website_news:2019241004

សំណុំរឿងស្ត្រីខ្មែរ៣៣នាក់ ពពោះជំនួស តុលាការបញ្ឈប់សវនាការ ដោយសារជនជាប់ចោទ៣នាក់អត់មានមេធាវី

http://kampucheathmey.com/ មករា 24/10/2019 11:58 Am

ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ បានបើកសវនាការលើសំណុំរឿងចាក់មេជីវិតចូលទៅក្នុងផ្ទៃស្ត្រីខ្មែរ ដើម្បីឲ្យពពោះជំនួសជនជាតិចិនដែលចង់បានកូន។ ជនជាប់ចោទទាំង១០នាក់ដែលតុលាការលើកយកមកកាត់ទោសនេះ មានចំនួន៥នាក់ ស្ថិតនៅក្នុងការឃុំឃាំងរបស់តុលាការ។ ចំណែក៥នាក់ទៀតនៅក្រៅឃុំ ( ដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ )។ ក្នុងថ្ងៃសវនាការនេះ ជនជាប់ចោទ៥នាក់ ដែលនៅក្រៅឃុំមានតែ២នាក់ប៉ុណ្ណោះដែលបានមកចូលរួម មានឈ្មោះ ញ៉ន ស្រីមឿន អាយុ២៦ឆ្នាំ និង ឈ្មោះ សិទ្ធ ស្រីមុំ អាយុ៣៣ឆ្នាំ។

ចំណែកជនជាប់ចោទដែលតុលាការឃុំខ្លួន ៖

ទី១/ឈ្មោះ Tiu Qiang ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១៩៦៩ ជាមេការ។

ទី២/ឈ្មោះ ស្វាយ ស៊ីណុច ហៅ សី ភេទស្រី ជនជាតិខ្មែរ អាយុ៣៤ឆ្នាំ ជាមេការ។

ទី៣/ឈ្មោះ នឿន ស្រីឡាង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរជាមេការ។

ទី៤/ឈ្មោះ លឹម សុភាព ហៅស្ដើង ភេទស្រី អាយុ១៩ឆ្នាំ ជាអ្នកបកប្រែ។

ទី៥/ឈ្មោះ ថៃ ភាព ភេទស្រី អាយុ៤៣ឆ្នាំ ជាមេការ។

បុរសជនជាតិចិន និងនារីខ្មែរទាំង៥នាក់ ត្រូវបានជាប់ចោទក្នុងការប្រព្រឹត្តបទល្មើសលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន តាមមាត្រា១៦ នៃច្បាប់ ស្ដីពីការបង្ក្រាបការជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើផ្លូវភេទ និងបទអន្តរការីរវាងអ្នកសុំកូន និងស្ត្រីពពោះជំនួស មាត្រា៣៣២ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា នៅពេលតុលាការចាប់ផ្ដើមសវនាការ ក្នុងចំណោមជនជាប់ចោទទាំងអស់ គឺមានជនជាប់ចោទចំនួន៣នាក់ អត់មានមេធាវីការពារផ្លូវច្បាប់ឲ្យ។ យោងតាមច្បាប់ក្រមនីតិវិធីព្រហ្មទណ្ឌ ក្នុងករណីបទល្មើសជាបទឧក្រិដ្ឋ ហើយជនជាប់ចោទពុំមានមេធាវីការពារ នោះតុលាការចាត់តាំងមេធាវីឲ្យជនជាប់ចោទ ឬត្រូវបញ្ឈប់សវនាការដើម្បីឲ្យជនជាប់ចោទរកមេធាវីការពារក្ដីជាមុនសិន។ ដូច្នេះ ក្នុង សំណុំរឿងក្ដីនេះ តុលាការ បានផ្អាកសវនាការដើម្បីឲ្យជនជាប់ចោទរកមេធាវីការពារក្ដី និងលើកពេលសវនាការទៅ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។ សូមរំលឹកថា ការឃាត់ខ្លួនជនជាប់ចោទទាំង៥នាក់ខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ចំណុចផ្ទះវិឡាលេខ២A ផ្លូវ៣៤៨ និង ផ្ទះវិឡាលេខ៩A ផ្លូវ៣៤៨ ស្ថិតនៅក្នុងបុរី វិមានភ្នំពេញ តាមបណ្ដោយផ្លូវលេខ៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ប្រតិបត្តិការនេះ មានការសម្របសម្រួលពី លោក គុជ គីមឡុង ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំមន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជនរាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ ផ្ទះទី១ ផ្ទះផ្ទះលេខ២A ផ្លូវ៣៤៨ ឃាត់ខ្លួនមនុស្សបានចំនួន២៥នាក់ ប្រុស២នាក់ ដែលបុរសម្នាក់ ឈ្មោះ LlU QlANG ភេទប្រុស អាយុ៤៩ឆ្នាំ (ជនជាតិចិន) និង រថយន្ត១គ្រឿងម៉ាក់ស្តារិច ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ២A -៦៨៨៣ ម៉ូតូហុងដា today ពណ៌ខ្មៅ ១គ្រឿង និងផ្ទះទី២ ផ្ទះលេខ៩A ផ្លូវ៣៤៨ ឃាត់ខ្លួនបានមនុស្សចំនួន១៨នាក់ រួមទាំងក្មេង២នាក់ និងរថយន្ត១គ្រឿង ម៉ាកLexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2C-8863។ ថែមទាំងដកហូតឯកសារមួយចំនួនរួមមាន លិខិតឆ្លងដែនមួយចំនួន និងឯកសារពាក់ព័ន្ធនឹងឱសថការពារទារកមួយចំនួនធំ។

តាមចម្លើយនារីពពោះជំនួសទាំង៣៣នាក់ គឺក្នុងកូន១ ដែលពួកគាត់ពពោះជំនួសនេះទទួលបានប្រាក់កម្រៃចំនួន១ម៉ឺនដុល្លារ គិតចាប់ពីខែដំបូងឲ្យចំនួន៥០០ដុល្លារ ខែបន្ទាប់៣០០ដុល្លារ រហូតដល់កើត ទើបទទួលបានចំនួន៦០០០ដុល្លារបន្ថែមទៀត។

ចំពោះការថែទាំគភ៌ ការប្រសូត គឺជាបន្ទុករបស់ក្រុមហ៊ុន។ លក្ខណៈពិសេស នៃការពពោះជំនួសក្នុងករណីនេះ គឺពេលជិតដល់ត្រូវឆ្លងទន្លេ ប្រសូត គឺ ក្រុមហ៊ុនបញ្ជូនស្ត្រីពពោះទៅប្រទេសចិនសម្រាលកូនរួចទើបបញ្ជូនមកស្រុកខ្មែរវិញ ហើយប្រគល់លុយបង្គ្រប់១ម៉ឺនដុល្លារ។ ឥឡូវនេះ ស្ត្រីពពោះជំនួសទាំង៣៣នាក់ ត្រូវបញ្ជូនឲ្យមន្ទីរសង្គមកិច្ចរាជធានីគ្រប់គ្រងបណ្ដោះអាសន្ន រង់ចាំសម្រេចពីតុលាការ។ ចំណែកមេការក្រុមហ៊ុនទាំង៥នាក់ ត្រូវបានបញ្ជូនឡើងតុលាការឃុំខ្លួនតាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃកាត់ទោសនេះ៕

website_news/2019241004.txt · Last modified: 2019/10/24 15:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki