 15:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki