website_news:2019250102

រដ្ឋមន្ត្រីក្រសួងការងារ៖ បច្ចុប្បន្នកម្ពុជាមានគ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធប្រមាណ៦០ម៉ឺន

https://kmnnews.com/kmnnews/ ចេញផ្សាយ ថ្ងៃទី 25 ខែ មករា ឆ្នាំ 2019

កំពត៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កម្ពុជាបានសម្រេចនូវសមិទ្ធផលដ៏ធំធេងក្នុងការពង្រឹងសន្តិភាព ស្ថិរភាព ដោយបង្កលក្ខណៈងាយស្រួលដល់ការធ្វើវនិយោគ ដែលរហូតដល់បច្ចុប្បន្ននេះកម្ពុជា មានគ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធចំនួនប្រមាណជាង៦០ម៉ឺន ដែលបង្កើតការងារដល់ប្រជាពលរដ្ឋរាប់លាននាក់ ។ លោករដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន បាន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងកម្មករ កម្មការិនី ប្រមាណ១១,៧៣៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅរោងចក្រស្បែកជើងពូ-ចិន(POU CHEN Cambodia CO., LTD) ដែលស្ថិតនៅក្នុងភូមិកណ្ដាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។ លោករដ្ឋមន្ត្រីបានថ្លែងបន្តថា គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួនសរុបជិត ១ម៉ឺន ៣ពាន់ កើនឡើង ៨ភាគរយ និងមានកម្មករ និយោជិតសរុប ១លាន ៥សែននាក់ កើនជាង ២១ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ។ កម្មករ និយោជិតទាំងអស់នេះ រកប្រាក់ឈ្នួលជាមធ្យមជាង ៤ពាន់ ៨រយលានដុល្លារអាមេរិក ក្នុងនោះវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង មានកម្មករ និយោជិតជាង ៨សែន ៤ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ២ពាន់ ៨រយលានដុល្លារក្នុងមួយឆ្នាំ ។

ដោយឡែកសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបមានចំនួនជិត ៦សែន មានកម្មករជាង ២លាន ៤សែន វិស័យកសិកម្មជាង ៤លាននាក់, ពលករធ្វើការនៅក្រៅប្រទេសមានប្រមាណ ១លាន ២សែននាក់ និងមន្ត្រីសាធារណៈមានចំនួនជាង ៥សែននាក់ ។ លោករដ្ឋមន្ត្រីបញ្ជាក់ថា ការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត របសប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរក្សានូវកំណើនសេដ្ឋកិច្ចជាង៧% ជារៀងរាល់ឆ្នាំ និងបង្កើតការងារជូនកម្មករ និយោជិត អត្រាមានការងារធ្វើ ៩៩,៣% នៃកម្លាំងពលកម្ម សរុបប្រមាណជិត ១០លាននាក់ ៕

website_news/2019250102.txt · Last modified: 2019/01/25 15:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki